Huawei ធ្វើ​យុទ្ធនាការ​ធំៗ​ជំរុញ​ការ​លក់​ទូរសព្ទ​ត្រកូល​ថ្មី P9

ក្រុមហ៊ុន Huawei បាន​បង្ហាញ​ពី​ការ​លក់​ជា​ឯតទគ្គកម្ម​សម្រាប់​ទូរសព្ទ​ជំនាន់​ចុងក្រោយ​ត្រកូល P9 និង P9 Plus បន្ទាប់​ពី​ក្រុមហ៊ុន​បាន​អះអាង​ពី​តម្រូវការ​ដ៏​ខ្ពស់ រហូត​ដល់​ប្រកាស​លក់​ដាក់​ស្តុក។ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ពី​ការ​ធ្វើ​យុទ្ធនាការ​ធំៗ ដើម្បី​ជំរុញ​ការ​លក់​ទូរសព្ទ​នេះ​នៅ​លើ​ទីផ្សារ។

 

លោក Jacson នាយក​គ្រប់គ្រង Huawei Mobile Device បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ជោគជ័យ​ជាបន្តបន្ទាប់​ក្នុង​ការ​លក់​ចេញ​លក់​កំពូល​ស្មាតហ្វូន​ស៊េរី​ចុងក្រោយ​បំផុត​គឺ Huawei P9 & P9 Plus លើ​ទីផ្សារ​កម្ពុជា​រួច​មក ក្រុមហ៊ុន Huawei ពុំ​បង្អង់​ដៃ​ឲ្យ​គូប្រជែង​ឡើយ។ ក្រុមហ៊ុន​នឹង​ធ្វើ​យុទ្ធនាការ​ធំៗ ដើម្បី​ជំរុញ​ការ​លក់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ឲ្យ​ឈាន​ទៅ​សម្រេច​ផែនការ​លក់​ក្នុង​ឆ្នាំ ២០១៦ នេះ។

 

Huawei ធ្វើ​យុទ្ធនាការ​ធំៗ​ជំរុញ​ការ​លក់​ទូរសព្ទ​ត្រកូល​ថ្មី P9

 

លោក​ថា ក្រុមហ៊ុន​នឹង​រៀបចំ​ការ​ប្រកួត​​ប្រជែង​ថត​រូប ក៏​ដូចជា​ការ​ផ្តល់​រង្វាន់​ធ្វើ​យ៉ា​ង​ណា​ឲ្យ​អតិថិជន​បាន​ស្វែង​យល់​និង​ស្គាល់​ពី​​ម៉ាក​ទូរសព្ទ​មួយ​នេះ។

 

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ Huawei មិន​បាន​បង្ហាញ​ពី​បរិមាណ​លក់ P9 និង P9 Plus បើ​ទោះ​បី​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន បន្ទាប់​ពី​ការ​ចេញ​លក់​លើ​ទីផ្សារ ។

 

លោក​ឯម យុទ្ធូ ប្រធាន​ផ្នែក​ទំនាក់ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei ធ្លាប់​បាន​បញ្ជាក់​កន្លង​ទៅ​ថា ក្រុមហ៊ុន​បាន​ដាក់​គោលដៅ​លក់​ទូរសព្ទ P9 និង P9 Plus ឲ្យ​បាន​ចំនួន ១ ០០០ គ្រឿង​ក្នុង​មួយ​ខែ។

 

លោក​ថា ទោះ​បី​ទីផ្សារ​ទូរសព្ទ​កំពុង​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង ហើយ​ក្រុមហ៊ុន​ទូរសព្ទ​នានា​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​ថ្មីៗ ដើម្បី​ទាក់ទាញ​អតិថិជន លោក​មាន​រំពឹង​ទុក​សម្រាប់​ផលិតផល​ទូរសព្ទ​របស់​ខ្លួន ដោយ​លើក​ឡើង​ពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​​ ដែល​អាច​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់ ដែល​នឹង​នាំ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​អ្នក​ប្រើប្រាស់​ទូរសព្ទ​ជំនាន់​ថ្មី។

 

​ក្រុមហ៊ុន​ Huawei បាន​ធ្វើ​យុទ្ធនាការ​ទីផ្សារ​​យ៉ាង​​ខ្លាំង ដោយ​បាន​សហការ​ជាមួយ​បណ្តា​ហាង​ជា​ដៃគូ ក៏​ដូចជា​ការ​ធ្វើ​ទីផ្សារ​ជាមួយ​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត។

 

ក្រុមហ៊ុន​បាន​​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កំពូល​តារា​ចម្រៀង មាស សុខសោភាព ដែល​ដឹង​ថា​បាន​ចំណាយ​ខ្ពស់​សម្រាប់​ការ​នាំ​តារា​ចម្រៀង​ជួរ​មុខ​នេះ​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផផល​របស់​ខ្លួន។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ទីផ្សារ​ជាមួយ​អ្នក​សិល្បៈ​ល្បីៗ​មួយ​ចំនួន​ទៀត​ដូចជា​អ្នកនាង ខៀវសានសាណា ពិធីការិនី​ដ៏​ល្បី​ឈ្មោះ ដែល​តែង​តែ​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​តូច​ធំ​របស់​ក្រុមហ៊ុ​នេះ។

 

ប៉ុន្មាន​ខែ​ទៀត​នេះ Samsung គ្រោង​បញ្ចេញ​លក់ Note 7 ក៏​ដូចជា Apple ក៏​នឹង​បង្ហាញ iPhone ជំនាន់​ថ្មី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ ដែល​គេ​គិត​ថា​ទីផ្សារ​នឹង​កាន់​តែ​ប្រជែង​គ្នា​សម្រាប់​ក្រុមហ៊ុន​​ទូរសព្ទ​កំពូល​ទាំង ៣ នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា