អ្នក​គាំ​ទ្រ​សម្រុក​ទៅ​ទិញសំបុត្រ​ នាជំនួប​មិត្ត​ភាព​រវាង​​កម្ពុជា និង​សិង្ហបុរី

បើ​ទោះ​បីជាការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិកម្ពុជា និង​ក្រុម​ជម្រើសជាតិ​សិង្ហបុរី នឹង​ត្រូវ​នៅ​ថ្ងៃ​សុក្រ​ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​អ្នក​គាំ​ទ្រ​បាន​នាំ​គ្នា​ទៅ​អង្គុយ​ចាំ​ទិញ​សំបុត្រ​ ទាំង​គណៈកម្មការ​លក់​សំបុត្រ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា មិន​ទាន់​បើក​ទ្វារ។

nn3

សម្រាប់​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សុក្រ​ខាង​មុខ​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ចាប់​ផ្តើម​ដាក់​លក់​សំបុត្រ​នៅ​ពី​ខាង​មុខ​ច្រក​ចូល​ធំ​នៃ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម៉ោង​១០ ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​អ្នក​ទស្សនា និង​ជា​អ្នក​គាំ​ទ្រ​ក្រុមជម្រើសជាតិ​កម្ពុជា បាន​នាំ​គ្នា​ទៅ​អង្គុយ​ចាំ​ទិញ​សំបុត្រ​តាំង​ពី​ម៉ោង​ជិត​៩​ព្រឹកយ៉ាង​ត្រៀម​ត្រា ខណៈ​ពួក​គេ​ខ្លាច​អស់​សំបុត្រ ដូច​ការ​ប្រកួត​កន្លង​មក​នោះ។

nn2

យុវជន​២​នាក់ ដែលមាន​អាយុ​ប្រមាណ​១៥​ឆ្នាំ​ បាន​ប្រាប់​ក្នុង​ពេល​ពួក​គេ​កំពុង​អង្គុយ​ចាំ​ទី​សំបុត្រ នៅ​ពី​ខាង​មុខ​ច្រក​ចូលនៃ​ពហុកីឡដ្ឋាន​ជាតិ នា​ម៉ោង​៩ព្រឹក​ថា៖​«​ឲ្យ​តែ​ក្រុម​ជម្រើសជាតិកម្ពុជា ប្រកួត​ជាមួយ​ក្រុម​មក​ពី​ប្រទេស​ផ្សេងៗ តែងតែ​មាន​អ្នក​មក​គាំ​ទ្រ​ច្រើន ហេតុនេះ​ហើយ​ទើប​ពួក​ខ្ញុំ​មក​ចាំ​ទិញ​សំបុត្រ​ឲ្យ​បាន​មុន​គេ ព្រោះ​ខ្លាច​អស់​សំបុត្រ។ សំបុត្រ​តម្លៃ​១ម៉ឺន​រៀល នៅ​កន្លែងមាន​ដំបូល អាច​នឹង​លក់​អស់មុន​ពេល​កំណត់ បើ​សិន​ជា​ពួក​ខ្ញុំ មិន​ប្រញាប់​មក​ទិញ​ឲ្យ​បាន​មុន​គេ​នោះ»។

nn1

នៅ​ក្នុង​ចំណោម​អ្នក​ទៅ​អង្គុយ​ចាំ​ទិញ​សំបុត្រ កាល​ពី​ព្រឹក​នោះ ភាគ​ច្រើន​ពួក​គេ​ចង់​ទិញ​សំបុត្រ​នៅ​កន្លែង​មាន​ដំបូល ដែល​១សន្លឹក​តម្លៃ​១ម៉ឺន​រៀល ហើយ​ក៏​មាន​អ្នក​ខ្លះចាំ​ទិញ​សំបុត្រ​កន្លែង​អត់​មានដំបូល​១សន្លឹក​តម្លៃ​៥ពាន់​រៀល​ផងដែរ ខណៈ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​ឲ្យ​ថា​ សំបុត្រ​របស់​ទស្សនា​ការ​ប្រកួត​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​កម្ពុជា និង​ក្រុម​សិង្ហបុរី នឹង​ចាប់​ផ្តល់​ដាក់​លក់​ពី​ថ្ងៃ​នេះ​ត​ទៅ។

ដោយ​ឡែក​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​កម្តៅសាច់​ដុំ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន RSN នា​ល្ងាច​ម៉ោង ៥:០០ ​ដែរ បន្ទាប់​ពី​ពួក​គេ ត្រូវ​បាន​កោះ​ហៅ​ឲ្យមក​​​ប្រមូល​ផ្តុំ ហ្វឹក​ហាត់​ជុំ​គ្នា កាល​ពីថ្ងៃ​ព្រហស្បតិ៍ កន្លង​មក​នេះ៕

nn1

The post អ្នក​គាំ​ទ្រ​សម្រុក​ទៅ​ទិញសំបុត្រ​ នាជំនួប​មិត្ត​ភាព​រវាង​​កម្ពុជា និង​សិង្ហបុរី appeared first on CamboSport.