សំឡេង​ផ្ទុះ​លើ​មេឃ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​មនុស្ស​មួយ​ទីក្រុង​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​

    ​ប្រជាជន​នៃ​ទីក្រុង​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​អា​ហ្ស​ង់​ទីន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ការផ្ទុះ​ដ៏​ធំ​មួយ​បាន​ធ្វើឱ្យរញ្ជួយ​អគារ​ជាច្រើន ប៉ុន្តែ​មូលហេតុ​បង្កឱ្យមាន​ហេតុការណ៍​នេះ​ឡើង​គឺ​បណ្តាលមកពី​បាតុភូតធម្មជាតិ ផ្ទុះ​អាចម៍ផ្កាយ​លើ​មេឃ​។ 

​    ​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង General Roca ដែលមាន​ប្រជាជន ៨៥.០០០ នាក់ ដោយ​ក្នុងពេលនោះ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង​បាន​បណ្ដាលឱ្យ​អគារ​និង​បង្អួច​ញ័រ​រញ្ជួយ​។​

​    ​ចៅហ្វាយក្រុង​លោក Martin Soria បាន​និយាយថា "​អ្វីៗ​គឺ​ញ័រ​ទាំងអស់​សូម្បីតែ​មនុស្ស​"​។​

​    ​ទាំង​ប៉ូលិស ក្រុម​ពន្លត់អគ្គីភ័យ និង​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ ប៉ុន្ដែ​មិនបាន​រកឃើញ​ភស្ដុតាង​អំពី​គ្រាប់បែក​ផ្ទុះ​ឬក៏​អ្វីមួយ​ពី​ការរញ្ជួយ​នេះ​ទេ​។​

​    ​ទីបំផុត​អ្នកវិទ្យាសាស្ត្រ​ជួបគ្នា​រកឃើញ​មូល​ហេតុថា អាចម៍ផ្កាយ​មួយ​បាន​ចូលមកក្នុង​បរិយាកាស​ផែនដី​ប្រហែល ១ ម៉ឺន​ម៉ែត្រ​ពីលើ​ក្បាល និង​ធ្វើដំណើរ​ក្នុង​រយៈ​ល្បឿន ២៥០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​លោក Roberto Figueroa តារាវិទូ​នៅ Neuquen បាន​និយាយថា "​វា​បានធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​ភ្ញាក់ផ្អើល ពីព្រោះ​បាន​ចូលមកក្នុង​បរិយាកាស​ផែនដី​នៅ​តំបន់​ដែល​គ្មាន​មនុស្ស​នៅ​មួយ​។ ប្រសិនបើ​វា​ធ្លាក់​នៅក្នុង​វាល​ខ្សាច់ សមុទ្រ និង​តំបន់​អង់តាក់ទិក នោះ​យើង​នឹង​មិនដែល​បានដឹង​ពី​វា​នោះឡើយ​"​។​

​    ​គាត់​បាន​ប៉ាន់ប្រមាណ​ប្រវែង​អាចម៍ផ្កាយ​កាលពី​ថ្ងៃ​ពុធ​នោះ​ថា​វា​មាន​អង្កត់ផ្ចិត ១២ ម៉ែត្រ មុនពេល​វា​ផ្ទុះ​ទៅជា​បី​បំណែក​៕
ប្រភព៖ Daily Mail