បញ្ហា​សន្តិ​សុខ​​ជា​មូលហេតុ​​ដែល​​សាលាក្រុង​​ឲ្យ​ផ្អាក​​អាជីវកម្ម​លក់​​ប្រេងឥន្ធនៈ​​កំឡុង​​ពេល​ដង្ហែ​​សព​លោក​​កែម ឡី

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់អាជីវករឲ្យផ្អាកធ្វើអាជីវកម្មលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈតាមគម្រោងផ្លូវដែលពាក់ព័ន្ធការការដង្ហែសពលោកបណ្ឌិតកែម ឡី។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានចុះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

ទាក់ទង់នឹងការផ្អាកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអះអាងថា គឺដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្លាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពិធីដង្ហែសពរបស់លោកបណ្ឌិតកែម ឡី។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញស្នើឲ្យអាជីវករឲ្យផ្អាកធ្វើអាជីវកម្មលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈរយៈពេលមួយថ្ងៃគឺចាប់ពីថ្ងៃទី២៤ខែកក្កដានេះ។

ជាការកត់សម្គាល់ស្ថានីយប្រេងមួយចំនួន នៅតាមដងផ្លូវ ចាប់តាំងពីគល់ស្ពានជ្រោយចង្វារ និងតាមផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវក្បួនដង្ហែសពលោកកែម ឡីឆ្លងកាត់ ត្រូវបានបិទមួយព្រឹក។ អ្នករាយការណ៍ព័ត៌មានវិទ្យុវាយោ បានឲ្យដឹងថាសមត្ថកិច្ចបានដាក់របាំងបិទទ្រូងផ្លូវមិនឲ្យឆ្លងកាត់ទទឹងផ្លូវបានឡើយ និងមានរថយន្តដែលមានរបាំងដែកដាក់ត្រៀមនៅជិតវិមានសន្តិភាព ខណៈសមត្ថកិច្ចរាប់រយនាក់ កំពុងឈរជើង នៅតាមគោលដៅរបស់ខ្លួន។

ដោយឡែកចំពោះ ក្បួននៃពិធីដង្ហែសពបណ្ឌិត កែម ឡី ទៅដល់ផ្សារត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ហើយ ខណៈកន្ទុយខ្លួននៅរហូតដល់ស្ពានកំពង់ទួល ឃុំកំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង៕

ប្រភពៈ វាយោ


Related Posts