ក្បួន​ដង្ហែ​សព​លោក កែម ឡី បាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ ដោយ​ប្រើពេល​ជិត​៨​ម៉ោង​ និពន្ធដោយ : ថ្មីៗ       July-24-2016, 3:32 pm         44

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្បួន​ដង្ហែ​សព​លោក កែម ឡី បាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ ដោយ​ប្រើពេល​ជិត​៨​ម៉ោង​​នៅវេលា​ម៉ោងជាង​៣ រសៀល​នេះ ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី បាន​ទៅដល់ចំណុចផ្សា​ប៉ាងសី ឃុំខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​ហើយ ដែលមាន​ចម្ងាយ​ប្រមាណ​ជា៦០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ ក្បួន​ដង្ហែ​សព​លោក កែម ឡី កំពុង​បន្តដំណើ​យ៉ាង​សន្សើមៗ ដើម្បី​បន្ត​ឆ្ពោះទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ ពិធី​ដង្ហែ​សព​លោក កែម ឡី ព្រឹក​នេះ មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។​

​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ ក្បួន​ដង្ហែ​សព​លោក កែម ឡី អាច​នឹង​ទៅដល់​គេហដ្ឋាន​របស់លោក កែម ឡី នៅ​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​នេះ ដូច​ការគ្រោងទុក​រប​ស់​គណៈកម្មការ​រៀបចំ​បុណ្យសព​។​

​ជាការ​គួរ​ឲ្យ​កត់សម្គាល់ គេ​សង្កេតឃើញថា នៅតាម​ដងផ្លូវ​មាន​មនុស្សម្នា​ជាច្រើន​នាក់​បាន​ចេញមក​ស្វាគមន៍ និង​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណទុក្ខ​លោក កែម ឡី​។ ប៉ុន្ដែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​តាម​ដងផ្លូវ​បែ​ជា​បាន​បិទទ្វា ចំ​ថ្ងៃ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅវិញ​។

​បើតាម​អ្នករាយការណ៍​របស់​សារព័ត៌មាន​ថ្មីៗ ប្រជាពលរដ្ឋ​ដែល​យានជំនិះ​ពលរដ្ឋ​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី មួយចំនួន បាននាំគ្នា​ចុះបណ្ដើរ​យានជំនិះ​ពួកគេ ដោយសារតែ​បញ្ហា​អស់​សាំង​តាមផ្លូវ​ដង្ហែ​សព​លោក កែម ឡី ទៅ​ដ​ម្ក​ល់​នៅ​ស្រុកកំណើត​នេះ​។​

​អ្នកសារព័ត៌មាន​ថ្មីៗ ដែល​បាន​សាកសួរ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​ចូលរួម​ដង្ហែ​លោក កែម ឡី នេះ ពួកគេ​ទាំង​នោះបាន​អស់​សាំង​ម៉ូតូ​ចាប់​តាំង​ឆ្លង​ផុត​រង្វង់​មូល​ចោមចៅ​មក​ម្លេះ ហើយ​ស្ថានីយ៍​សាំង​នៅតាម​ផ្លូវ​មួយចំនួន ដែល​ធ្លាប់​បើក​ដំណើរការ​នោះ​បែ​ជា​បិទទ្វា​ចំ​ថ្ងៃ​ដង្ហែ​សព​លោក កែម ឡី ទៅវិញ ។ ពលរដ្ឋ​ទាំងនោះ​ដាក់​ការងឿងឆ្ងល់​យ៉ាងខ្លាំង ថា តើ​មូលហេតុ​បានជា​បិទទ្វា​ស្ថានីយប្រេងឥន្ធនៈ​ចំពេល​នេះ​? តែ​យ៉ាងណា​ពួកគេ​នៅតែ​រួញរា​ក្នុង​បន្តដំណើរ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកសារព័ត៌មាន​ថ្មីៗ​ដែល​បាន​ផ្ដិត​រូបភាព​និង​តាមដាន​ព័ត៌មាន​នៃ​ពិធី​ដង្ហែ​សព​លោក កែម ឡី នេះ មិនអាច​សុំ​ទាក់ទង​បុគ្គលិក និង​ម្ចាស់​ស្ថាន​នី​យ៍​ប្រេងឥន្ធនៈ បានទេ ដោយសារតែ​ទីតាំង​ទាំងនោះ​គ្មាន​មនុស្ស​ប្រចាំការ​។​