អាជ្ញាធរ​ខេត្ត​រតនគិរី​​រក​ឃើញ​​​ជនជាតិ​ដើម​ភាគ​តិច​៩​គ្រួសារ​កាន់កាប់​ដី​ខុស​ច្បាប់

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម​ពិត​ជា​ចូល​ទៅ​កាន់កាប់​ដី​តំបន់​ព្រៃ​សហគមន៍​ការពារ បន្ទាប់ពី​ពួកគេ​លក់ដូរ​ដី​ធ្វើ​ស្រែចម្ការ​ផ្ទាល់​ខ្លួន​អស់។ រី​ឯ​សហគមន៍​អភិរក្ស​ព្រៃ​ការពារ​បដិសេធ​មិន​យល់ព្រម​ប្រគល់​ដី​ព្រៃ​ការពារ​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ទេ។

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី រក​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច ៩​គ្រួសារ បាន​ចូល​មក​កាន់កាប់​ដី​ព្រៃ​ការពារ​សហគមន៍​ជាង ៨​ហិកតារ​ដោយ​ខុស​ច្បាប់។ ករណី​នេះ​អាជ្ញាធរ​ស្រុក​គ្រោង​ផ្ដល់​ដី​​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ​ជំនួស​ការ​ចូល​ទៅ​កាន់កាប់​ដី​ព្រៃ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​ចុះ​ស្រង់​ស្ថិតិ និង​ចំនួន​​ដី​ដែល​ក្រុម​ជនជាតិ​ដើម​ភាគតិច​ភូមិ​សោមគល់ ឃុំ​សោមធំ នាំ​គ្នា​មក​កាប់​ឆ្ការព្រៃ​ការពារ​របស់​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ហើយ​តាំង​លំនៅ និង​ដាំ​ដំណាំ​លើ​ដី​នោះ ខណៈ​ដែល​សហគមន៍​អភិរក្ស​ព្រៃ​ការពារ​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុស​ច្បាប់​នេះ។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា អាជ្ញាធរ​ស្រុក​នឹង​កោះ​អញ្ជើញ​អាជ្ញាធរ​ឃុំ​ទាំង​ពីរ​មក​សម្របសម្រួល​រក​មធ្យោបាយ​ផ្ដល់​ដី​នៅ​ទីកន្លែង​ណា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង ៩​គ្រួសារ មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច។ លោក​ថា ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ដែល​ចូល​ទៅ​កាន់​ដី​ព្រៃ​ការពារ​ខុស​ច្បាប់​នេះ ដោយសារ​ពួកគាត់​មិន​បាន​យល់​ដឹង​ពី​ច្បាប់ ហើយ​ធ្វើតាម​ទម្លាប់​កាប់​រាន​ព្រៃ​យក​ដី​កាល​ណា​ពី​ពួក​គាត់​ត្រូវការ​ដី​ដាំ​ដុះ៖ «បើ​ពិនិត្យ​ឃើញ​ថា គាត់​អត់​ឲ្យ​គាត់​ទៅ​ស្នើ​សុំ​តាម​ច្បាប់​សម្បទាន​សង្គមកិច្ច​មក។ ជំហរ​ភាគី​ទាំង​ពីរ​​អ៊ីចឹង​ហើយ ប៉ុន្តែ​ពិនិត្យ​ការ​ជាក់ស្ដែង​អាជ្ញាធរ​នឹង​រក​កន្លែង​ណា​មួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រជាពលរដ្ឋ ៩​គ្រួសារ​សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ក៏ប៉ុន្តែ​មេ​ឃុំ​សោមធំ លោក សល់ ទួន ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគតិច​ទាំង ៩​គ្រួសារ​មាន​ទីលំនៅ​ក្នុង​ភូមិ​សោមគល់ ឃុំ​សោមធំ ក៏ប៉ុន្តែ​ពួកគេ​លក់​ដី​ចម្ការ​ផ្ទាល់ខ្លួន​អស់​ទើប​នាំ​គ្នា​ទៅ​កាប់​រាន​យក​ដី​របស់​សហគមន៍​ភូមិ​ផ្សេង។

លោក​ថា នេះ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ដូច​គ្នា​នេះ​ដែរ ដែល​ជនជាតិ​ដើម​លង់​ខ្លួន​លក់​ដី​យក​ប្រាក់​បំពេញ​តម្រូវការ​តាម​វប្បធម៌​សម័យ​ថ្មី​ទីបំផុត​ពួកគាត់​ប្រឈម​ទៅ​នឹង​បញ្ហា​ខ្វះ​ដី​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត៖ «មិន​ដែល​ថា អត់​ដី​ទេ ដី​គេ​មាន គេ​លក់ៗៗ ឲ្យ​គេ។ លក់​អស់​ដី​ហើយ​ទៅ​ចាប់ដី​គេ​ហ្នឹង​ណា!»

​សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ កាល​ពី​ដើម​ខែ​កក្កដា បាន​ប្រជុំ​ឯកភាព​គ្នា​គ្រោង​នាំ​គ្នា​ទៅ​រុះរើ​រោង​ស្នាក់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច ៩​គ្រួសារ​នោះ​ដោយសារតែ​មិន​ឃើញ​សមត្ថកិច្ច​ចុះ​ដោះស្រាយ​ការ​កាប់​ឆ្ការព្រៃ​សហគមន៍​តាំង​លំនៅ​ខុស​ច្បាប់​នេះ។

តំណាង​សហគមន៍​ភូមិ​ឡែ លោក សល់ ណក មាន​ប្រសាសន៍​ថា សមាជិក​សហគមន៍​ទាំង​អស់​ឯកភាព​គ្នា​មិន​ឲ្យ​មាន​ការ​តាំង​លំនៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ​ឡើយ។ លោក​កត់សំគាល់​​ថា តំបន់​នោះ​ជា​កន្លែង​ដាំ​ឈើ​ឡើង​វិញ ជា​សំណង​របស់​ក្រុមហ៊ុន​សម្បទាន ជា ច័ន្ទរិទ្ធ ដែល​បាន​​រំលោភ​ឈូស​ឆាយ​ព្រៃ​នោះ​ជាង ៣០​ហិកតារ​កាលពី​ឆ្នាំ​២០១២ ហេតុ​នេះ​សហគមន៍​រក្សា​កន្លែង​នោះ​សម្រាប់​ដាំ​ដើម​ឈើ​រាប់ពាន់​ដើម​បន្ថែម​ទៀត៖ «តាម​យោបល់​សហគមន៍​មិន​ឲ្យ​ធ្វើ​ទេ ឲ្យ​គេ​រុះរើ​ទាំង​អស់ ចាំ​តែ​អភិបាល​ស្រុក​ដោះស្រាយ​ឲ្យ។ ស្រុក​វាស់វែង​ហើយ ប៉ុន្តែ​គេ​មិនទាន់​ដោះស្រាយ»

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី ថ្លែង​បញ្ជាក់​ថា នេះ​ជា​​ករណី​មួយ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចាប់​អារម្មណ៍ ហើយ​ជួយ​រក​វិធានការ​អប់រំ​ជនជាតិ​ដើម​ភាគតិច​ពី​សារសំខាន់​នៃ​ដីធ្លី។ លោក​ថ្លែង​ថា ជនជាតិ​ដើម​ភាគតិច​នៅ​សហគមន៍​ផ្សេង​ទៀត​នៅ​ខេត្ត​រតនគិរី បាន​ក្លាយ​ជា​ជនរងគ្រោះ ព្រោះ​គ្មាន​ដីធ្លី​ដោយសារ​ខ្វះ​ការ​យល់​ដឹង​លក់ដូរ​ដី​ទៅ​ឲ្យ​ខ្មែរ​ចំណាក​ស្រុក៖ «ត្រង់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ទំនាស់​ខុស​ពី​ទម្លាប់​ប្រពៃណី។ ពី​មុន​គាត់​ខ្វះ​ដី​គាត់​ទៅ​កាប់​ពី​កន្លែង​​នេះ កន្លែង​នោះ ឬ​អាច​ខ្ចី​ដី​គ្នា​បាន។ ឥឡូវ​គ្រួសារ​ខ្លះ​គាត់​មិន​បាន​គិតគូរ​ច្បាស់ គាត់​លក់​ហើយ គាត់​​ចាយ​វាយ​ធ្វើ​ឲ្យ​គាត់​ខ្វះខាត​ដី»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ភូមិ​ឡែ បាន​ប្រជុំ​ឯកភាព​គ្នា​ទុក​ពេល​ឲ្យ​អ្នកភូមិ​ដែល​ចូល​ទៅ​តាំង​លំនៅ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​រហូត​ដល់​រដូវ​ប្រមូល​ផល ដើម្បី​ឲ្យ​អាជ្ញាធរ​រក​ទីតាំង​ថ្មី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ទាំង ៩​គ្រួសារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។