ស្ថាបនិក​អក្សរ​ខ្មែរ​យូនីកូដ ជំរុញ​បង្កើត​ក្តារ​ចុច​ថ្មី​ត្រូវ​ស្តង់​ដារ លើក​ស្ទួយ​ភាសាជាតិ

ដោយ​សារ​មាន​ការ​ប្រើប្រាស់​ភាសា​ជាតិ​លើ​អ៊ីនធឺណិត ពិសេស​បណ្ដាញ​សង្គម នៅ​មិន​ទាន់​ផុលផុស​ខ្លាំង លោក​ដាញ់ ហុង អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ក្តារ​ចុច​ថ្មីៗ ត្រូវ​ស្តង់​ដារ ជួយ​សម្រួល​​ការ​សរសេរ​អក្សរ​ខ្មែរ​កាន់​តែ​លឿន។

 

ស្ថាបនិក​អក្សរ​ខ្មែរ​យូនីកូដ ជំរុញ​បង្កើត​ក្តារ​ចុច​ថ្មី​ត្រូវ​ស្តង់​ដារ លើក​ស្ទួយ​ភាសាជាតិ

 

លោក​ដាញ់ ហុង ថា​ ការ​បង្កើត​ក្តារ​ចុច​ថ្មីៗ​ត្រូវ​តាម​ស្តង់​ដារ​យូនីកូដ ផ្ដល់​ភាព​ងាយ​ស្រួល​និង​រហ័ស​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ នឹង​ជួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​យុវវ័យ ងាក​មក​ប្រើ​ភាសា​ជាតិ​លើ​អ៊ីនធឺណិត​កាន់​តែ​ច្រើន​ឡើង។

 

លោក​ថា ក្តារ​ចុច​ខ្មែរ​បច្ចុប្បន្ន​បង្កើត​ឡើង​ដោយ​យក​លំនាំ​តាម​ទីតាំង​អក្សរ​ឡាតាំង រាប់​តាំង​ពី​ក្តារ​ចុច លីម៉ូន​មក​ម្ល៉េះ។ ក្តារ​ចុច​ខ្មែរ​ខ្លះ​ប្រើ​ស្រៈ​ផ្សំ​កាន់​តែ​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​វាយ​អក្សរ​កាន់​តែ​យឺត​ទៅ​វិញ។ បើ​សិន​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក អាច​រក​ឃើញ​វិធី​បង្កើត​ក្តារ​ចុច​ថ្មី វាយ​រហ័ស ឬ​អាច​ថា​មិន​យក​លំនាំ​តាម​ទីតាំង​ពុម្ព​អក្សរ​ឡាតាំង ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់។

 

ជា​អ្នក​ជំនាញ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ លោក ហុង ថា​មិន​មែន​មាន​តែ​ភាសា​ខ្មែរ​ទេ ដែល​លំបាក នៅ​មាន​ភាសា​ចិន​និង​ភាសា​ច្រើន​ទៀត​លំបាក​ជាង​ឆ្ងាយ តែ​អ្នក​បង្កើត​កម្មវិធី​ស្រុក​គេ នៅ​តែ​អាច​រក​វិធី​បង្កើត​ក្តារ​ចុច​មិន​ពឹង​លើ​គំរូ​អក្សរ​ឡាតាំង ធ្វើ​ឲ្យ​ការ​វាយ​អក្សរ​កាន់​តែ​ងាយ​និង​រហ័ស។

 

ស្ថាបនិក​រូប​នេះ ថា​កន្លង​មក​មាន​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក បាន​បង្កើត​ក្តារ​ចុច​ខ្មែរ​យូនីកូដ​ថ្មី (Khmerism) មិន​ពឹង​ផ្អែក​លើ​គំរូ​អក្សរ​ឡាតាំង ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់ Shift ច្រើន​ដង​ផង​ដែរ។ ប៉ុន្តែ​ដោយ​សារ​ពលរដ្ឋ​ធ្លាប់​ប្រើ​តែ​អក្សរ​ខ្មែរ​យូនីកូដ​លំនាំ​អក្សរ​ឡាតាំង វា​អាច​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ប្តូរ​មក​ប្រើ Khmerism តែ​វា​អាច​ងាយ​ស្រួល​សម្រាប់​អ្នក​ទើប​រៀន​​វាយ​អក្សរ​ខ្មែរ​​ដំបូង។

 

ការ​បង្កើត​ថ្មី​តែងតែ​មិន​ទទួល​ការ​គាំទ្រ​ភ្លាមៗ​ពី​ដំបូង តែ​ឲ្យ​តែ​មាន​ការ​ព្យាយាម សហការ និង​ផ្សព្វផ្សាយ ឲ្យ​ទូលំទូលាយ ថ្ងៃ​ណាមួយ​អ្នក​ប្រើប្រាស់​គង់​តែ​យល់​ពី​សារសំខាន់​នូវ​អ្វី​ដែល​បង្កើត​ថ្មី​នោះ​មិន​ខាន។ នេះ​បើ​តាម​ការ​បញ្ជាក់​ចុង​ក្រោយ​ពី​ស្ថាបនិក​ខាង​លើ៕

 

 អាន៖ ដាញ់ ហុង ទើស​ចិត្ត ពេល​យុវវ័យ​ប្រឹង​សរសេរ​អង់គ្លេស​សំនៀង​ខ្មែរ​លើ​អ៊ីនធឺណិត

 

អត្ថបទ៖ ប៉ែត ផាន់និត