ជន​អំពាវនាវ​ធ្វើ​រដ្ឋ​ប្រហារ​អះអាង​ថា ​ខ្លួន​ជា​អតីត​ទាហាន​ប្រចាំ​នៅ​តំប​ន់​ប្រាសាទ​ព្រះវិហារ

ជនសង្ស័យដែលអំពាវនាវឲ្យមានការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះបានចេញវីដីអូខ្លីបមួយទៀតដោយអះអាងខ្លួនឯងថាឈ្មោះសោម សុវណ្ណារ៉ា ជាអតីតទាហានប្រចាំនៅក្នុងខេត្តព្រះវិហារ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិ នៅតែបញ្ជាក់ថា ជនសង្ស័យម្នាក់នេះមិនមានឈ្មោះនៅក្នុងបញ្ជីកងទ័ពនោះឡើយ។

ការប្រកាសឲ្យដឹងពីអត្តសញ្ញាណខ្លួនឯងរបស់ជនសង្ស័យនេះ បានធ្វើឡើងនៅក្នុងវីឌីអូខ្លីបរយៈពេលជិត៦នាទីដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយសរសេរឈ្មោះជាភាសាអង់គ្លេសថា Som Vichea ។ តាមរយៈវីឌីអូខ្លីបនោះ ជនសង្ស័យបានអះអាងថា គាត់គឺជាអតីតទាហានប្រចាំកងពលអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារកាន់ខាងការិយាល័យវិស្វកម្ម ជំនាញកុំព្យូទ័រ។ ជនសង្ស័យរូបនេះដែលស្លៀកពាក់អាវធំជាមួយក្រវ៉ាត់កយ៉ាងសមសួន បានបញ្ជាក់ទៀតថា គេក៏ជាអ្នកគ្រប់គ្រងលើបណ្តាឯកសារទាហានផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបង្ហាញប័ណ្ណសម្គាល់ខ្លួនជាទាហានដែលមានឈ្មោះថា សោម សុវណ្ណារ៉ា ពលទាហាន កាន់អត្តលេខ 203985ទៀតផង។

ជនសង្ស័យរូបនេះ ក៏បានលើកឡើងផងដែរថា គាត់មិនមែនជាទាហានក្លែងក្លាយដូចការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនហើយក៏មិនមែនជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដូចការចោទប្រកាន់របស់គណបក្សប្រឆាំងនោះដែរ។ យ៉ាងណាមិញ គាត់បញ្ជាក់ថា គាត់ គឺជាសមាជិកម្នាក់នៃរណសិរ្សរំដោះជាតិដែលដឹកនាំដោយលោកសម សេរី។

ទោះបីជនសង្ស័យបង្ហាញអត្តសញ្ញាណខ្លួនឯងប៉ុណ្ណឹងហើយក៏ដោយ ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅតំបន់ប្រាសាទព្រះវិហារ បានបដិសេដខ្លីប្រាប់វិទ្យុបារាំងអន្តរជាតិថា ជនសង្ស័យម្នាក់នេះមិនមែនជាកងទ័ពនោះទេ។ ដូចគ្នាដែរ លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅតែបញ្ជាក់ថា លោកម្នាក់នោះ មិនមានឈ្មោះនៅក្នុងបញ្ជីកងទ័ពនោះឡើយ។ លោកបានបន្ថែមថា ជនសង្ស័យដែលធ្លាប់ស្លៀកពាក់ឯកសណ្ឋានកងទ័ព និងអះអាងថា ជាកងទ័ពនៅពេលនេះ គឺដើម្បីបង្ខូចកិត្តិយសកងទ័ពតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩កក្កដាមក ក្រសួងការពារជាតិកម្ពុជា បានប្រកាសបើកការស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះដែលដំបូងឡើយហៅខ្លួនឯងថាវ៉េប៉េ៩ (VP9) បន្ទាប់ពីគាត់បានអំពាវនាវតាមរយៈវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមហ្វេសបុក (Facebook) ឲ្យកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នរដ្ឋទាំងអស់ ត្រៀមខ្លួនចូលរួមធ្វើរដ្ឋប្រហារយោធានៅពេលខាងមុខ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ដល់ពេលនេះ ក្រសួងការពារជាតិនៅតែបដិសេដមិនព្រមបង្ហាញព័ត៌មានលម្អិត និងដំណើរការស៊ើបអង្កេតលើជនសង្ស័យឡើយ ដោយហេតុថា វាគឺជារឿងសំងាត់ដែលមិនទាន់អាចបង្ហាញជាសាធារណៈបាន៕

ប្រភពៈ RFI


Related Posts