នាយកវិទ្យុ RFI បង្ហោះសារតប សម រង្ស៊ី ជាខេមរភាសា

បន្ទាប់ពីបានបង្ហោះសារ ជាភាសាបារាំង តបទៅនឹងប្រតិកម្មរបស់លោក សម រង្ស៊ី ជុំវិញការចេញផ្សាយ​អត្ថបទ ដ៏​ប្រទាំង​ប្រទើស​​របស់​វិទ្យុបារាំងអន្តរជាតិនោះរួច លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយក​គ្រប់​គ្រង​​វិទ្យុ​​បរទេស​​មួយ​​នេះ បាន​ត្រឡប់​មក​បង្ហោះ​សារ​នេះ​ជា​ថ្មីទៀត នៅលើគណនីហ្វេសប៊ុក​របស់​លោក តែ​លើក​នេះ លោក​​បាន​​បក​ប្រែ​ជា​ខេម​រភាសា អម​ដោយ​ការ​ពន្យល់​បន្ថែម​បន្ថយ​នោះ​ផង។ សម្រាប់​អ្នក​វិភាគវិញ បានយល់​ឃើញថា លោក ហ្សង់ហ្វ្រង់ស៊័រ កំពុង​ដើរ​ទៅ​ឆ្ងាយ ពី​អ្វី​ដែល​ហៅ​ថា ជាការ​ឆ្លើយតប​នោះ​ហើយ។
នាយកវិទ្យុ RFI បង្ហោះសារតប សម រង្ស៊ី ជាខេមរភាសា

ពីឆ្វេងមកស្ដាំ៖ លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ និងរូបភាពផ្តិតពីអេក្រង់ របស់​គេហទំព័រវិទ្យុ ត្រង់អត្ថបទដែលរងការចោទប្រកាន់។ (រូបថតហ្វេសប៊ុក)

នៅមិនទាន់ចប់នៅឡើយ ការឆ្លើយតបទៅលោក សម រង្ស៊ី ជុំវិញប្រតិកម្ម​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទៅនឹងការចេញផ្សាយ ដ៏ប្រទាំងប្រទើសមួយ របស់វិទ្យុបារាំងអន្តរជាតិ ដែលមានចំណងជើងថា «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។ នៅ​លើក​នេះ លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយជា​ខេមរភាសា បានបង្ហោះការឆ្លើយតប របស់លោកជាលើកទីពីរ ដោយបានបកប្រែសារនោះ ជាខេមរភាសា និង​អម​បន្ថែម​​ដោយការពន្យល់ខ្លះនោះទៀត។

កាលពីល្ងាចម្សិលម៉ិញ លោកនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ បានបង្ហោះសារនេះ​ជាភាសាបារាំង​ម្ដង​ហើយ ដើម្បីជាការឆ្លើយតបភ្លាមៗ ទៅនឹងប្រតិកម្មរបស់លោក សម រង្ស៊ី ដែលលោកបានសរសេរ ជា​លក្ខណៈ​ដាក់​«មតិ​យោបល់» នៅខាងក្រោមវីដេអូមួយ ស្ដីពីកិច្ចពិភាក្សារបស់លោក ជាមួយក្រុមសមាជិកសភាអ៊ឺរ៉ុប (កាល​ពី​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៦)។

» ដើម្បីយល់រឿង សូមអាន៖ ផ្ទុះ​សង្គ្រាម​សំដី​រវាង សម រង្ស៊ី និង​នាយក​គ្រប់​គ្រង​វិទ្យុ​បារាំង RFI

ទស្សនាវដ្ដីសូមដកស្រង់ យកការបង្ហោះរបស់លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ ជាលើកទីពីរនេះ មកចុះផ្សាយ​ជូន​ទាំងស្រុង ដូចខាងក្រោម (និងពន្លេចជាអក្សរពណ៌ក្រហម នូវការពន្យល់ ដែលទើបនឹង​ត្រូវ​បាន​ដាក់​បន្ថែម ក្នុង​ថ្ងៃ​នេះ)៖

«១) កាលពីប៉ុន្មានថ្ងៃមុននេះសោះ (ដូចមានឯកសារភ្ជាប់មកខាងក្រោម) លោកដូចជាមានមោទនភាព និង​ទឹកចិត្តសប្បាយរីករាយពេកក្រៃ ក្នុងការផ្សព្វផ្សាយបន្ត នៅលើទំព័រ "Facebook" របស់លោក នូវ​ព័ត៌មាន​របស់​វិទ្យុបារាំង "RFI" ព័ត៌មានដែលថ្ងៃនេះ លោកបែរជាថាមិនត្រឹមត្រូវ និងច្រានចោលវិញ។ ខ្ញុំយល់ណាស់ ដ្បិត​មែនទែនទៅ កាលពីប៉ុន្មានថ្ងៃមុន លោកចង់ផ្សព្វផ្សាយ ឲ្យមហាជនខ្មែរដឹងថា លោកបានបញ្ចុះបញ្ចូល​សភា​អឺរ៉ុប ឲ្សសម្រេចចិត្តដាក់សម្ពាធសេដ្ឋកិច្ច លើរាជរដ្ឋាភិបាល​ខ្មែរ។ ផ្ទុយទៅវិញថ្ងៃនេះ លោកចង់បិទ​បាំង​ព័ត៌មាន​នេះវិញ ពីព្រោះវាពោរពេញទៅដោយ សង្គ្រាមប៉ាកកា។

២) លោកបានវាយតម្លៃ (ខ្ញុំសង្ខេបអត្ថន័យ) ថា វិទ្យុបារាំងRFI ខ្វះស្មារតីវិជ្ជាជីវ: និយាយខុសតាមគេ មិន​បាន​ស្តាប់ពាក្យសំដីដើម និងពាក្យសំដីពិតរបស់លោក។ បើអុីចឹងមែន ហេតុអ្វីបានជាលោកយកព័ត៌មានហ្នឹង របស់​វិទ្យុបារាំងដែល"ខ្វះស្មារតី វិជ្ជាជីវ:" ទៅផ្សព្វផ្សាយបន្តលើទំព័រ "Facebook" របស់លោក (ដាក់​ជា​ចំណង​ជើង​ទី១ទៀតផង) ជូនដល់សកម្មជន​នៃគណបក្សរបស់លោក?មានតែមូលហេតុម្យ៉ាងគត់ នោះគឺខុស​ផ្ទុយ​ពី​សំដីរបស់លោក ចិត្តរបស់លោកទទួលស្គាល់ថា អ្វីដែល "RFI" បានផ្សាយជុំវិញបេសកកម្មរបស់លោក នៅ​សភា​អឺរ៉ុប​គឺជាការពិត ការពិតដែលក្នុងពេលនេះ លោកចង់ក្រឡៃថាមិនពិតវិញ ដោយហេតុតែប្រតិកម្ម ដែល​បាន​និង​កំពុង​បន្តប្រព្រឹត្តទៅ ដូចព្យុះនៅកម្ពុជា។

៣) ខ្ញុំធ្វើការ​នៅក្នុងវិស័យសារព័ត៍មាន ជាង២០ឆ្នាំ​កន្លងមកហើយ។ រូបលោកវិញ ជាអ្នកនយោបាយ​ច្រើន​ទសវត្សរ៍ កន្លងមកហើយ។ ខ្ញុំមិនហ៊ានបង្រៀនលោក ធ្វើនយោបាយទេ។ តែសូមលោកចៀសវាង កុំបង្រៀន​ខ្ញុំ​ធ្វើ​កាសែត។»

ប្រតិកម្មជាលើកទីពីរ របស់នាយកគ្រប់គ្រងវិទ្យុរូបនេះ បានបង្កមន្ទិល ពីភាពចាំបាច់របស់វា។ លោក ហ្សង់-​ហ្វ្រង់ស៊័រ តាន់ ទំនងជាចង់ធ្វើឲ្យការឆ្លើយតបខាងលើ មានទំរង់ជាផ្លូវការ ដោយសរសេរជាភាសាខ្មែរ ជា​ជាង​ធ្វើ​​នៅ​ក្នុង​​ទម្រង់ ជា​ការ​ផ្ដល់«មតិយោបល់» សរសេរជាភាសាបារាំង ខាងក្រោមប្រតិកម្ម​របស់លោក សម រង្ស៊ី។ ប៉ុន្តែ ហេតុអ្វី​ក៏​ចាំបាច់ មានការពន្យល់បន្ថែមបន្ថយ?

ឬមួយបទពិសោធន៍ជាង២០ឆ្នាំ របស់លោក​នាយក អាច​អនុញ្ញាត​ឲ្យ​លោក ធ្វើការពន្យល់ និងធ្វើការវិន្និច្ឆ័យ បន្ថែមទៅលើប្រតិកម្មឆ្លើយតប ដែលធ្វើឡើងក្នុង​នាម​ជា​ស្ថាប័ន​មួយដូច្នេះ?

អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែលបានតាមដានយ៉ាងដិតដល់ ពីស្ថានការណ៍ទាំងនេះ បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា គ្រប់គ្នាទាំងអស់ នរណាម្នាក់ក៏មានសិទ្ធិ ក្នុងការធ្វើប្រតិកម្មឆ្លើយតបដែរ ហើយ​លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ ក៏អាចធ្វើការវិន្និច្ឆ័យ ឬធ្វើការវិភាគ ទៅលើករណីនោះដូចគ្នា។ តែលោក ហ្សង់-​ហ្វ្រង់ស៊័រ គប្បី​ត្រូវធ្វើរឿងនេះ ក្នុងនាមខ្លួនលោកផ្ទាល់ ឬក្នុងនាមជាអ្នកសារព័ត៌មាន ដាច់ដោយ​ឡែក​មួយ​រូប ជាជាង​យក​ស្ថាប័ន​វិទ្យុ​ទាំងមូល មកឡូកឡំ។

លោក ព្រហ្ម គិត បាននិយាយថា៖ «នៅក្នុងសារទីមួយរបស់លោក សរសេរជាភាសារបារាំង គេអាច​យល់​បាន​ថា លោក តាន់ ក្នុងនាមវិទ្យុបារាំងអន្តរជាតិ បានសម្ដែងប្រតិកម្ម ទៅនឹងការលើកឡើង របស់លោក សម រង្ស៊ី។ ប៉ុន្តែ នៅលើកនេះ លោក តាន់ បានបន្ថែមបន្ថយ ធ្វើការវិន្និច្ឆ័យ ដែលហាក់ដូចជាលើស ពីអ្វី​ដែល​ជា​ភាព​ចាំបាច់ សម្រាប់ការឆ្លើយតបមួយ។»

មន្ត្រីខ្មែរចូលនិវត្តន៍រូបនេះ បានបន្តទៀតថា៖ «លោក តាន់ គួរពិនិត្យមើលអត្ថបទ ដែលលោក សម រង្ស៊ី មិន​សុខចិត្តនោះឡើងវិញ ដើម្បីឲ្យសាមីខ្លួនគ្នាអស់ចិត្ត និងលែងមានការតវ៉ាណាផ្សេងទៀត។ ផ្ទុយទៅវិញ ចំណុច​​បំភ្លឺទាំងបីខាងលើ ហាក់ដូចជាលោក ហ្សង់ហ្វ្រង់ស៊័រ បន្ថែមបញ្ហាត្រួតពីលើបញ្ហាទៀត។ ខ្ញុំបាន​តាម​ដាន​មើលទៅ គឺដូចជាអត្ថបទនេះហើយ ដែលបានបង្កហេតុ នាំឲ្យគេឯងច្រឡំ​ពាសណាពាសណីនោះ។»៕