ឌួង ឆាយ៖ “កើត​មក​កូន​អ្នក​មាន​មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ”(មាន​សំឡេង)

សហគ្រិន៖ មនុស្សគ្រប់រូបកើតមកតែងតែប្រាថ្នាចង់ ក្លាយជាអ្នកមាន ប៉ុន្តែវាសនាមនុស្សមិនដូចគ្នាឡើយ អ្នកខ្លះកើតមកក្នុងត្រកូលអ្នកមានស្ដុកស្ដម្ភស្រាប់ ឃើញថា វាសនារបស់ពួកគេ គឺបានក្លាយជាអ្នកមាន យ៉ាងស្រួល។ ចំណែកឯអ្នកខ្លះទៀត កើតមកក្នុងត្រកូលអ្នកក្រ ប៉ុន្តែពួកគេបានប្រឹងប្រែងរហូតដល់ក្លាយខ្លួនជាមហាសេដ្ឋីក៏មានដែរ។
ទន្ទឹមនឹងនេះផងដែរ ក៏មានយុវជនមួយចំនួនហាក់មានអារម្មណ៍អស់សង្ឃឹម ពេលខ្លួនកើតមកជាកូនអ្នកក្រ ព្រោះពួកគេយល់ថា កើតមកគ្មានទ្រព្យ គ្មានដើមទុន ទោះប្រឹងយ៉ាងណាក៏មិនអាចក្លាយជាអ្នកមានបានដែរ។ ដូច្នេះទើបពួកគេតែងតែមានអារម្មណ៍តូចចិត្ត ហើយគិតថា ទាល់តែកើតមកក្នុងត្រកូលអ្នកមានទើប អាចក្លាយជាអ្នកមាន ជាមនុស្សជោគជ័យក្នុងជីវិតបាន។
យោងតាមហេតុផលខាងលើនេះ ថ្ងៃនេះគេហទំព័រព័ត៌មានKqube.Net បានជួបសម្ភាសន៍ជាមួយនឹង លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន ឌួង ត្រាហ្គន គ្រុប  (Duong Dragon Group) ជុំវិញប្រធានបទ៖ ” កើតមកកូនអ្នកមានសុទ្ធតែជោគជ័យក្នុងជីវិតទាំងអស់ឬយ៉ាងណា?”  ដើម្បីជ្រាបច្បាស់ថា អគ្គនាយកវ័យ២៨ឆ្នាំរូបនេះ មានទស្សនៈយ៉ាងណានោះ សូមអានបទសម្ភាសន៍ខាងក្រោម ៖
គេហទំព័រខេឃ្យូប (Kqube.Net) ៖ ជម្រាបសួរលោកឌួង ឆាយ ! ថ្ងៃនេះខ្ញុំបាទមានកិត្តិយសដែលលោកបានផ្ដល់ពេលវេលាដ៏មានតម្លៃ ផ្ដល់បទសម្ភាសន៍ដល់គេហទំព័រយើងខ្ញុំ មុនចូលដល់ប្រធានបទរបស់យើង។ ជាបឋមខ្ញុំបាទសូមឲ្យលោកបង្ហាញពីជីវប្រវត្តិ និង ការសិក្សាសង្ខេបរបស់លោកខ្លះជូនមិត្តបានដែរឬទេ?  
លោក ឌួង ឆាយ ៖  បាទជម្រាបសួរ! ខ្ញុំបាទកើតនៅទីក្រុងភ្នំពេញ មានបងប្អូន៤នាក់  ខ្ញុំជាកូនប្រុសច្បងក្នុងគ្រួសារ  លោកឪពុកឈ្មោះ ឌួង ងៀប អគ្គនាយកក្រុមហ៊ុន DNG Group  ។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសសិង្ហបុរី លើជំនាញ គ្រប់គ្រងធុរកិច្ច។ ទន្ទឹមគ្នានេះនៅឆ្នាំ២០០៩ ខ្ញុំក៏បានសហការជាមួយក្រុមហ៊ុនវៀតណាម បើកតារាងបាល់ទាត់ ស្មៅសិប្បនិម្មិត មុនគេនៅកម្ពុជាផងដែរ។
ខ្ញុំបញ្ចប់ការសិក្សានឹងបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ២០១០ នឹងបានចាប់ផ្ដើមអាជីវកម្មដំបូងគឺបើកស្ថានីយប្រេងឥន្ធនៈតូតាល់ នៅផ្លូវសូឡា ឬផ្លូវ២០០៤។ បច្ចុប្បន្ននេះខ្ញុំមានអាជីវកម្ម៣នៅក្រោមក្រុមហ៊ុន ឌួង ត្រាហ្គន គ្រុប(Duong Dragon Group)  គឺ ក្រុមហ៊ុនចែកចាយកង់រថយន្តម៉ាកហាន់កុក (Hankook)   ក្រុមហ៊ុនចែកចាយផលិតផលថែរក្សាសម្ផស្ស កាម៉ាត(KARMART )និងស្ថានីយប្រេងឥន្ធនៈតូតាល់ផ្លូវសូឡានេះឯង។
គេហទំព័រខេឃ្យូប (Kqube.Net) ៖ ចូលមកប្រធានបទរបស់យើងវិញ  កើតមកកូនអ្នកមាន គឺសុទ្ធតែជោគជ័យក្នុងជីវិតទាំងអស់ ចំពោះលោកផ្ទាល់ តើលោកឯកភាពលើការលើកឡើងខាងលើនេះដែរឬយ៉ាងណា? 
លោក ឌួង ឆាយ ៖ ខ្ញុំសូមបដិសេធ និងមិនឯកភាពលើការលើកឡើងខាងលើនេះទេ ។ ឧទាហរណ៍នៅជំនាន់ដែលខ្ញុំទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសសិង្ហបុរី ទន្ទឹមគ្នានេះដែរ ក៏មានកូនអ្នកមានជាច្រើនបានទៅសិក្សានៅទីនោះដែរ   ប៉ុន្តែពួកគេរៀនមិនបានល្អឡើយ សូម្បីភាសាអង់គ្លេសដែលពួកគេនិយាយក៏មិនបានល្អ ស្មើកូនអ្នកក្រ ដែលរៀននៅសាលាក្នុងស្រុកខ្មែរឡើយ។
ចំណុចទី១ មូលហេតុ គឺមកពីពួកគេមិនបានខិតខំប្រឹងប្រែងស្រវាយកឱកាសដែលបានទៅសិក្សានៅប្រទេសជឿនលឿនជាងគេនៅអាស៊ាននេះឡើយ ។ គឺពួកគេគិតតែពីការសប្បាយ ហ៊ឺហាជាមួយសម្ភារៈនិយម មិនបានក្ដាប់ឱកាសអភិវឌ្ឍសមត្ថភាព ដែលផ្ទុយពីកូនអ្នកក្រ មកពីតាមខេត្ត មករៀននៅភ្នំពេញ បានក្ដាប់ឱកាស កសាងសមត្ថភាព ខិតខំរៀនសូត្រពីចំណេះដឹងសាកល ដើម្បីតាមឲ្យទាន់សង្គម ។
ចំណុចទី២ កើតមកជាកូនអ្នកមានជារឿងល្អ ប៉ុន្តែយើងត្រូវតែចេះជ្រើសរើសការសេពគប់ ព្រោះការរាប់អានមិត្តភ័ក្តិខុស គឺគិតតែពីការប្រណាំងប្រជែងសម្ភារៈនិយម ចេះតែចំណាយ មិនចេះរកចំណូល នោះជាភាពបរាជ័យធំមួយរបស់ពួកគាត់ ។ អីចឹងសម្រាប់កូនអ្នកក្រីក្រ យើងខិតខំរៀន ខិតខំកសាងសមត្ថភាព ដែលនេះជាឱកាសមួយដែលយើងអាច វ៉ាកូនអ្នកមានបាន ។
ចំណុចទី៣ ការជ្រើសរើសមិត្តភ័ក្ដិ ក៏ជាកត្តាជំរុញមួយដែរ យើងត្រូវចេះជ្រើសរើសមិត្តភ័ក្ដិណាគួរតែរាប់អាន និងមិត្តភ័ក្ដិណាមិនគួររាប់អាន ធ្វើយ៉ាងណាកុំឲ្យចាញ់សង្គម ព្រោះមានមិត្តភ័ក្ដិខ្លះអាចនាំយើងចូលទៅផ្លូវមិនល្អ ។
ចំណុចទី៤ កុំរំពឹងទៅលើទ្រព្យសម្បត្តិរបស់ឪពុកម្ដាយខ្លាំងពេក កើតមកជាកូនអ្នកមានត្រូវគិតពីហានិភ័យ នាពេលអនាគត ។ ដូចជាក្រោយសម័យប៉ុលពត អ្វីៗគឺចំណុចសូន្យ គ្មានអ្នកណាម្នាក់ មានជាងអ្នកណាឡើយ  ប៉ុន្តែក្រោយរយៈពេល ២០ ទៅ ៣០ឆ្នាំក្រោយអ្នកខ្លះក្រនៅតែក្រ ឬអ្នកខ្លះបានក្លាយជាអ្នកមាន។  ហើយនៅសម័យនោះ គ្មានអ្នកណាម្នាក់ ជាកូនអ្នកមានទេ គឺសុទ្ធតែជាអ្នកក្រដូចគ្នា ប៉ុន្តែដោយសារការប្រឹងប្រែងតស៊ូគ្រប់ពេលវេលា បានធ្វើអ្នកខ្លះក្លាយជាអ្នកមាន។
ការសម្អាងលើទ្រព្យសម្បត្តិឪពុកម្ដាយ ហើយមិនបានគិតខិតខំប្រឹងប្រែងបើកអាជីវកម្មខ្លួនឯងទេ នោះជាការខ្ជះខ្ជាយរបស់អ្នកយើងខ្លួនឯង ផ្ទុយពីនេះទៅវិញនិស្សិតមកពីខេត្តដែលសុទ្ធតែជាកូនអ្នកក្រ  មានច្រើនណាស់ដែលក្លាយម្ចាស់សហគ្រាសឬអាជីវកម្មផ្សេងៗ ។
គេហទំព័រខេឃ្យូប (Kqube.Net) ៖ អរគុណសម្រាប់ការបកស្រាយយ៉ាងក្បោះក្បាយខាងលើនេះ តើលោកអាចបង្ហាញដល់មិត្តអ្នកអានបានទេ ថាតើបើចង់ក្លាយជាអ្នកជោគជ័យក្នុងពេលអនាគត តើយុវជនគួរចាប់ផ្ដើមយ៉ាងដូចម្ដេច?  
លោក ឌួង ឆាយ ៖ ដើម្បីទទួលបានភាពជោគជ័យនិងអភិវឌ្ឍន៍ខ្លួននៅសម័យនេះ ទី១យើងត្រូវតែរៀននិងចាប់យកជំនាញណាមួយឲ្យបានច្បាស់លាស់ ហើយបញ្ចេញនូវចំណុចពិសេសរបស់ខ្លួន  ព្រោះមនុស្សម្នាក់ៗតែងតែមានទេពកោសល្យរៀងៗខ្លួន។ កាលណាបើយើងរៀនបានច្រើន រួមផ្សំជាមួយបទពិសោធន៍ជាក់ស្ដែងផងនោះយើងនឹងជោគជ័យ។ ពិសេសគឺប្រព័ន្ធIT វាមានសារៈសំខាន់ណាស់សម្រាប់ពេលបច្ចុប្បន្ននេះ ដោយមនុស្សម្នាក់ៗអាចសិក្សាស្រាវជ្រាវដោយគ្មានដែនកំណត់  ដែលយើងចង់ធ្វើគម្រោងអ្វីមួយ យើងអាចចូលទៅសិក្សាពីក្នុងអ៊ីនធឺណិតបានភ្លាមៗផងដែរ។
គេហទំព័រខេឃ្យូប (Kqube.Net) ៖ ដោយសារលោកបាននិយាយជាមួយប្រព័ន្ធIT ជាក់ស្ដែងនៅលើពិភពលោក មានមហាសេដ្ឋីជាច្រើនដែលសុទ្ធតែជាកូនអ្នកក្រ ហើយបានកសាងកេរ្តិ៍ឈ្មោះនឹងក្លាយជាអ្នកមាន ដូចជាលោក ជេក ម៉ា ម្ចាស់វេបសាយAlibaba  លោក ម៉ាស សឺគឺបឺក ម្ចាស់បណ្ដាញសង្គមហ្វេសបុក និង លោក ប៊ីល ហ្គេតជាដើម ។ ខ្ញុំជឿជាក់ថាលោកពិតជា បានអានខ្លះៗពីប្រវត្តិរបស់ពួកគាត់។  
 
ទន្ទឹមនេះមានពាក្យមួយឃ្លាតែងតែលឺត្អូញត្អែរចេញពី យុវជនមួយចំនួនថា ចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែឧបសគ្គរបស់ពួកគាត់គឺគ្មានលុយ គ្មានដើមទុន! ដូច្នេះសម្រាប់លោកផ្ទាល់តើមានការចែករំលែកយ៉ាងណាសម្រាប់ពួកគាត់?  
លោក ឌួង ឆាយ ៖ ទី១ពួកគាត់ត្រូវខិតខំរៀនសូត្រឲ្យបានល្អ ពេលបានសញ្ញាប័ត្រ ត្រូវយកទៅដាក់ពាក្យធ្វើការងារនៅក្រុមហ៊ុនធំៗដើម្បីយកបទពិសោធន៍  ដូច្នេះបើគាត់មានចំណេះដឹង សមត្ថភាពជំនាញច្បាស់លាស់ហើយ អ្វីដែលគាត់ខ្វះគឺតែ១ប៉ុណ្ណោះ នោះគឺលុយ។ ដូច្នេះត្រូវធ្វើដូចម្ដេចដើម្បីបានលុយ? ឧទាហរណ៍ដូចជាលោក ជេក ម៉ា គាត់កើតមកក្នុងគ្រួសារក្រីក្រ បើតាមខ្ញុំតាមដានប្រវត្តិគាត់ គឺគាត់គ្មានលទ្ធភាពបង់ថ្លៃរៀនភាសាទេ។
ប៉ុន្តែ លោកបានខិតខំរៀនដោយខ្លួនឯងនៅផ្ទះ ដោយជារៀងរាល់សប្ដាហ៍ គាត់តែងតែទៅបឹងមួយនៅក្នុងទីក្រុងរបស់គាត់ដែលមាន ជនបរទេសច្រើន មកកម្សាន្តដើម្បីនិយាយភាសាអង់គ្លេស ក្នុងគោលបំណងពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់គាត់។  លើសពីនេះទៅទៀត គាត់បានរៀនពាក្យគន្លឹះ (Keyword) ដែលពាក់ព័ន្ធជាមួយនឹងគេហទំព័ររបស់គាត់ដោយខ្លួនឯងទៀត ។
ដូច្នេះ៣ឆ្នាំដំបូងនៃការអាជីវកម្មរបស់គាត់ គឺគាត់នៅតែប្រឈមមុខនឹងការខ្វះដើមទុន ហើយត្រូវបានមនុស្សជាច្រើន ចោទជាសំនួរមកគាត់ថា រកស៊ីយូរហើយ ហេតុអ្វីក៏នៅតែខ្វះដើមទុន ហើយគ្មានប្រាក់ចំណេញ ប៉ុន្តែដោយសារគោលជំហរច្បាស់លាស់ និង ការប្ដូរផ្ដាច់ជឿលើគំនិតផ្ទាល់ខ្លួនរបស់លោក ជេក ម៉ា អ្នកវិនិយោគនៅតែបន្តទុកចិត្តនិងផ្ដល់ដើមទុនដល់លោក រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃ ។
អីចឹងសម្រាប់ដើមទុន កាលណាបើយើងមានចំណេះដឹងគ្រប់គ្រាន់ មិនខ្វះទេ សហគ្រិនធំៗដែលគេផ្ដល់ទំនុកចិត្ត នឹងផ្ដល់ដើមទុនដល់យើង  ដូច្នេះនៅលើខ្លួនយើង ជាអ្នកបង្កើតឱកាស សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ ។
គេហទំព័រខេឃ្យូប (Kqube.Net) ៖ ដោយសារលោកមានអាជីវកម្មច្រើនបែបនេះ តើអ្វីទៅជាឧបសគ្គរបស់លោក?  
លោក ឌួង ឆាយ ៖  អ្វីដែលជាឧបសគ្គនៅក្នុងក្រុមហ៊ុនខ្ញុំគឺ បញ្ហាធនធានមនុស្សនៅមានកម្រិត ។ ក្នុងឱកាសនេះដែរ លោកសូមអំពាវនាវដល់យុវជនខ្មែរយើង ត្រូវខិតខំសិក្សា ឲ្យមានចំណេះដឹងនឹងសមត្ថភាពពិតប្រាកដ ។ ជាក់ស្ដែងសហគ្រាសធំៗ នៅកម្ពុជាសព្វថ្ងៃ បានជួលបុគ្គលិកបរទេសក្នុងប្រាក់ខែខ្ពស់ៗ  ព្រោះពួកជនបរទេសទាំងនោះ មានសញ្ញាប័ត្រខ្ពស់ និង ចំណេះដឹងខ្ពស់ហើយ ពូកែជាងធនធានមនុស្សក្នុងស្រុក។ ដូច្នេះបើយុវជនខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញ បង្កើនចំណេះឲ្យបានខ្លាំងក្លានោះ ប្រទេសយើងនឹងមានធនធានមនុស្សល្អៗ ពូកែៗ ប្រទេសយើងក៏រីកចំរើនខ្លាំងផងដែរ។
គេហទំព័រខេឃ្យូប (Kqube.Net) ៖ តើលោកបទពិសោធន៍និងចែករំលែកយ៉ាងដូចម្ដេចខ្លះដល់មិត្តអ្នកអាន ? 
លោក ឌួង ឆាយ ៖   ខ្ញុំសូមបន្ថែមបន្តិចទៀត យុវជនគួរពិចារណា ព្យាយាមធ្វើការនិងពាណិជ្ជកម្មណាដែលចេញពីសមត្ថភាពផ្ទាល់ខ្លួនដែល មនុស្សធម្មតាមិនអាចធ្វើបាន។ ជាក់ស្ដែងខ្ញុំផ្ទាល់កាលពីឆ្នាំ២០០៩ មានបងប្អូនមិត្តភ័ក្ដិបាន បបួលខ្ញុំរកស៊ី បើកស្តង់សម្រាប់ទទួលទិញស្តុកដំឡូងមីទុកនៅព្រំដែន លក់យកចំណេញ ប៉ុន្តែពេលនោះខ្ញុំមិនបានធ្វើទេ ហើយខ្ញុំបានប្រាប់ទៅពួកគាត់វិញថា កាលណាបើយើងវិនិយោគតាមគ្នា មនុស្សទូទៅក៏ធ្វើបានដែរ ដូច្នេះនោះមិនមែនជាឱកាសមាសសម្រាប់ខ្ញុំឡើយ។
នៅឆ្នាំ២០០៩ ខ្ញុំជាអ្នកបើកកន្លែងទាត់បាល់សិប្បនិមិត្តមុនគេនៅស្រុកខ្មែរ  ហើយក្រោយមកមានគេចម្លង នឹងបើកបន្តគ្នារីកដូចផ្សិត រហូតដល់កន្លែងខ្លះបើកហើយ គ្មានមនុស្សមកលេងទុកចោលក៏មានដែរ។ ដូច្នេះសូមយុវជនគិតថា អាជីវកម្មដែលចម្លងបន្តគ្នា មិនប្រាកដថាជោគជ័យនោះទេ  គួរតែធ្វើអាជីវកម្មណាដែលចេញសមត្ថភាពជំនាញរបស់យើង ដែលគេមិនបានធ្វើបានដូចនោះទើបជាឱកាសមាសប្រាក់របស់យើង។  ចំពោះលោកផ្ទាល់គឺចូលចិត្តអាជីវកម្ម ដែលវិនិយោគប្រើរយៈពេលខ្លី ហើយអាចរស់បានហូរអង្វែង ( Short term invest , long term business)
ខ្ញុំក៏មានបទពិសោធន៍មួយសម្រាប់ចែករំលែកផងដែរ កាលពីឆ្នាំ២០០៩ ខ្ញុំនិងប៉ាខ្ញុំ បានមើលឃើញដីតំបន់សូឡានេះ ក៏សម្រេចចិត្តទៅសុំបើកអាជីវកម្មពីក្រុមហ៊ុនតូតាល់ ប៉ុន្តែត្រូវបានបដិសេធដោយសារក្រុមហ៊ុនអះអាងថា នៅតំបន់នេះនៅពេលនោះ គឺសុទ្ធតែវាលស្រែ ជាតំបន់ដែលគ្មានមនុស្សរស់នៅ ដូច្នេះក្រុមហ៊ុនមិនអាចបើកបានទេ។
ប៉ុន្តែក្រោយពីការតស៊ូជម្នះឧបសគ្គជាច្រើន ព្យាយាមបញ្ចុះបញ្ចូលខាងក្រុមហ៊ុនអស់រយៈពេលយូរ ទើបខាងក្រុមហ៊ុន បានសម្រេចចិត្តផ្ដល់សិទ្ធិបើកអាជីវកម្មនោះនៅឆ្នាំ២០១០ ក្រោយមកឃើញថា ស្ថានីយសាំងនេះ គឺទទួលបានជោគជ័យ។ ហើយក្រោយមកទៀត ខ្ញុំបានយកលុយពីការចំណេញនោះមកវិនិយោគលើអ្វីផ្សេងៗទៀត រហូតដល់រីកចំរើនដល់សព្វថ្ងៃនេះ។
ការចែករំលែក៖ ខ្ញុំសូមផ្ដាំផ្ញើដល់យុវជនដែលចង់ចាប់ផ្ដើមអាជីវកម្ម ដែលលឿននិងចំណាយដើមទុនតិច អាចសាកល្បងជាមួយនឹងអាជីវកម្មតាមអនឡាញ គឺលក់ដូរឥវ៉ាន់ តាមបណ្ដាញសង្គម ដែលមិនបាច់ប្រើដើមទុនច្រើន និង បានចំណេញភ្លាមៗ ។
” គិតហើយធ្វើផង” អ្វីដែលខ្ញុំបានជួបប្រទះ គឺមានយុវជនជាច្រើនបាន បាននិយាយតែពីគំនិតចង់ធ្វើនេះ ចង់ធ្វើនោះ ប៉ុន្តែពួកគេមិនដែលបានធ្វើវាឡើយ គឺ គ្រាន់តែថា តែមិនដែលធ្វើ។ ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជន ហ៊ានសាកល្បង កុំខ្លាចបរាជ័យ។
អានព័ត៌មានក្នុងស្រុកនិងអន្តរជាតិដើម្បីតាមទាន់សភាពការណ៍ ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជន ខិតខំតាមដានព័ត៌មានតាមបណ្ដាញគេហទំព័រ ឬកាសែតក្នុងស្រុកឲ្យបានច្រើន ដើម្បីតាមឲ្យទាន់ការវិវត្តន៍ក្នុងស្រុក។ ចំពោះព័ត៌មានប្រភេទពាណិជ្ជកម្ម និងជំនួញអន្តរជាតិ សូមតាមដាននិងអានព័ត៌មានរបស់គេហទំព័ររបស់សិង្ហបុរី Channel News Asia  នឹងធ្វើយើងដឹងនូវរបត់មុខជំនួញនិងពាណិជ្ជកម្មថ្មីៗបាន។
សូមបញ្ជាក់ផងដែរថា  លោក ឌួង ឆាយ ជាអគ្គនាយកក្រុមហ៊ុន ឌួង ត្រាហ្គន គ្រុប  (Duong Dragon Group)  លោកមានភរិយាឈ្មោះ ដេត ម៉ាលីណា និងមានបុត្រាចំនួន២នាក់ផងដែរ។

ជាចុងបញ្ចប់នេះ យើងខ្ញុំតំណាងឲ្យគេហទំព័រព័ត៌មានKQube.net សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌួង ឆាយ ដែលបានផ្ដល់កិច្ចសម្ភាសន៍នៅថ្ងៃនេះ ៕

ឌួង ឆាយ៖ “កើត​មក​កូន​អ្នក​មាន​មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ”(មាន​សំឡេង) ឌួង ឆាយ៖ “កើត​មក​កូន​អ្នក​មាន​មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ”(មាន​សំឡេង)

ប្រភព៖ kqube

  • ឌួង ឆាយ៖ “កើត​មក​កូន​អ្នក​មាន​មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ទេ”(មាន​សំឡេង)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: