តម្រួតថៃបន្តឃាត់ខ្លួននិងបញ្ជូនពលករខ្មែរ១២៩នាក់ឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង ៖ នេះជាលើកទី២ហើយក្នុងរយៈពេល១ខែនេះគេឃើញពលករខ្មែរធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃត្រូវតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជា វិញជាបន្តបន្ទាប់ ។ ពលករខ្មែរ១២៩នាក់ទៀតហើយស្នាក់នៅនិងធ្វើការងារខុស ច្បាប់ត្រូវតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។
តម្រួតថៃបន្តឃាត់ខ្លួននិងបញ្ជូនពលករខ្មែរ១២៩នាក់ឆ្លងដែនខុសច្បាប់

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅមានពលករខ្មែរ១៥៣នាក់ក៏ត្រូវបានតម្រួតថចាប់បញ្ជូនមក ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងរួចហើយផងដែរ គ្រាដែលគេមើលឃើញថាអាជ្ញាធរនិងសមត្ថកិច្ចថៃកំពុងរឹតបន្តឹងទៅលើការធ្វើចំណាកស្រុក ទៅរស់នៅនិងធ្វើការងារខុសច្បាប់ក្នុង ប្រទេសថៃនោះ ។ ការឃាត់ខ្លួនពលករខ្មែរ១២៩នាក់ក្រោយពីតម្រួតថៃរកឃើញថាពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាម ត្រឹមត្រូវ ។

សូមរំលឹកថា ពលករខ្មែរដែលធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ត្រូវគេមើលឃើញថាពួកគេភាគច្រើនធ្វើដំណើរៃតាមច្រករបៀងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដែលមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ ។

ពាក់ព័ន្ធនឹងការឆ្លងដែន ខុសច្បាប់នោះ ដែរកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា ពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរមនុស្សនិងកម្លាំងពលកម្មពីសំណាក់មេខ្យល់ខ្មែរនិងមេខ្យល់ថៃប្រឈមនឹងការចាប់ដាក់គុកធ្វើទារុណកម្មនិងបាញ់សម្លាប់ពីសមត្ថកិច្ចថៃនិងការធ្វើដំណើរតាមរថយន្តរត់គេចពីការតាមចាប់របស់តម្រួតថៃបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួស ផងដែរ ។ បញ្ហាប្រឈមទាំងនោះត្រូវគេ រាយការណ៍ឱ្យដឹងថាធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់ ។

ពលករខ្មែរ១២៩នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ក៏បានអប់រំពីសំណាក់សមត្ថកិច្ចកម្ពុជាឈរជើងនៅច្រកអន្តរជាតិដូងដោយណែនាំឱ្យពួកគាត់ឈប់ធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀត ហើយសំណូមពរឱ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសវិញ ៕ សំ វិច្ឆិកា

ប្រភព៖ Nokorwatnews

  • តម្រួតថៃបន្តឃាត់ខ្លួននិងបញ្ជូនពលករខ្មែរ១២៩នាក់ឆ្លងដែនខុសច្បាប់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/24  Category:កំសាន្ត
Tags: