សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

សាលារាជធានីភ្នំពេញ ពិតជាបានបញ្ជាឲ្យបិទ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​នានា នៅក្នុងរាជធានី ក្រោមមូលហេតុថា ដើម្បី​រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់ របៀបរៀបរយ។ នេះបើតាមលិខិតមួយ ចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ដោយ​លោក​អភិបាល​រង ឃួន ស្រេង។
សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

ទិដ្ឋភាពមួយនៃការដង្ហែសពលោក កែម ឡី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ឆ្ពោះទៅកាន់​ស្រុក​កំណើត​របស់លោក ក្នុង​ខេត្តតាកែវ។ (រូបថតហ្វេសប៊ុក)

អ្នកផងពិតជា​មាន​អារម្មណ៍​ចម្លែក​ណាស់ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃដង្ហែសពលោក កែម ឡី នេះ បណ្ដាស្ថានីយ៍ប្រេង​ឥន្ទនៈនានា (ឬមួយចំនួនធំ) បានបិទទ្វា​មិនបម្រើសេវាកម្ម​ ដល់អតិថិជន​របស់​ខ្លួន។ តើនោះ មកពីម្ចាស់ស្ថានីយ៍ បានស្ម័គ្រចិត្ត​បិទទ្វាស្ថានីយ៍​របស់ខ្លួន​មួយថ្ងៃ ដើម្បីចូលរួមមរណទុក្ខ ឬយ៉ាង​ហោាច​ណាស់ ចូលរួមក្នុងឱកាស នៃការដង្ហែសពលោក កែម ឡី ដោយសារតែមរណៈភាពរបស់លោក បាន​កើត​ឡើង​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ដូចគ្នាឬ?

មិនអញ្ចឹងទេ! បើតាមលិខិមួយ ចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដោយលោក ឃួង ស្រេង បាន​ឲ្យដឹងថា គឺសាលារាជធានីនេះតែម្ដង ដែលបានបញ្ជាទៅគណៈអភិបាល នៃខណ្ឌទាំង៨ របស់​រាជធានី​ភ្នំពេញ ឲ្យណែនាំទៅបណ្ដា​ម្ចាស់​អាជីវកម្ម​លក់ហ្គាស និងស្ថានីយ​ប្រេងឥន្ទនៈ​គ្រប់ប្រភេទ ឲ្យ«ផ្អាកសកម្មភាព​លក់​ដូរ ចំនួន១ថ្ងៃ គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦»។ លោក ឃួង ស្រេង ដែលជាអភិបាលស្ដីទី នៃគណៈអភិបាល​រាជធានី​ភ្នំពេញ បាន​សំអាងហេតុផល​នៅក្នុងលិខិតនោះ ថាគឺ«ដើម្បីរក្សាបាន នូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ និងរបៀបរៀបរយសាធារណៈ» ក្នុងពិធីដង្ហែសព​លោកបណ្ឌិត កែម ឡី។

សូមអានលិខិតនេះទាំងស្រុង ដូចតទៅ៖

សាលា​រាជធានី​បាន​បញ្ជា ​​ឲ្យ​«បិទ»​​ស្ថានីយ៍​ប្រេង​​ឥន្ទនៈ ក្នុង​ថ្ងៃ​ហែ​សព

លោក ប៉ា ងួនទៀង ដែលជាសមាជិកមួយរូប នៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បាន​ប្រតិកម្ម​យ៉ាងខ្លី ទៅនឹងលិខិតនេះថា៖ «ព្រឹកមិញនេះ ខ្ញុំខំគិតជាវិជ្ជមាន ដោយប៉ាន់ស្មានអាជីវករ​បិទស្មគ្រ័ចិត្ត ប៉ុន្តែ​អាជ្ញាធរ​ក្រុង បញ្ជារអោយបិទអាជីវកម្មហ្គាស និងសាំង។ ម៉ូតូចូលរួមហែរសពជាច្រើនអត់សាំង ចាក់​តាម​ផ្លូវ។»៕