ជំនួប​ដ៏​ភ្ញាក់ផ្អើល​រវាង​៣នាក់ ​ក្រោយ​ពី​ចំណងស្នេហា​ពួក​គេ​​បែក​បាក់

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លី ម៉ា​រី​ណា និង​ពិធី​ការិនី​ស៊ឹ​ម សូ​លិ​កា ដែល​ពី​មុន​ធ្លាប់​ជា​គូស្នេហ៍​របស់​លោក​ទិ​ត ថា​វរិ​ទ្ធ បាន​ជួប​គ្នា​ក្នុង​ពេល​តែ​មួយ ហើយ​ពួក​គេ​ញញឹមញញែម​ដាក់​គ្នា ។

អតីត​តារា​សម្តែង​នាង​លី ម៉ា​រី​ណា អ្នក​នាង​ស៊ឹ​ម សូលី​កា និង​លោក​ទិ​ត ថា​វរិ​ទ្ធ បាន​ជួប​គ្នា​ដោយ​ចៃដន្យ​ក្នុង​ពិធី​មង្គលការ​ប្អូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​ទាំង​បី​ញញឹម​រកគ្នា​ក្នុង​ន័យ​នៅ​រាប់អាន​គ្នា ។ប្រមាណ​១០​ឆ្នាំ​មុន តារាភាពយន្ត​អ្នក​នាង លី​ម៉ា​រី​ណា ធ្លាប់​បាន​រៀប​ការ​យ៉ាង​អធិកអធម​ជាមួយ​លោក​ទិ​ត ថា​វរិ​ទ្ធ ជា​អគ្គនាយក​ទូរទស្សន៍​បាយ័ន ប៉ុន្តែ​បាន​បែកបាក់​វិញ​ក្នុង​រយៈពេល​ត្រឹមតែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ។ ក្រោយមក​លេចឮ​ថា​លោក​ទិ​ត ថា​វរិ​ទ្ធ បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​អ្នក​មេម៉ាយ​ចាយរាង​ស៊ឹ​ម សូលី​កា ។

លី ម៉ា​រី​ណា រស់​ក្នុង​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​ពេល​នាង​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក លោក​សាត ចាន់​ថន កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៣ ។ ទៅ​រស់នៅ​សហរដ្ឋអាមេរិក​បាន​៣​ឆ្នាំ តារា​សម្តែង​ស្រី​រូប​នេះ​មានកូន​ស្រី​ម្នាក់ ។ បច្ចុប្បន្ន​លី ម៉ា​លី​ណា កំពុង​រស់នៅ​កម្ពុជា​ដើម្បី​ប្រកប​មុខ​ជំនួញ​ផ្ទាល់ខ្លួន ។

អ្នក​នាង​លី ម៉ា​រី​ណា មិន​មាន​គម្រោង​វិល​ចាប់​អាជីព​សិល្បៈ​វិញ​ទេ ខណៈ​ដែល​នាង​ត្រូវ​មើល​ការ​ខុស​ត្រូវ​កូន និង​ជួយ​លើ​ការងារ​ស្វាមី ។  លី ម៉ា​រី​ណា​មាន​សាច់ឈាម​ស្រស់​ស្អាត និង​ហ៊ឺហា​ជាមួយ​គ្រឿង​ពេជ្រ​ទាំង​ឈុត​លម្អ​រាង​កាយ ។ ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​ប្អូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នេះ លី ម៉ា​រី​ណា​បាន​ជួប​លោក​ទិ​ត ថា​វរិ​ទ្ធ និង​អ្នក​នាង​ស៊ឹ​ម សូលី​កា ដោយ​ចៃដន្យ ហើយ​អ្នក​ទាំង​បី​បាន​បង្ហាញ​ស្នាមញញឹម​រកគ្នា​ដែល​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​ក្នុង​ចង្កោម​អ្នកសិល្បៈ​ថា​អ្នក​ទាំង​បី​មើល​មុខ​គ្នា​មិន​ចំ​នោះ ។

ចំណែក​ស៊ឹ​ម សូលី​កា លេចឮ​ថា​បាន​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​លោក​ទិ​ត ថា​វរិ​ទ្ធ ទៅ​ហើយ​នោះ មិន​បាន​បង្ហាញ​ការ​ទើសទាល់​ក្នុង​ជំនួប​នោះ​ទេ ។ ពួក​គេ​បាន​ថ្លែង​សាកសួរ​សុខទុក្ខ​គ្នា​ដូច​មិត្ត​រួម​អាជីព​ទូទៅ​ដែរ ។ ចាត់​ទុក​ថា​នោះ​ជា​ជំនួប​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​គេ​កម្រ​បានឃើញ​របស់​អ្នក​ទាំង​បី ក្រោយ​ពី​ចំណងស្នេហា​ពួក​គេ​បែកបាក់ ៕