គណៈកម្មការបុណ្យសពលោកកែម ​ឡីអំពាវនាវឲ្យអ្នកចូលរួមប្រកាន់ធម៌អត់ធ្មត់​

គណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមទាំងអស់ប្រកាន់ នូវធម៌អត់ធ្មត់ ពេលដង្ហែសពទៅខេត្តតាកែវស្អែកនេះបើទោះជាមានឧបសគ្គអ្វីកើត ឡើងក៏ ដោយ។

សមាជិកគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ព្រះតេជគុណប៊ុត ប៊ុនតិញ មានថេរដីកា នៅក្នុងរោងបុណ្យប្រាប់អ្នកចូលរួមនៅរសៀលនេះថា អ្នកចូលរួមទាំងអស់ក្នុង ពិធីហែសពនៅថ្ងៃស្អែករក្សាការអត់ធ្មត់ឲ្យបានខ្ពស់បើទោះជា មានបញ្ហាអ្វីកើតឡើងក៏ដោយ ។

ព្រះតេជគុណបញ្ជាក់ថា បើសិនជាមានការបិទផ្លូវណាមួយពីសមត្ថកិច្ចនោះ សូមឲ្យ អ្នកចូលរួមរក្សាភាពស្ងៀមស្ងាត់អត់ធ្មត់ ហើយព្រះសង្ឃអាចឈប់នឹងសម្តែង ធម៌ទេសនានៅ ទីនោះតែម្តង។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញគឺ មានព្រះសង្ឃ២០០អង្គចូលរួម និង មានអ្នក ឧបត្ថម្ភរថយន្តជួយដឹកជញ្ជូនចំនួន៥៨គ្រឿង។

គណៈកម្មការរៀបចំបុណ្យបានប៉ាន់ប្រមាណថា អ្នកចូលរួមដង្ហែសពលោក កែម ឡី នៅថ្ងៃស្អែកនេះ នឹងមានយ៉ាងតិច៥០ម៉ឺននាក់។ ប្រភព៖ VOD


Related Posts