លោក Duterte៖ មិនមាន​ISIS​ទេ បើ​Saddam និង​Gaddafi នៅមាន​ជីវិត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-23-2016, 9:19 pm         1372

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte៖ មិនមាន​ISIS​ទេ បើ​Saddam និង​Gaddafi នៅមាន​ជីវិត​​ប្រធានាធិបតី​ដែល​ចូលចិត្ត​និយាយ​ត្រង់​របស់​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ (Rodrigo Duterte) បាន​រិះគន់​ដោយ​ប្រយោល​ទៅលើ​សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ជុំវិញ​ការកើតឡើង​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ លោក ឌើ​ទើ​តេ បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការសម្លាប់​មេដឹកនាំ​លី​ប៊ី និង​អ៊ីរ៉ាក់​ទេ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ក៏​មិនមាន​ឥទ្ធិពល​ដូច​សព្វថ្ងៃ​ដែរ​។

​ថ្លែង​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​រោងចក្រ​ផលិត​ថាមពល​នៅ Maguindanao នៅ​ថ្ងៃទី​២២ ខែកក្កដា លោក រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ បានលើកឡើង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម មាន​សមត្ថភាព​បង្កចលាចល​ពេញ​ពិភពលោក និង​បាន​គ្រប់គ្រង​តំបន់​ជាច្រើន​នៅ​មជ្ឈិមបូព៌ា​។ ប្រធានាធិបតី​រូបនេះ​ជឿថា ប្រសិនបើ​បុរស​ខ្លាំង​អ៊ីរ៉ាក់ Saddam Hussein និង​មេដឹកនាំ​លី​ប៊ី Muammar Gaddafi នៅមាន​ជីវិត ក្រុម​រដ្ឋ​ឥស្លាម នឹងមិន​អាច​ដូច​ពេលនេះ​ឡើយ​។

​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​ដល់​បញ្ហា​នេះ ខណៈ​លោក​កំពុងតែ​អធិប្បាយ​ពី​បញ្ហា​ចលនា​កុម្មុយនីស្ត​នៅ​ហ្វីលីពីន​។ លោក ឌើ​ទើ​តេ បាន​ដូរ​ប្រធានបទ និង​ថែមទាំង​រិះគន់​ការឈ្លានពាន​របស់​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​អ៊ីរ៉ាក់ នៅ​ឆ្នាំ​២០០៣​។ ការឈ្លានពាន​នេះ ក៏​នាំ​ដល់​ការចាប់​ប្រ​ធានា​ធីប​តី​អ៊ីរ៉ាក់ Saddam Hussein និង​បាន​កាត់ទោស​ព្យួរ​ក ក្រោម​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុង​ឆ្នាំ​២០០៦​។​

​បើតាម​សារព័ត៌មាន Rappler លោក ឌើ​ទើ​តេ បញ្ជាក់​ច្បាស់​ថា​៖ «​និយាយ​តាម​ត្រង់​! ប្រសិនបើ​ពួកគេ​មិន​សម្លាប់​លោក Saddam និង​មិន​សម្លាប់​លោក Gaddafi ទេ ISIS នឹង​មិនមាន​សមត្ថភាព​ដូច​បច្ចុប្បន្ននេះ​ទេ​។​» មួយទៀត​នោះ លោក ឌើ​ទើ​តេ មិនមែនជា​មនុស្ស​តែ​ម្នាក់​ទេ ដែល​និយាយ​រឿងនេះ សូម្បីតែ​លោក ដូ​ណា​ល់ ត្រាំ ក៏​បញ្ចេញយោបល់​ដូចគ្នា​ដែរ លើ​បញ្ហា​នេះ​។​

​ក្រៅពីនោះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ក៏បាន​និយាយ​ដល់​វិ​ប​ត្ត​ស៊ី​រី ដែល​សម្លាប់​មនុស្ស​អស់​រាប់ម៉ឺន​នាក់​ផងដែរ​។ លោក​និយាយថា ដំបូង​ពួកគេ​បំផ្ទុះ​អ៊ីរ៉ាក់ បន្ទាប់មក​បំផ្ទុះ​ស៊ី​រី​។ ហើយ​ប្រធានាធិបតី អាសាដ ក៏​ចាប់ផ្ដើម​បំផ្ទុះ​ប្រជាជន​ខ្លួនឯង​ដោយ​ប្រើ​សាំង ដែល​ធ្វើ​ឲ្យ​កុមារ ក៏ដូចជា​សហគមន៍​ទាំងមូល​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​។ ឥឡូវនេះ ស្ថានភាព​កាន់តែ​អាក្រក់ ព្រោះ​ពួកគេ​កាន់តែ​អស់សង្ឃឹម ហើយ​ក្រុម​ISIS មាន​គ្រប់​ទីកន្លែង​។

​យ៉ាងណាមិញ ប្រធានាធិបតី​ទើប​ចូលកាន់​តំណែង​នេះ បញ្ជាក់ថា ស្ថានភាព​នៅ​កោះ​មិន​ដា​ណាវ​ដែលមាន​សេចក្ដីរាយការណ៍​ថា មាន​វត្តមាន​ក្រុម​រដ្ឋ​ឥស្លាម​នោះ  មិន​ដូចគ្នា​នឹង​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​ទេ​។ លោក​សង្ក​ត​ធ្ងន់​ថា ក្រុម​រដ្ឋ​ឥស្លាម​នៅ​មជ្ឈិមបូព៌ា បាន​ឆ្លងកាត់​បទពិសោធន៍​ឈឺចាប់​។ មជ្ឈិមបូព៌ា​ត្រូវបាន​ពុះ​ជា​ចម្រៀក​ដោយ​អាមេរិក បារាំង ចក្រភព​អង់គ្លេស​។ ហើយ​លោក​ក៏​សួរ​វិញ​ថា​៖ «​ហេតុអ្វី​បានជា​យើង​ត្រូវ​ដើរ​តាម​ISIS នៅពេលដែល​មនុស្ស​នៅទីនេះ មិន​ត្រូវបាន​ជិះជាន់ ហើយ​យើង​ក៏​មិនបាន​ទម្លាក់​គ្រាប់បែក​ទៀត​នោះ​?»