តេ​ជោ​សែនប្រាប់​អភិបាលខេត្ត​ កុំរ​ពិស​ដៃ​ស៊ី​ញ៉េ​ដូរ​បេន​ឡាន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ចំណតរថយន្ត និង​អ្នក​រត់​តាក់ស៊ី បាន​នាំ​គ្នា​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មិន​ឱ្យ​មានការ​ដោះ​ដូរ​ចំណតរថយន្ត​សិរី​សោភ័ណ ដោយ​ត្រូវ​រក្សា​ទុក​ដូច​ដើម ។ ការ​ថ្លែង​ព្រមាន​មិន​ឱ្យ​មានការ​ដោះ​ដូរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ក្នុង​ពិធី​ជួប​សំណេះសំណាល​របស់​សម្តេច​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​កងកម្លាំង​ទាំង​៣​ប្រភេទ ។

ក្នុង​ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​២២ កក្កដា តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ​គឺជា​ចំណតរថយន្ត​ដែល​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគម​បារាំង ហើយ​ស្នាដៃ​ប្លង់​កសាង​ម៉ូ​ដែល​វណ្ណ​ម៉ូ​នី​វណ្ណ ស្ថិត​នៅ​កណ្តាល​ក្រុង​សិរី​សោភ័ណ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​រស់នៅ​ជុំវិញ​ចំណតរថយន្ត​នេះ​ប្រកប​មុខ​របប​លក់ដូរ និង​រត់​តាក់ស៊ី សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ ។

តំណាង​ដដែល​និយាយ​ថា នៅ​អាណត្តិ​លោក គោ​ស៊ុំ សា​រឿ​ត ជា​អភិបាលខេត្ត និង​អាណត្តិ​លោក សួន បវរ ជា​អភិបាលខេត្ត​ថ្មី ពិតជា​មាន​គម្រោង​ដោះ​ដូរ​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ទៅ​ដាក់​នៅ​ជាយក្រុង​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ នៅ​កណ្តាល​វាលស្រែ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្តិត​មេដៃ​ប្រមាណ​ជាង​១.០០០​នាក់ សុំ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​អន្ត​គម​ន៍​កុំឱ្យ​បានការ​ដោះ​ដូរ​ចំណតរថយន្ត ពិតប្រាកដ​មែន ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដល់​ខេត្ត​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា នៅ​សាលាខេត្ត សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ណែនាំ​មិន​ឱ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​ដោះ​ដូរ​ចំណតរថយន្ត​នោះ​ទេ ។ អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ទាំងអស់​គ្នា ស្រែក​ហ៊ោ​កងរំពង និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀង​រហូត ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ឱ្យ​បញ្ឈប់​ការ​ដោះ​ដូរ​ចំណតរថយន្ត​និង​ចូលរួម​រក្សា​ទុក ។ ព្រោះ​ចំណតរថយន្ត​ដែល​សល់​ពី​សម័យ​បារាំង​ទុក​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​រកស៊ី បើ​ខាតបង់​លុយ​ត្រូវ​ទៅ​ទារ​អ្នក​ដែល​រត់ការ​វិញ ហើយ​អភិបាល​ខេត្តបន្ទាយមានជ័យ​ថ្មី​កុំរ​ពិស​ដៃ​ចុះហត្ថលេខា ត្រូវ​ចូលរួម​ថែរក្សា​ចំណត​ក្រុង​សិរី​សោភ័ណ​គ្មាន​ការ​ដោះ​ដូរ ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី ។ ចំណតរថយន្ត​នេះ​ស្ថិត​នៅ​ក្នុងភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ក្រុម​អ្នក​តាមដាន​រឿង​នេះ បាន​សម្តែង​មតិ​ថា អ្នក​រត់ការ​ដែល​បានការ​យល់ព្រម​ដោះ​ដូរ​កន្លង​មក សង្ស័យ​ចំណាយ​ប្រាក់​អស់​ច្រើន​ណាស់ ទំនង​ទារ​បាន​ខ្យល់​មក​វិញ ។ ចំណែក​ខាង​ភាគី​ក្រុមហ៊ុន ឮ​ថា​បាន​ពុះ​ដី​ចំណត​លក់ ក៏​ប្រមូល​បាន​មិន​តិច​ដែរ ។ ដូច្នេះ​ត្រូវ​តែ​ទារប្រាក់​មក​វិញ ដែល​សង្ស័យ​ថា ទារ​បាន​ខ្យល់​មក​វិញ​ដែរ ប្រសិនបើ​មានការ​លក់ដូរ​មែន ?