ក្បួន​ដង្ហែសព​លោក កែម ឡីនឹង​ត្រូវ​បែង​ចែក​ចេញ​ជា១១ជួរ

ក្បួន​ដង្ហែសព​លោក កែម ឡីនឹង​ត្រូវ​បែង​ចែក​ចេញ​ជា១១ជួរ

គណៈកម្មការបុណ្យសពលោក កែម ឡី បានឲ្យដឹងថា ក្បួនដង្ហែសពលោកនឹងត្រូវបែងចែកចេញជា១១ជួរ ក្នុងការហែសពលោកទៅកាន់ខេត្ត តាកែវ នៅព្រឹកថ្ងៃអាទិត្យនេះ។សពរបស់លោកកែម ឡី និងត្រូវហែទៅបញ្ចុះនៅភូមិកំណើតរបស់លោកនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអាទីត្យទី២៤ កក្កដានេះ។

សមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានថ្លែងនៅក្នុងវេទិការតុមូលរបស់វីអូឌីថា ដោយសារតែគណៈកម្មការបានប៉ាន់ប្រមាណមើលថាមានការចូលរួមច្រើនពីសំណាក់មហាជនក្នុងការចូលរួមដង្ហែរសពលោក កែម ឡី គណៈកម្មការបានសម្រេចបែងចែក ក្បួនជា១១ជួរ ដោយមានជួរនាំមុខដោយព្រះសង្ឃអភិធម្ម បន្តដោយជួរអាចារ្យ និងក្រុមគ្រួសារសព ជួរទី៤ជាជួរភ្លេងសម្រាប់ប្រគុំក្នុងការដង្ហែ ជូរទី៥រថយន្តគ្រោងផ្កាភ្ញីនិងរូបថត ជួរទី៦ជាផែនរថយន្តដឹកព្រះសង្ឃ ជួរទី៧ជារថយន្តដឹកសព ដែលបន្តពីក្រោយដោយក្រុមអ្នកស្ម័គ្រចិត្តកោសក់គោរពលោកកែម ឡី។ ព្រះអង្គមានថេរដីកាបន្តទៀតថា ជួរទី៩ជាក្រុមយុវជន ហើយជួរទី១០ជាក្រុមអ្នកមុខអ្នកងារ សង្គមស៊ីវិល រួមទាំងមន្ត្រីរាជការ និងជួរទី១១ ជាជួររបស់មហាជនទូទៅដែលបានចូលរួម។

ព្រះអង្គមានសង្ឃដីការបន្ថែមថា រហូតមកទល់នឹងពេលនេះមានការចូលរួមច្រើនពីសំណាក់មហាជនដែលក្រោយពីព្រះអង្គបានអំពាវនាវកាលពីថ្ងៃទី១៨ កក្កដាមកមានមហាជនដែលមានបានចុះឈ្មោះចូលរួមច្រើន រួមមានក្រុមគ្រូពេទ្យសង្រ្គោះបឋមបានចំនួន៤០នាក់ រថយន្តបាន៤០គ្រឿង យុវជនស្ម័គ្រចិត្តបាន៣០នាក់នៅខ្វះ៦នាក់ទៀត កម្លាំងសន្តិសុខបាន៩០នាក់ខ្វះ២០នាក់ទៀតដើម្បីបង្គ្រប់ចំនួនដែលបានគ្រោងទុក។

ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថាសម្រាប់ ក្បួនរថយន្តត្រូវបានបែងចែកទៅតាមរថយន្តតូចនឹងរថយន្តធំ ដោយព្រះអង្គបញ្ជាក់ថារថយន្តដែលតូចត្រូវនាំមុខដោយអមពីក្រោយដោយធំ។សម្រាប់កម្មវិធីដង្ហែនៅថ្ងៃអាទិត្យនេះត្រូវបានព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីការថា ម៉ោង៤ព្រឹករៀបចំពិធីសាសនា បង្សុកូល ហើយសពលោក កែម ឡី និងត្រូវរំកិលដាក់លើរថយន្តនៅម៉ោង៦ព្រឹក។ ការងាររបស់ក្រុមសន្តិសុខគឺត្រូវបានដាក់ពង្រាយពីវត្តចាស់រហូតដល់គល់ស្ពាន ដើម្បីជួយសម្រួលសន្តិសុខ និងចរាចរណ៍ សម្រាប់រថយន្តដែលចង់ចូលរួម។

ព្រះអង្គមានសង្ឃដីកាថា “សន្តិសុខចាប់ពីម៉ោង៥ទៅគឺយើងជួយរៀបចំសណ្តាប់ធ្នាប់ អត់ឲ្យឡានចូលមកដល់បរិវេណវត្តឬក៏ចូលមកឲ្យដល់ក្បែរហ្នឹងបរិវេណវត្តទេ វាអាចបន្តឲ្យមានភាពរាំងស្ទះផ្សេងៗ។ ដូច្នេះក្រុមសន្តិសុខ ដាក់ពង្រាយពីវត្តរហូតដល់គល់ស្ពានជ្រោយចង្វារ អញ្ចឹងឡានណាដែលយើងដឹងថានិងចូលរួមដង្ហែរសពយើងយើងហ្នឹងឲ្យគាត់តម្រៀបនៅជួរមុខហ្នឹងតែម្តង ” ។

បើតាមកម្មវិធីនៃការដង្ហែសពលោក កែម ឡី គឺនឹងត្រូវចេញដំណើរពីវត្តចាស់នៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ នឹងទៅដល់គេហដ្ឋានរបស់លោកនៅខេត្តតាកែវនៅវេលាម៉ោង ២រសៀលថ្ងៃដដែល។គួរបញ្ជាក់ផងដែរថា លោក កែម ឡីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងម៉ាតមួយកន្លែងក្បែរស្តុបបូកគោ។ រហូតមកដល់ថ្ងៃនេះសពរបស់លោកត្រូវបានគេយកទៅតម្តល់នៅវត្តពោធិ៍យារ៉ាម ហៅវត្តចាស់ មានរយៈពេល១៣ថ្ងៃហើយសម្រាប់ឲ្យអ្នកដែលចង់គោរពលោកចូលទៅគោរពលាគាត់ជាចុងក្រោយ។

សពរបស់លោកកែមឡី ត្រូវបានក្រុមគ្រួសារសម្រេចយកទៅបញ្ចុះនៅភូមិកំណើតរបស់លោកនៅខេត្តតាកែវ ដែលការដង្ហែសពនេះគណៈកម្មការបុណ្យសពប៉ាន់ប្រមាណថាមានអ្នកចូលរួមជាង៥០ម៉ឺននាក់៕

ប្រភព៖ vodhotnews

  • ក្បួន​ដង្ហែសព​លោក កែម ឡីនឹង​ត្រូវ​បែង​ចែក​ចេញ​ជា១១ជួរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: