៧ យ៉ាងដែល អ្នកម្តាយគួរតែធ្វើ ដើម្បីឲ្យទារក នៅក្នុងផ្ទៃ មានភាពឆ្លាតវៃ

ការមានផ្ទៃពោះ ទាមទារការយកចិត្តទុកដាក់ ខ្ពស់ខ្លាំងណាស់។ អំឡុងពេល ៩ ខែនេះ ជីវិតថ្មីមួយ កំពុងតែវិវឌ្ឍន៍ការរីកលូតលាស់ នៅក្នុងផ្ទៃរបស់ម្តាយ ដែលទាំងឪពុក ទាំងម្តាយ ព្យាយាមខិតខំប្រឹងប្រែង អនុវត្តន៍គ្រប់វិធីសាស្ត្រ ដើម្បីសម្រេចក្តីប្រាថ្នាធំបំផុតរបស់ពួកគេ គឺចង់ឃើញទារក កើតមកប្រកបទៅដោយបញ្ញា និងភាពវៃឆ្លាត។

ខាងក្រោមនេះ ជាចំណុចមួយចំនួន ដែលអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្ត បានយល់ស្របថា ពិតជាធ្វើឲ្យទារកក្នុងផ្ទៃ មានភាពវៃឆ្លាត ពិតប្រាកដមែន៖

១. អានសៀវភៅរឿង

បើទោះបីជាទារក មិនអាចយល់ពាក្យ ដែលអ្នកកំពុងនិយាយក៏ពិតមែន ប៉ុន្តែការអានសៀវភៅ នឹងធ្វើឲ្យទារក រងឥទ្ធិពលពីសំឡេង បើនិយាយឲ្យចំទៅគឺ ទារកនឹងចងចាំសំឡេងរបស់អ្នក។ អ្នកត្រូវដឹងថា គ្រឹះនៃភាសារបស់ទារក គឺអភិវឌ្ឍន៍តាំងពីក្នុងស្បូនមកម៉្លេះ ដោយទារកនឹងអាចស្តាប់ឮសំឡេង និងចងចាំទុក នៅអំឡុងពេលត្រីមាសទីបី។ ហេតុនេះអ្នកម្តាយគ្រប់រូប គួរតែអានសៀវភៅដែលអ្នកចូលចិត្ត ឬរឿងនិទានផ្សេងៗ ទៅកូនក្នុងផ្ទៃរបស់អ្នក ចាប់ពីថ្ងៃនេះភ្លាមទៅ។

២. ហាលថ្ងៃ

វីតាមីនពីពន្លឺព្រះអាទិត្យ ជាវីតាមីន D ដែលផ្តល់សារៈសំខាន់ណាស់ សម្រាប់អ្នកម្តាយ និងកូនក្នុងផ្ទៃ។ វីតាមីននេះ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលជួយកូនក្នុងផ្ទៃរបស់អ្នក អភិវឌ្ឍន៍ឆ្អឹងឲ្យរឹងមាំ និងមានសុខភាពល្អ។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបានលើកឡើងថា កង្វះជាតិវីតាមីន D អាចធ្វើឲ្យកុមារកើតមក មានបញ្ហាផ្លូវចិត្ត មិនចេះទំនាក់ទំនង ដែលគេហៅថា “autism”។ យ៉ាងហោចណាស់ ស្ត្រីមានផ្ទៃពោះ ត្រូវនៅក្រោមពន្លឺព្រះអាទិត្យ ឲ្យបាន ២០នាទី ជារៀងរាល់ថ្ងៃ។ អ្នកអាចថែរក្សា ស្បែករបស់អ្នកដោយលាបក្រែម ឬឡេជំនួយក៏បាន។

៣. របបអាហារ ដែលមានសុខភាពល្អ

អ្នកម្តាយ ត្រូវតែបរិភោគអាហារ ដែលមានសារធាតុចិញ្ចឹមច្រើន។ ការអភិវឌ្ឍន៍ខួរក្បាលរបស់ទារក មានភាពត្រឹមត្រូវបាន អាស្រ័យលើរបបអាហាររបស់ម្តាយ ដែលមានជាតិវីតាមីន និងជាតិរ៉ែគ្រប់គ្រាន់។ កង្វះនៃជាតិដែក កាល់ស្យូម ជាតិ iodine និងសារធាតុរ៉ែផ្សេងទៀតអាចបណ្តាលឲ្យ ទារកធំឡើង រៀនមិនសូវពូកែ ចាប់បានយឺតជាងគេ មាន IQ ទាប និងបញ្ហាផ្សេងៗទៀត។

អ្នកអាចឃ្លានអី ញ៉ាំហ្នឹង ប៉ុន្តែលើកលែង អាហារដែលសំបូរជាតិ បារត។ ភាគច្រើន ជាតិបារត មានក្នុងត្រីសមុទ្រ ដូចជា ត្រីឆ្លាម ត្រីធូណា និង Swordfish ហេតុនេះ អ្នកគួរតែជៀសវាងអាហារប្រភេទនេះ តាមដែលអាចធ្វើទៅបាន។ ផ្ទុយមកវិញ ត្រីដែលសំបូរអាស៊ីតខ្លាញ់ ដូចជា ត្រីសាល់ម៉ុង គឺល្អបំផុតសម្រាប់អ្នកម្តាយ។ មួយវិញទៀត កង្វះអាស៊ីតហ្វូលិក ធ្វើឲ្យទារកអាចមានបញ្ហា ខូរក្បាល និងឆ្អឹងខ្នង។ ហេតុនេះអ្នកអាចស្វែងរក អាស៊ីតហ្វូលិក ពីផ្លែក្រូច ខាត់ណា ថ្លើមសត្វ បន្លែស្លឹកពណ៌បៃតង សណ្តែក -ល-។ សម្រាប់ សាច់ជ្រូក និងស៊ុតក្រហម មានផ្ទុកទៅដោយ DHA ដែលជាសារធាតុ ធ្វើឲ្យទារកមានបញ្ញាឆ្លាតវៃ។ 

៤. លំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកំពស់កម្រិត IQ របស់ទារក។ លំហាត់ប្រាណ ដែលមានផលប៉ះពាល់ទាប ដូចជា ដើរ ឬហែលទឹក អាចព្រឹងចលនាឈាមគ្រប់គ្រាន់ សម្រាប់ទារក ដើម្បីបង្កើនសារធាតុចិញ្ចឹម ទៅជម្រុញការអភិវឌ្ឍន៍ខួរក្បាល។ នៅពេលដែលអ្នកហាត់ប្រាណ អរម៉ូនជាច្រើន ធ្វើដំណើរឆ្លងកាត់ទងសុក ដែលដូចជាការលាងសម្អាតទារក ឲ្យមានអារម្មណ៍ស្រស់ថ្លា បានដល់ទៅ ៨ ម៉ោងទៀតផង។ ការស្រាវជ្រាវចុងក្រោយបង្ហាញថា ការហាត់ប្រាណ នៅពេលកំពុងមានផ្ទៃពោះ អាចបង្កើនកោសិកាប្រសាទ ដល់ទារក ហៅថា Hippocampus ដែលជាផ្នែករៀនសូត្រ និងអង្គចងចាំ របស់ខួរក្បាល បានរហូតដល់ទៅ ៤០%។

៥. ចៀសវាងអារម្មណ៍ស្រ្តេស

ស្រ្តីមានផ្ទៃពោះ មិនត្រូវមានអារម្មណ៍តានតឹងទេ ទោះបីជាក្នុង កាលៈទេសៈណាក៏ដោយ មិនថាជាអារម្មណ៍ ខ្វល់ខ្វាយ កើតទុក្ខ ឬព្រួយបារម្ភឡើយ។ ប្រសិនបើមិនដូច្នេះទេ ភាពតានតឹង នឹងបង្កើតអរម៉ូន cortisol ដែលអាចបង្កឲ្យមានដំណើរការ ខួរក្បាលខុសប្រក្រតី ជាពិសេស ក្នុងអំឡុងត្រីមាសដំបូង។ ជាក់ស្តែង អ្នកអាចហ្វឹកហាត់ការអត់ធ្មត់ តាមរយៈការធ្វើសមាធិ ឬហាត់យូហ្គាជាប្រចាំ ដើម្បីជួយសម្រួលអារម្មណ៍តានតឹង របស់អ្នក។

៦. និយាយជាមួយទារក

ទារក អាចសម្គាល់សំឡេងបាន ទោះជានៅក្នុងស្បូនក៏ដោយ។ ដូច្នេះ អ្នកគួរតែនិយាយជាមួយទារក ដោយប្រាប់ ពីសេចក្តីស្រលាញ់របស់អ្នក ឬច្រៀងចម្រៀងបែបកុមារ គឺសុទ្ធតែជារឿងល្អបំផុត។ ស្របពេលជាមួយគ្នានោះដែរ អ្នកក៏ត្រូវឲ្យទារកស្តាប់សំឡេង របស់ឪពុក បងប្អូន និងសមាជិកគ្រួសារដទៃទៀត ដើម្បីអភិវឌ្ឍន៍ IQ និងចំណេះដឹងភាសា របស់ទារក។

៧. បង្កើនភាពស្និទ្ធស្នាល

នៅអំឡុងខែទី ៤ ឬទី ៥ នៃការមានផ្ទៃពោះ ទារកចាប់ផ្តើម មានចលនា នឹងអាចទទួលអារម្មណ៍ដែលយើងប៉ះបាន។ នៅខែទី ៧ និងទី ៨ អ្នកនឹងដឹងថា ទារកក្នុងផ្ទៃ កម្រើក និងទាត់ធាក់នៅក្នុងពោះ ជាមិនខានទេ។ អ្នកម្តាយមួយចំនួន អាចប៉ះ និងស្ទាបដឹងរាងកាយ របស់ទារកដូចជា ជើង បាតដៃ និងក្បាល ទៀតផង។ នេះហើយ គឺជាពេលដែលអ្នកត្រូវ បង្កើតភាពស្និទ្ធស្នាល ជាមួយទារក តាមរយៈការប៉ះ ការស្ទាបអង្អែល របស់អ្នក។ សកម្មភាពនេះ នឹងរំញោច ខួរក្បាលរបស់ទារក ឲ្យទទួលបាននូវអារម្មណ៍កក់ក្តៅ តាមកាយវិញ្ញាណ និងបង្កើន IQ ទារកបានទៀតផង៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៧ យ៉ាងដែល អ្នកម្តាយគួរតែធ្វើ ដើម្បីឲ្យទារក នៅក្នុងផ្ទៃ មានភាពឆ្លាតវៃ

៧ យ៉ាងដែល អ្នកម្តាយគួរតែធ្វើ ដើម្បីឲ្យទារក នៅក្នុងផ្ទៃ មានភាពឆ្លាតវៃ

៧ យ៉ាងដែល អ្នកម្តាយគួរតែធ្វើ ដើម្បីឲ្យទារក នៅក្នុងផ្ទៃ មានភាពឆ្លាតវៃ