សព​បណ្ឌិត កែម ឡី នឹង​ត្រូវ​ពន្យារ​ពេល​បញ្ចុះ​ដោយ​បន្ត​តម្កល់​នៅ​ស្រុក​កំណើត

សពបណ្ឌិត កែម ឡី នឹងត្រូវពន្យារបញ្ចុះ ហើយតម្កល់នៅស្រុកកំណើតលោក នាខេត្តតាកែវ បន្តទៀត ដោយមិនទាន់សម្រេចថា នឹងបញ្ចុះនៅថ្ងៃណានោះទេ។

គម្រោងថា នឹងបញ្ចុះនៅថ្ងៃទី២៥ កក្កដា នឹងត្រូវពន្យារនេះ ត្រូវបានក្រុមគ្រួសារលោក កែម ឡី បញ្ជាក់ថា ពួកគេនៅរង់ចាំគណៈកម្មការបុណ្យ ហែក្បួនមកដល់គេហដ្ឋាន និងពិគ្រោះគ្នាសិន ថាតើគុណភាពសពអាចនឹងរក្សាទុកបានយូរប៉ុណ្ណាទៀត ដោយមិនមានសភាពស្អុយ និងធុំក្លិនជាដើម។

ចំពោះពលរដ្ឋនៅក្នុងភូមិស្រុកបណ្ឌិត កែម ឡី រួមនឹងពលរដ្ឋមកពីខេត្តដទៃទៀតមួយចំនួន ដែលកំពុងរង់ចាំទទួលសពលោក នៅគេហដ្ឋាននាខេត្តតាកែវនោះ អ្នកខ្លះស្នើចង់ឲ្យមានការរក្សាទុកសពលោក កែម ឡី ជារៀងរហូត គ្រាន់ឲ្យពួកគេបានមកឃើញមុខ ដូចសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ដែលបច្ចុប្បន្នសពលោកត្រូវបានតម្កល់នៅវត្ត ក្បែរភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ដូច្នោះឯង។

សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ចំនួន១៥ថ្ងៃហើយ ក្រោយពីឃាតកបាញ់សម្លាប់លោក កាលពីថ្ងៃទី១០ កក្កដា មក។

ទើបនៅថ្ងៃទី២៤ កក្កដា នេះ គណៈកម្មការបុណ្យសព និងក្រុមគ្រួសារលោក កែម ឡី សម្រេចហែមកកាន់ស្រុកកំណើតរបស់ខ្លួន នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមទាំងនៅរាជធានីភ្នំពេញ ទាំងតាមដងផ្លូវដែលដង្ហែ និងពលរដ្ឋមកពីខេត្តដទៃទៀត រាប់សែននាក់។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

 

ប្រភពៈ RFA


Related Posts