គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​អ្នកនយោបាយ​គ្រប់រូប​មាន​សិទ្ធិ​ប្រកួតប្រជែង និង​ចុះ​មូលដ្ឋាន​ដូចគ្នា

ក្នុងពេលដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​គំរាម​ចាប់ខ្លួន​នោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​នៅ​ចុង​សប្តាហ៍​នេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឃើញ​អ្នកនយោបាយ​គ្រប់រូប​មកពី​គ្រប់​គណបក្សនយោបាយ​ទាំងអស់​មាន​សិទ្ធិ​ប្រកួត​ត​ប្រជែង និង​អាច​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​បាន​ដូចៗ​គ្នា​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃនេះ​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​នោះទេ តែ​វា​ក៏បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បរិយាកាស​នយោបាយ​ស​ព្វ​ថ្ងៃនេះ​បានធ្វើ​ឲ្យ​អ្នកនយោបាយ​មាន​សិទ្ធិ​មិន​ស្មើគ្នា ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​បាន​ដោយ​រលូន ព្រោះ​មានការ​បំភិតបំភ័យ​តាម​រូបភាព​ផ្សេងៗ​។​

​ចំពោះមុខ​ស្ថានភាព​នយោបាយ​កំពុងមាន​ភាព​តានតឹង​សព្វថ្ងៃ លោក អេង ឆៃអ៊ាង​បាន​ពន្យល់ថា កើតឡើង​ដោយសារតែ​អ្នកកាន់អំណាច​សព្វថ្ងៃ​ប្រើប្រាស់​អំណាចតុលាការ​គាបសង្កត់ និង​រារាំង​ដល់​អ្នកតំណាងរាស្ត្រ និង​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ហា​នេះ​បង្ហាញ​ពី​ភាពមិន​យុត្តិធម៌ ព្រោះ​សកម្មជន​សិទ្ធិមនុស្ស អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​នយោបាយ​ផ្សេងទៀត ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​យាយី​ចោទប្រកាន់ និង​ចាប់ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងៗ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា បើ​រដ្ឋាភិបាល​ចង់​ឲ្យ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​នៅពេល​ខាងមុខ​អាច​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ មានការ​ទទួលស្គាល់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា គប្បី​ផ្តល់ឱកាស​ឲ្យ​មាន​ការចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​បញ្ហា​ចំពោះមុខ​។ ទន្ទឹមនឹងនេះ​ត្រូវ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​សកម្មជន​នយោបាយ និង​មន្ត្រី​សិទ្ធិមនុស្ស ហើយ​បញ្ហា​ទាំងនេះ​រដ្ឋាភិបាល​មិនចាំបាច់​ចាត់ទុកថា​ជា​ភារកិច្ច​របស់​តុលាការ​នោះទេ ព្រោះ​មជ្ឈដ្ឋាន​ទូទៅ​ដឹង​ច្បាស់​ពី​ប្រព័ន្ធតុលាការ​កម្ពុជា​ដែល​គ្មាន​ភាព​ឯករាជ្យ​៕

10888829_828327970565286_4143904974187686356_n