សម្ភារ​កើត​ចេញពី​សំរាម ក្លាយជា​ទំនិញ​ដ៏​ទាក់ទាញ

ខេត្តសៀមរាប ៖ ពិធី​បើក​សម្ពោធ​ទីតាំង​ផលិតផល​កម្ពុជា​ថ្មី ដែល​បាន​ផ្លាស់​ប្តូរ​ចេញពី​ទីតាំង​ចាស់ គឺ​ផ្លាស់​ចេញពី​សណ្ឋាគារ​សិ​ន្តា​មុនី មក​កាន់​ទីតាំង​ថ្មី​នៅ​ខាងកើត​ជាប់​ដងស្ទឹង​សៀមរាប គឺ​យីហោ ឃី​ង​រ៉ូ​ដ ដែល​គេ​ស្គាល់​ថា ជា​ភូមិ​ម្ហូបអាហារ និង​ជា​កន្លែង​លក់ទំនិញ ដ៏​ទាក់ទាញ​នៅ​ក្នុង​ក្រុង​សៀមរាប នា​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក គឺ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​។

ហើយ​ផ្សារ​ផលិតផល កម្ពុជា​នេះ ត្រូវ​បាន​ដំណើ​ការ​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ ដោយ​ការ​ដាក់​តាំង​លក់​ផលិតផល​ច្នៃប្រឌិត​ក្នុងស្រុក​ខ្មែរ បែប​សិប្បកម្ម គឺ​ការ​ផលិត​ដោយ​ដៃ​កូន​ខ្មែរ​ផ្ទាល់ មិនមែន​យក​ពី​ប្រទេស​ជិតខាង​មក​បង្រៀន​ពួក​គាត់​នោះ​ទេ​។ លោក អ៊ុ​ន សាវ៉ា​ន់ អ្នកចាត់ការ​ទូទៅ​នៃ​ផ្សារ​ផលិតផល​កម្ពុជា និយាយ​ឲ្យ​ដឹង​ថា នៅ​លើ​ទីតាំង​ថ្មី​នេះ មាន​តូប​ដាក់​តាំង​លក់​ផលិតផល​ប្រមាណ​ជា​៥០ ហើយ​គ្រោង​នឹង​ពង្រីក​បន្ថែម​នា​ពេល​ខាង​មុខ ។

លោក​បាន​បញ្ជាក់​ដែរ​ថា  នៅ​ក្នុង​ចំណោម​តូប​លក់​ផលិតផល​កម្ពុជា​ទាំង​អស់នោះ មាន​ប្រមាណ​ជា​៥០%  ត្រូវ​បាន​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​កំពុង​បំពេញ​បេស​កម្ម នៅ​តាម​ទី​ជនបទ ឬ​តាម​បណ្តា​សហគមន៍​ក្នុង​ខេត្តសៀមរាប បាន​ដាក់​តាំង​លក់​ផលិតផល ដែល​ជា​ស្នាដៃ​របស់​ប្រជា​សហគមន៍​។  ក្នុង​ន័យ​បង្កើត​ទីផ្សារ​សម្រាប់​ផលិតផល​ទាំងនោះ ក្រោយ​ពី​បណ្តា​អង្គការ​ទាំងនោះ បាន​បណ្តុះបណ្តាល ប្រជា​សហគមន៍​ឲ្យ​ចេះ​ផលិត​សម្ភារ​ផ្សេង​ៗ  បង្កើត​ការងារ រក​ប្រាក់​ចំណូល​បន្ថែម លើ​មុខរបរ​កសិកម្ម បង្កើន​សេដ្ឋកិច្ច​គ្រួសារ  ដែល​ការងារ​ផលិត​ទាំងនោះ មនុស្ស​ចាស់ ឬ​ក៏​ជន​ពិការ​ក៏​អាច​ធ្វើ​បាន​។

ហើយ​អ្វី​ដែល​ជា​លទ្ធផល​រំពឹង​ទុក  គឺ​អាច​បង្កើត​លទ្ធភាព សម្រាប់​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ទទួល​បាន​ឱកាស​រៀនសូត្រ​ផង​ដែរ  តាម​រយៈ​នៃ​ចំណូល​លក់​ផលិតផល​ទាំងនោះ ។ ក្នុង​ឱកាស​បើក​សម្ពោធ​ផលិតផល​នេះ លោក គី​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប  បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា  នៅ​ក្នុង​ចំណោម​ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​បាន​ដាក់​តាំង​លក់​នៅ​ខេត្តសៀមរាប គឺជា​ខេត្ត​ប្រវត្តិសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍។

ហើយ​ផ្សារ​មួយ​នេះ​ក៏​ជា​ផ្សារ​ដែល​បាន​បំពេញ​ឲ្យ​តម្រូវការ​ជូន​ភ្ញៀវ​ទស​ចរ​ជាតិ​និង​អន្តរជាតិ ពីព្រោះ​ថា ផ្សារ​នេះ មាន​ផលិតផល​វត្ថុ​អនុ​ស្សាវ​រី​ជា​ច្រើន ដែល​កើត​ចេញពី​ស្នាដៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​សហគមន៍ ។ លោក​បន្ត​ទៀត​ថា ការ​ចាប់អារម្មណ៍ ក្នុង​នោះ​មាន​សម្ភារ​ជា​ច្រើន​មុខ​ដែល​បង្កើត​ចេញពី​សំរាម សុទ្ធសាធ​។ លោក​បាន​បញ្ជាក់​ថា ថ្ងៃនេះ សំរាម​គឺ​មាន​តម្លៃនៅលើទីផ្សារ​ដ៏​ប្រណិត​ផង​ដែរ ។

លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត បាន​បញ្ជាក់​បន្ថែម​ថា  ការ​លើកទឹកចិត្ត គឺជា​ប្រការ​ដ៏​សំខាន់ ព្រោះថា សម្រាប់​ផ្សារ​មួយ​នេះ មិន​ត្រឹមតែ​បាន​ដើរតួ​នាទី បើកចំហរ​ទីផ្សារ​ផលិតផល​ដែល​ប្រជា​សហគមន៍​ផលិត​បាន​នោះ​ទេ តែ​គឺជា​ការ​បង្កើត​ឡើង​នូវ​ការ​បំពេញ​សេវាកម្ម​តម្រូវការ​នៃ​ទីផ្សារ​ទេសចរណ៍​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រប​ជាមួយ​គ្នា​នេះ សម្ភារ​ច្នៃប្រឌិត ដែល​កើត​ចេញពី​សម្រាម​ទាំងនោះ វា​គឺជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ទាក់ទាញ ក្នុង​ត​ម្លែ​នៃ​ការ​បញ្ចេញ ឆន្ទៈ​ស្រឡាញ់​បរិស្ថាន និង​សប្បុរសធម៌  ដែល​អ្នកទិញ​ត្រូវ​បាន​ប្រគល់​ជូន​អ្នក​ផលិត​៕