សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​ថា​មាន​មនុស្ស​អុកឡុក​ការ​ប្រជុំ​រចនាសម្ព័ន្ធ​បក្ស

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ ចោទ​ប្រកាន់​ថា មាន​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​ដែល​ស្លៀកពាក់​ជា​ជន​ស៊ីវិល ព្រម​ទាំង​សមត្ថកិច្ច​ប៉ូលិស​ផង បាន​នាំ​គ្នា​ចូល​ទៅ​ឆាឆៅ​កិច្ច​ប្រជុំ​រចនាសម្ព័ន្ធ​បក្ស​របស់​ពួក​គេ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​អូរគគីរកណ្ដាល នៃ​ស្រុក​អន្លង់វែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ គឺ​លោក ម៉ោញ សារ៉ាត។ លោក​អះអាង​នៅ​ម៉ោង​ប្រមាណ ៥​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​កក្កដា ថា កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ រូប​លោក​បាន​ចុះ​ទៅ​ប្រជុំ​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​ស្រុក​អន្លង់វែង ភាគ​ខាង​ជើង​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ នៅ​ពេល​ដែល​រូប​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៧០​នាក់​កំពុង​ជួប​ប្រជុំ ក៏​ស្រាប់​តែ​មាន​ក្រុម​មនុស្ស​ប្រុស​ជាច្រើន​នាក់ បាន​នាំ​គ្នា​ទៅ​ស្រែក​ឡូឡា​រំខាន។ បន្ថែម​លើ​នោះ មាន​ប៉ូលិស​ខ្លះ​ទៀត​ក៏​បាន​ចូល​ទៅ​ថត​រូប ហើយ​លោក​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង។

លោក ម៉ោញ សារ៉ាត ថ្លែង​បន្ត​ថា «សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាច​រអែង​ដែរ​នៅ​ពេល​ដែល​មាន​គេ​ដូច​នាំ​ក្មេង​ស្ទាវ​មក​ធ្វើ​ជា​ស្រវឹង ស្រែក​ឡូឡា​អ៊ីចឹង ប៉ុន្តែ​យើង​ដឹង​ថា ពួក​ហ្នឹង​ជា​កម្លាំង​ប្រដាប់​អាវុធ​ដែល​មិន​ស្លៀកពាក់​ឯកសណ្ឋាន»

លោក ម៉ោញ សារ៉ាត ឲ្យ​ដឹង​ថា ការ​ជួប​ប្រជុំ​គណបក្ស​នោះ គឺ​លោក​មិន​បាន​ប្រាប់ ឬ​ក៏​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ទេ ដោយសារ​ការ​ប្រជុំ​នោះ គឺ​ធ្វើ​ឡើង​ប្រចាំ​ខែ ដោយ​បាន​អញ្ជើញ​ក្រុម​ការងារ​ប្រតិបត្តិ​ស្រុក ប្រតិបត្តិ​ឃុំ និង​ភូមិ មក​ពិភាក្សា ដើម្បី​ជជែក​រឿង​ការងារ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។