អ្នកតវ៉ាស្នើសុំដីការក្សាការពារទំនិញរោងចក្រ

កាលពីម្សិលមិញ អតីតកម្មករកាត់ដេរជាង៣០នាក់បានតវ៉ានៅខាងក្រៅតុលាការក្រុងភ្នំពេញ ដោយទាមទារឲ្យមានដីការក្សាការពារដែលនឹងអនុញ្ញាតឲ្យពួកគេអាចលក់ឧបករណ៍ពីរោងចក្រដែលលែងដំណើរការ ដែលពួកគេធ្លាប់ធ្វើការឲ្យ។ ដោយកាន់បដាមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប៊ុនរ៉ានី របស់លោកផង ដែលមានខ្លឹមសារថា “សូមជួយយើង!” នឹង “ជួយកូនៗរបស់យើងផង!” ក្រុមនេះបានអង្វរករតុលាការឲ្យចេញសេចក្តីសម្រេច ដែលនឹងការពារឧបករណ៍មានតម្លៃនៅក្នុងរោងចក្រ ជុង ហ្វាយ នីតវែរ (Chung Fai Knitwear) ដែលពួកគេធ្លាប់ ធ្វើការនៅទីនោះ។ កម្មករជាង២០០នាក់នៅក្រុមហ៊ុនចិននេះ ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ បានដឹងខ្លួនថា គេលែងជួលកាលពីខែមិថុនា បន្ទាប់ពីរោងចក្រអាវយឺត និងស្រោមជើងនេះបានក្ស័យធន។ ហេង បុង មេធាវីការពារអតីតកម្មករបាននិយាយថា កម្មករជឿថា ពួកគេមានសិទ្ធិលក់ឧបករណ៍នៅក្នុងរោងចក្រនោះជំនួសប្រាក់ខែ ហើយបារម្ភថា ក្រុមហ៊ុន ជុងហ្វាយ នេះនឹងដឹកជញ្ជូនវាចេញ។ លោកស្រីបាននិយាយថា “មានម៉ាសីុនដេរមួយចំនួន និងឧបករណ៍ផ្សេងទៀតនៅក្នុងរោងចក្រ ដូច្នេះកម្មករចង់ឲ្យតុលាការចេញដីការក្សាការពារ ពីព្រោះពួកគេចង់បញ្ចៀសមិនឲ្យនរណាម្នាក់លួចដុត ឬយកវាចេញ”។ លោកស្រី បុង បាននិយាយថា ក្រុមនេះមិនទាន់បានទទួលប្រាក់អតីតភាពការងារ ឬប្រាក់ថ្ងៃឈប់សម្រាកដែលគេជំពាក់នៅឡើយទេ  ប៉ុន្តែកម្មករបានព្រមព្រៀងថា ប្រាក់ដែលបានមកពីការលក់ម៉ាសីុនទាំងនោះជាប្រាក់សងគ្រប់គ្រាន់។ លោកស្រីបាននិយាយបន្ថែមថា ប្រសិនបើតុលាការសម្រេចចេញដីការក្សាការពារ ក្រសួងការងារនឹងត្រូវពិនិត្យករណីនេះ និងឲ្យសេចក្ដីយល់ព្រមលើការលក់ម៉ាសីុនទាំងនោះ។ បើទោះជាតុលាការបានសាកសួរអ្នកតវ៉ា៤នាក់កាលពីម្សិលមិញក្តី ក៏លោក អីុ រិន អ្នកនាំ ពាក្យតុលាការក្រុងភ្នំពេញបាននិយាយថា សេចក្តីសម្រេចនឹងចេញនៅសប្តាហ៍ក្រោយ។ ប៊ន លាងហួត អាយុ៣៨ឆ្នាំជាអតីតកម្មករ បាននិយាយថា អ្នកស្រី និងអ្នកផ្សេងទៀតបានព្យាយាមយ៉ាងខ្លាំងដើម្បីយាមការពារឧបករណ៍មានតម្លៃទាំងនេះ។ អ្នកស្រីបាននិយាយថា “ឥឡូវនេះយើងដេកចាំនៅពេលយប់ ដើម្បីការពារទ្រព្យសម្បត្តិនេះ”។  អ្នកស្រីបាន និយាយបន្ថែមថា ស្ត្រីៗត្រូវប្តូរវេនគ្នាបោះតង់នៅខាងក្រៅរាល់យប់ចាប់តាំងពីរោងចក្រនេះបិទមក។ អ្នកស្រីបាននិយាយថា “ទ្រព្យសម្បត្តិនេះជាឱកាសចុងក្រោយសម្រាប់យើងប្រសិនបើម្ចាស់រោងចក្រមិនបើកប្រាក់ខែជំពាក់ឲ្យយើងទេនោះ”។ តំណាងរោងចក្រជាច្រើននាក់មិនអាចទាក់ទងបានទេ៕និត © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នកតវ៉ាស្នើសុំដីការក្សាការពារទំនិញរោងចក្រ appeared first on The Cambodia Daily.