ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល

នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ១៩៨៣ បុរសដ៏សាមញ្ញម្នាក់ បានស្ដារស្ថានការណ៍ជម្លោះរវាងមហាអំណាចពិភពលោកទាំង២ ហើយក៏ក្លាយជាអ្នកដែលសង្គ្រោះពិភពលោកទាំងមូល ឲ្យចេញផុតពីរណ្ដៅនៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចនឹងប្រែក្លាយពិភពលោកឲ្យទៅជាវាលរហោស្ថានផងដែរ ដោយបុរសម្នាក់នោះគឺមន្ត្រីជាប់កាតព្វកិច្ចម្នាក់ ឈ្មោះថា Stanislav Petrov ជាជនជាតិរុស្សី ។តួនាទីរបស់លោក គឺជាអ្នករង់ចាំសង្កេតមើលប្រព័ន្ធការពារមីស៊ីល Oko របស់សហភាពសូវៀត ដែលប្រព័ន្ធការពារនេះ នឹងផ្ដល់ជាសញ្ញាឲ្យដឹង នៅពេលដែលរ៉ាដាចាប់បានថា មានមីស៊ីលបាញ់សំដៅមកដែនដីរុស្សី ហើយដោយសារតែការងារនេះធ្លាក់ទៅលើដៃលោកនោះហើយ បានជាសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងរុស្សីមិនបានកើតមាន ។
មុននឹងនិយាយដល់ដំណើររឿងនេះ ប្រិយមិត្តគួរតែស្វែងយល់ពីស្ថានភាពនៃការប្រឈមមុខដាក់គ្នា រវាងមហាអំណាចទាំង២នេះ ក្នុងកំឡុងសង្គ្រាមត្រជាក់ជាមុនសិន ដោយវាចាប់ផ្ដើមពីស្ថានភាពដ៏អាក្រក់បំផុត នោះគឺអំឡុងពាក់កណ្ដាលទី១នៃសតវត្សទី៨០ ដែលពេលនោះសូវៀតបានបញ្ចេញសកម្មភាពជាច្រើន ដូចជាការឈ្លានពានអាហ្វហ្គានីស្ថាននៅខែធ្នូឆ្នាំ១៩៧៩ ជាដើម ។បន្ទាប់មកនៅឆ្នាំ១៩៨០ លោកខាងលិចទាំងមូល បានធ្វើពហិការមិនចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Moscow ទេ ក្រោយមកសហភាពសូវៀត (USSR) បានចាប់ផ្ដើមផលិតមីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យម SS-20 ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ។រហូតដល់ខែកញ្ញា ឆ្នាំ១៩៨៣ ហេតុការណ៍ដ៏អាក្រក់បំផុតមួយបានកើតឡើង នោះគឺយន្តហោះស្ទាក់ចាប់ SU-15 របស់សូវៀត បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ KAL 007 របស់កូរ៉េខាងត្បូង ដោយវាបានសម្លាប់មនុស្សទាំងអស់ដែលនៅលើយន្តហោះ រួមទាំងតំណាងរាស្ត្រអាមេរិកម្នាក់ និងជនជាតិអាមេរិកជាច្រើនទៀត ដែលសរុបទៅវាសម្លាប់អស់មនុស្ស២៦៩នាក់ ។
ជាការឆ្លើយតបនឹងសូវៀតវិញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ដដែល អង្គការ NATO បានធ្វើសមយុទ្ធធំមួយនៅភាគខាងលិចអឺរ៉ុប ដែលមើលទៅទំនងជាឈុតឆាកសង្គ្រាមពិតៗជាក់ស្ដែងតែម្ដង ដែលសមយុទ្ធនេះត្រូវគេឲ្យឈ្មោះថា Able Archer ហើយភាពតានតឹងបានបន្តមានរហូត លុះសមយុទ្ធនេះបានបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ។ក្នុងអំឡុងពេលសមយុទ្ធនេះ អាមេរិកបានដំឡើងមីស៊ីលអន្តរទ្វីប Pershing II ជាច្រើនគ្រាប់ នៅក្នុងទ្វីបអឺរ៉ុប ដែលវាជាហានិភ័យដ៏ធំមួយសម្រាប់រុស្សី ក្រោយមករុស្សីក៏បានបោះទីតាំង បញ្ឈរជើងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន និងកងទ័ពជាច្រើនទៀតនៅអាល្លឺម៉ង់ខាងកើត និងប៉ូឡូញ ដែលវាត្រូវបានគេចាត់ទុកជាសញ្ញាសង្គ្រាមមួយដែលអាចកើតមានគ្រប់ពេល តែភាពតានតឹងនេះបានបញ្ចប់ទៅវិញ នៅពេលដែលសមយុទ្ធ Able Archer របស់ NATO បានបញ្ចប់ដូចគ្នា ។
រហូតដល់ថ្ងៃមួយដែលវិនាសកម្មពិភពលោកស្ទើរតែកើតមានមែនទែន នោះគឺស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើង ដោយបញ្ជាក់ប្រាប់ថា អាមេរិកបានបាញ់មីស៊ីលអន្តរទ្វីបសំដៅមកកាន់សហភាពសូវៀតហើយ ដោយក្នុងពេលនោះ សរុបទៅមីស៊ីលអន្តរទ្វីបរបស់សូវៀត និងអាមេរិកបូកចូលគ្នាមានដល់ទៅជាង៥ពាន់ដើម រង់ចាំតែការបញ្ជាឲ្យបាញ់រៀងខ្លួនប៉ុណ្ណោះ ។ចំណុចបញ្ចប់ដែលសូវៀតត្រូវធ្វើនោះគឺ គ្រាន់តែចុចប៊ូតុងបញ្ជាមីស៊ីលមួយ នោះអាមេរិក និងទ្វីបអឺរ៉ុបពាក់កណ្ដាល នឹងត្រូវវិនាសទាំងស្រុង ហើយភាវៈមានជីវិតក្នុងលោកទាំងអស់ នឹងត្រូវរងផលប៉ះពាល់ តែអ្វីដែលបញ្ចៀសវិនាសកម្មមួយនេះបានគឺ ការសម្រេចចិត្តរបស់មន្ត្រីឃ្លាំមើលម៉ាស៊ីនប្រកាសអាសន្នម្នាក់ ដែលមានឋានៈត្រឹមតែអនុសេនីយ៍ទោប៉ុណ្ណោះ ។
កម្រិតសន្តិសុខទាំង២៨ក្នុងចំណោម២៩បានប្រកាសអាសន្ន ដោយវាបានបញ្ជាក់យ៉ាងច្បាស់ពីគ្រោះអាសន្ននេះ ប៉ុន្តែលោក Stanislav Petrov គិតថា វាជាកំហុសបច្ចេកទេស ហើយសម្រេចចិត្តប្រឆាំងនឹងលំដាប់លំដោយយោធា ដោយសម្រេចថា នឹងមិនរាយការណ៍ទៅថ្នាក់លើទេ ព្រោះលោកដឹងថា ឲ្យតែរាយការណ៍ទៅថ្នាក់លើភ្លាម មីស៊ីលទាំងឡាយរបស់សូវៀតនឹងបាញ់សំដៅទៅកាន់អាមេរិក និងអឺរ៉ុបភ្លាម ព្រោះលោកជឿថា “គ្មាននរណាផ្ដើមសង្គ្រាមលោក ដោយការបាញ់មីស៊ីលមួយគ្រាប់សំដៅសត្រូវនោះទេ”។បើតាមលំដាប់លំដោយយោធា លោក Stanislav Petrov ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាមៗ នោះលោក Yuri Andropov ដែលជាអតីតអគ្គលេខាធិការនៃសហភាពសូវៀត នឹងបញ្ជាឲ្យបាញ់មីស៊ីលនុយក្លេអ៊ែរទៅវិញភ្លាមៗដែរ ។ ក្រោយមកក្រុមការងារលោក Petrov ចាប់ផ្ដើមឆែកមើលម៉ាស៊ីននោះ ប៉ុន្តែគ្មានឃើញការខូចខាតអ្វីទេ តែលោកនៅតែមិនអស់ចិត្ត ។
មួយសន្ទុះក្រោយមក ម៉ាស៊ីនបានបន្លឺឡើងទៀត ដោយម្ដងនេះប្រព័ន្ធការពារមីស៊ីល Oko បង្ហាញថា មានមីស៊ីលជាច្រើន បាញ់សំដៅមកសហភាពសូវៀត តែលោកនៅតែសម្រេចមិនផ្ដល់ដំណឹងឲ្យថ្នាក់លើ ។ មីស៊ីលទាំងនោះ អាចហោះមកដល់សូវៀតត្រឹមតែ៣០នាទីប៉ុណ្ណោះ ហើយប្រព័ន្ធរ៉ាដាអាចចាប់បានសញ្ញាមីស៊ីលក្រោយ២៣នាទី ដូច្នេះលោកមានពេលតែ៧នាទីប៉ុណ្ណោះ ដើម្បីបញ្ចេញប្រតិកម្មទៅនឹងការមកដល់នៃមីស៊ីលនេះ ។ពាក្យមួយឃ្លានៅតែដក់ក្នុងចិត្តលោក “មនុស្សល្ងង់ដែលចាប់ផ្ដើមសង្គ្រាមលោកដោយមីស៊ីល៥គ្រាប់ មិនមានទេក្នុងលោកនេះ” ។ ក្រោយមកប៉ុន្មាននាទី គេនៅតែឃើញគ្មានមីស៊ីលណាមួយធ្លាក់មកលើដែនដីសូវៀតសោះ ដែលនេះបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីលមានកំហុសបច្ចេកទេស ។
ជាមួយនឹងការស៊ើបអង្កេតអស់រយៈពេលប៉ុន្មានខែក្រោយមក របាយការណ៍ផ្លូវការបានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក Petrov គឺជាការត្រឹមត្រូវ នោះគឺប្រព័ន្ធការពារមីស៊ីល Oko ពិតជាមានកំហុសបច្ចេកទេសមែន ប៉ុន្តែលោក Petrov មិនត្រូវបានគេលើកសរសើរ ឬដាក់ទោសអ្វីទេ ។ការសរសើរចំពោះលោក Petrov គឺជាការទទួលស្គាល់កំហុសរបស់រដ្ឋាភិបាលសូវៀត ហើយវាជារឿងមួយដែលសូវៀតមិនចូលចិត្តទាល់តែសោះ ប៉ុន្តែការដាក់ទោសលោក Petrov ថាល្មើសនឹងលំដាប់លំដោយយោធា ក៏មិនមែនជាការត្រឹមត្រូវដែរ ព្រោះវានឹងបញ្ជាក់ពីភាពគ្មានមនុស្សធម៌របស់រដ្ឋាភិបាលប្រទេសនេះ ។

មកទល់ពេលនេះ លោក Stanislav Petrov មានវ័យ៧៧ឆ្នាំហើយ ដោយលោករស់នៅក្នុងទីក្រុង Franzino ក្បែរទីក្រុង Moscow ប្រទេសរុស្សី ។ សរុបជារួមទៅ គឺបុរសម្នាក់នេះហើយ ដែលជាអ្នកសង្គ្រោះពិភពលោក ពីការធ្លាក់ចូលក្នុងរណ្ដៅនៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចបង្កជាវិនាសកម្មដល់ពិភពលោក ដល់ថ្នាក់មិនអាចស្មានដល់ពីផលប៉ះពាល់នេះ ៕

ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល

ប្រភព៖ kqube

  • ជាង​៣០​ឆ្នាំ​មុន បុរស​ម្នាក់​នេះ​សង្គ្រោះ​ពិភពលោក​ពី​រណ្ដៅ​សង្គ្រាម​លោក​​នុយក្លេអ៊ែរ តែ​គេ​ត្រូវ​បំភ្លេច​ចោល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: