សេចក្ដីថ្លែងការណ៍របស់អាស៊ានគាំងស្ញេញ ព្រោះកម្ពុជាអត់ចូលរួម

កាលពីថ្ងៃអាទិត្យ​ ទី២៤ ខែកក្កដា​ ម្សិលមិញ​ រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំង១០បានជួបប្រជុំគ្នាជុំវិញករណីជម្លោះដែនសមុទ្រ ​ក្នុងបរិវេណសមុទ្រចិនខាងត្បូងដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងវៀងចន្ទ ​នៃសាធារណរដ្ឋប្រជាមានិតឡាវ ដែលក្នុងនោះលោកប្រាក់ ​សុខុន​ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញទៅចូលរួមក្នុងជំនួបនេះផងដែរ ។​
រាប់ចាប់ពីថ្ងៃទី១២ កក្កដា ​ដែលតុលាការអាជ្ញាកណ្ដាលដែលគាំទ្រ​ដោយអង្គការសហប្រជាជាតិ​ បានចេញសាលដីការជាស្ថាពរសម្រេចឱ្យប្រទេសហ្វីលីពីនឈ្នះក្ដីលើសំណុំរឿងដែនសមុទ្រចិនខាងត្បូងដែលកំពុងឈ្លោះប្រទាញ​ប្រទុងគ្នាជាមួយមហាយក្សចិនមិនទាន់ដាច់ស្រេចនោះ ​អង្គ​ជំនួបកំពូលរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០​ ដែលក៏មានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាចទាំងពីរគឺចិន​ និងអាមេរិក គឺជា​អង្គជំនួបថ្នាក់ការទូតកំពូលដំបូងគេ​ ក្នុងគោលបំណងដើម្បីជម្រុញឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់​ ចេញសេចក្ដីថ្លែង​ការណ៍រួមគ្នា​ ដើម្បីគាំទ្រទៅនឹងចំណាត់ការវិនិច្ឆ័យដ៏ត្រឹមត្រូវ ​ដែលឈរលើគោលការណ៍ច្បាប់សមុទ្រអន្តរជាតិ ​ដែលក្នុងនោះចិនក៏ជាប្រទេសហត្ថលេខីក្នុងសន្ធិសញ្ញាច្បាប់សមុទ្រនេះដែរ ​ហើយក៏ដើម្បីជម្រុញឱ្យចិនព្រមទទួលស្គាល់ការពិតលើយុត្តាធិការកិច្ចរបស់តុលាការកំពូលលំដាប់ពិភពលោក​មួយនេះ ​នេះបើយោងតាមសារពត៌មាន ​Channel News Asia ។​

  1. ​ប៉ុន្តែជាអកុសល​ សេចក្ដីថ្លែងការណ៍របស់អាស៊ានមិនអាចសម្រេចចេញរួមគ្នាបាន ​ព្រោះដោយសារតែប្រទេសកម្ពុជាបានបង្កកការគាំទ្ររបស់ខ្លួនទៅលើសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាននេះ ​ពោលគឺកម្ពុជាមិនបញ្ចេញសម្លេងគាំទ្រសេចក្ដីថ្លែងការណ៍របស់អាស៊ានដើម្បីប្រឆាំង​នឹងចិន​ឡើយ ។​ តបតាមការមិនចូលរួមឯកភាពជាមួយអាស៊ាននេះ​ លោកប្រាក់​ សុខុន ​រដ្ឋមន្រ្តីការបរទេសកម្ពុជាមិនបានបំភ្លឺជុំវិញករណីនេះឡើយ ។ ​ព្រោះតែមិនមានវត្តមាននៃសម្លេងគាំទ្ររបស់កម្ពុជា​ និងឡាវ សមាជិកអាស៊ានទាំង៨ទៀតបានសង្ស័យ និងបានចោទកម្ពុជា ​និងឡាវថា ​ព្រោះតែប្រយោជន៍អាត្មានិយមដែលខ្លួនទទួលបានពីចិន​ ប្រទេសទាំងពីរស៊ូឈរបែរខ្នងមិនដាក់បងប្អូននៃគ្រួសារឯង ។​ ទោះជាយ៉ាងនេះក្ដី​ រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន បានប្ដេជ្ញាថានឹងព្យាយាមស្វែងរកវិធីសាស្រ្តផ្សេងៗទៀត ​ដើម្បីរកច្រកចេញដើម្បីបូរណភាពដែនដីរបស់​អាស៊ានក្នុងរយៈពេលនៃជំនួបកំពូលចាប់ពីថ្ងៃទី២១-២៦ ខែកក្កដានេះឱ្យខាងតែបាន ៕​

សេចក្ដីថ្លែងការណ៍របស់អាស៊ានគាំងស្ញេញ ព្រោះកម្ពុជាអត់ចូលរួមសេចក្ដីថ្លែងការណ៍របស់អាស៊ានគាំងស្ញេញ ព្រោះកម្ពុជាអត់ចូលរួម
ដោយ៖ ឈូក ស
ប្រភព៖ channelnewsasia