បន្ទាប់ពីឈ្លោះ​គ្នា​រួច ​នារី​ម្នាក់​លេបថ្នាំ​ងងុយដេក​ជា​ច្រើន​គ្រាប់

ខេត្តរតនគិរី ៖ នារី​វ័យក្មេង​ម្នាក់​បាន​គិត​ខ្លី​បាន​លេបថ្នាំ​ងងុយដេក​អស់​ជា​ច្រើន​គ្រាប់​ប៉ង​សម្លាប់​ខ្លួន​បន្ទាប់​ពី​មាន​ជម្លោះ​តាម​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​រួច ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កំពង់ចាម ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វ៉ើ​ន​សៃ ។

សមត្ថកិច្ច​ស្រុក​វ៉ើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា​មាន​នារី​រង​គ្រោះ​ឈ្មោះ នួន សម្ផស្ស ហៅ ដា អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​លីវ មានស្រុក​កំណើត នៅ​ភូមិ​ក្រាំ​ថ្កូវ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គ​ជ័យ ខេត្តកំពត បាន​មក​លេង​ផ្ទះ​មិត្តភក្តិ​ឈ្មោះ កេះ សឿ នៅ​ភូមិ​-​ឃុំ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​ពី​មិត្តភក្តិ​របស់​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះជា​មិត្តភក្តិ​បាន​និយាយ​ទូរស័ព្ទ​ទៅ​រក​មិត្តភក្តិ​ផ្សេង​ទៀត ក៏​ប៉ុន្តែ​មិនដឹង​ថា​ប្រុស​ឬ​ស្រី​នោះ​ទេ ហើយ​ក៏​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ស្រាប់តែ​កន្លះ​ម៉ោង​ក្រោយមក បាន​ចូល​ក្នុង​បន្ទប់ដេក ក៏​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​តែ​ម្តង ឃើញ​សភាពការណ៍​បែប​នេះ​ត្រូវ​បាន​មិត្តភក្តិ​របស់​នាង និង​អ្នក​ភូមិ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ដើម្បី​ជួយ​សង្គ្រោះ ។

បើ​តាម​សម្តី​គ្រូពេទ្យ​បង្អែក​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​រង​គ្រោះ ពេល​នេះ​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​រួច​ពី​សេចក្តីស្លាប់​ហើយ ដោយ​នាង​បាន​លេបថ្នាំ​ងងុយដេក​អស់​ជាង​១០​គ្រាប់ ៕