លោក TRUMP ថា អា​មេ​រិ​ក​គ្មាន​សិទ្ធិ​ស្តីប្រដៅ​បណ្តា​ប្រទេស​កំពុង​មាន​វិបត្តិ​ផ្ទៃក្នុង​ឡើយ

កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​មកនេះ ថា បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណបក្ស​សាធារណរដ្ឋ​លោក DONALD TRUMP ថ្លែង​ថា សហរដ្ឋ​អា​េ​ម​រិ​ក​ពុំ​មាន​សិទ្ធិ​ណាមួយ​ស្តីប្រដៅ​ប្រទេស​ឯទៀត​ៗ ពេល​ប្រទេស​ខ្លួនឯង​កំពុង​កើត​មាន​ចលាចល​ដែរ​នោះ​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​មុន​ពេល​ទទួលយក​ជា​ផ្លូវការ​នូវ​ការ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី នា​ឱកាស​សមាជ​គណ​ក្ស​សាធារណរដ្ឋ​នៅ​ក្រុង CLEVELAND រដ្ឋ​អូ​ហៃ​យ៉ូ លោក TRUMP ថ្លែង​ទៅ​កាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា សហរដ្ឋ​អា​មេ​រិ​ក​ត្រូវ​តែ​ដោះស្រាយ​បណ្តា​បញ្ហា​របស់​ខ្លួន​ផ្ទាល់ មុន​ប៉ុនប៉ង​ប្រើ​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​ប្រទេស​ឯទៀត​ៗ ។ លោក​អះអាង​ថា ខ្ញុំ​ពុំ​យល់​ថា យើង​មាន​សិទ្ធិ​ធ្វើការ​ស្តីប្រដៅ​នានា​ឡើយ​។ តើ​យើង​អាច​ផ្តល់​មេរៀន​ដល់​គេ​បែប​ណា ពេល​ដែល​មនុស្ស​ទាំងឡាយ​កំពុង​តែ​សម្លាប់​ប៉ូលិស​​យើង​ទាំង​ឈាម​ត្រជាក់​នោះ ? លោក​ចង់​និយាយ​សំដៅលើ​ឧប្បត្តិហេតុ​នា​ពេល​ថ្មី​ៗ ដែល​សម្លាប់​ប៉ូលិស​អា​មេ​រិ​ក​៨​នាក់ ព្រមទាំង​ធ្វើ​ឱ្យ​របួស​ប្រមាណ​ជា​១០​នាក់​ទៀត​ដោយសារ​ការ​បាញ់​របស់​ជន​ស្បែក​ខ្មៅ ប្រហែលជា​ការ​សងសឹក ក្រោយ​ការ​សម្លាប់​ជន​ស្បែក​ខ្មៅ​២​នាក់ ដោយ​ប៉ូលិស​នៅ​រដ្ឋ​ល្វី​ហ្សា​ណា និង​រដ្ឋ​មី​នី​សូ​តា​។ ឧប្បត្តិហេតុ​ទាំង​នេះ​នាំ​ឱ្យ​ផ្ទុះ​បាតុកម្មហិង្សា​ក្នុង​ទូ​ទាំង​ប្រទេស ខណៈ​ភាព​តានតឹង​ខាង​ពូជសាសន៍​កំពុង​មានការ​កើនឡើង ។

ក្នុង​បទ​សម្ភាសន៍​នោះ លោក TRUMP ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​និយាយ​ត្រង់​ៗ​អះអាង​ផ្ទួន​ៗ​ថា លោក​ចង់​កំណត់​ផលប្រយោជន៍​អា​េ​ម​រិ​កលើ​ឆាក​អន្តរជាតិ​ស្ទើរតែ​ផ្តោត​លើ​សេដ្ឋកិច្ច​សុទ្ធសាធ ។ លោក​រហូត​ដល់​ធ្លាប់​លើក​ឡើង​ថា ប្រសិនបើ​លោក​ជាប់​ឆ្នោត​នឹង​មានការ​ពិនិត្យ​ឡើង​វិញ ដោយ​ស្វ័យប្រវត្តិ ការ​ធានា​សន្តិសុខ ដែល​សហរដ្ឋ​អា​មេ​រិក​ផ្តល់​ដល់​បណ្តា​សម្ព័ន្ធមិត្ត​អូតង់​ទៀត​ផង ។ លោក​ថា ការ​ដាក់​ពង្រាយ​កងទ័ព​អា​មេ​រិ​ក​នៅ​បរទេស ទោះបីជា​ចង់​ក៏​នឹង​មិន​ចាំបាច់​ដែរ បើ​ចាំបាច់​សហរដ្ឋ​អា​មេ​រិ​ក​អាច​ដាក់​ពង្រាយ​កងទ័ព តែ​ក្នុង​ដែនដី​ខ្លួន​ដែល​បែប​នេះ​ពិតជា​ចំណាយ​លុយ​តិច ។

ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី​ដែល​នាំ​ឱ្យ​មាន​ភាព​កករ​ល្អក់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ព្រោះ​តួ​ក​គី​ចោទ​លើ​ប្រមុខ​សាសនា​តួ​ក​គី​ម្នាក់​រស់នៅ​សហរដ្ឋ​អា​មេ​រិ​កថា​ជា​អ្នក​រៀបចំ លោក TRUMP បាន​សរសើរ​ប្រធានាធិបតី​លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ដែល​អាច​កែប្រែ ស្ថានការណ៍​បាន ។

ខុស​ពី​រដ្ឋាភិបាល លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លោក TRUMP ពុំ​បាន​អំពាវនាវ​ឱ្យ​តួ​ក​គី​គោរព​នីតិរដ្ឋ​ក្នុង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ក្រោយ​រដ្ឋប្រហារ​ឡើយ ។ លោក​ថា ពេល​ពិភព​លោក​​មើលឃើញ​ពី​ចំណុច​នៃ​សភាពការណ៍​អាក្រក់​នៅ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​យើង​ខំ​និយាយ​ពី​សិទ្ធិពល​ពលរដ្ឋ ខ្ញុំ​យល់​ថា យើង​ធ្វើ​សារ​មិនល្អ​ឡើយ ។

លោក TRUMP ចាត់​ទុក​ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា អាល់​អាសា​ដ ថា ជា​មនុស្ស​អាក្រក់ តែ​លោក​វាយតម្លៃ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ការ​គំរាមកំហែង​ពិតជា​ធ្ងន់ធ្ងរ​បំផុត​មួយ​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក ៕