បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ជា​រឿង​មិនអាច​បិទបាំង​បានទេ​

ថ្មីៗ​នេះ​បន្ទាប់ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ លាតត្រដាង​ពី​រឿង​មន្ត្រី​យោធា និង​អាជ្ញាធរ​ឃុំ ឃុបឃិត​គ្នា​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុច​ខ្លុង​រលើង​រួចមក ស្រាប់តែ​មន្ត្រី​យោធា និង​អាជ្ញាធរ​ឃុំ ខំធ្វើការ​បកស្រាយ​បំភ្លៃ​ការពិត​យ៉ាង​គឃ្លើន​។ ប៉ុន្តែ​ការបកស្រាយ​នោះ​ត្រូវបាន​ប្រជា​សហគមន៍​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ព្រោះ​ដីព្រៃ​សហគមន៍​ប្រមាណ​១០០​ហិកតា​ត្រូវបាន​មន្ត្រី​យោធា និង​អាជ្ញាធរ​ឃុំ ឃុបឃិត​គ្នា​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​អស់​ទៅហើយ​។ ទន្ទឹមនឹងនេះ​ប្រជា​សហគមន៍​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង បាន​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​អញ្ចាញ​រូង​មួយរូប​បាន​ឲ្យ​ដឹងថា មេឃុំ​អញ្ចាញ​រូង ឈ្មោះ ប្លង់ វ៉ាត និង​មន្ត្រី​យោធា​ឈ្មោះ មាស សារ៉េត ដែល​ឃុបឃិត​គ្នា​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​សហគមន៍​ប្រមាណ​១០០​ហិកតា​នោះ បាន​ប្រឹងប្រែង​បំភ្លៃ​ការពិត​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ទន្ទឹមនឹងនេះ​តំណាង​សហគមន៍​បានស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បោះបង្គោល​ថ្ម​កំណត់​ព្រំប្រទល់​ដី​សហគមន៍​ចំនួន​៩០​ដើម ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ឃុំ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​អញ្ចាញ​រូង តទៅទៀត​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​សហគមន៍​អញ្ចាញ​រូង ត្រូវ​ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច តាម​អំពើ​ចិ​តិ្ត​ជាមិនខាន​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​ខាងលើនេះ បាន​ឲ្យ​ដឹងថា​ព្រៃ​សហគមន៍​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ មាន​ទំហំ​១៤៥៩,៥៧​ហិកតា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ឃុំ ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​អស់​ប្រមាណ​១០០​ហិកតា​។ ដោយ​ព្រួយបារម្ភ​នឹង​ការវិនាសហិនហោច​ដីព្រៃ​សហគមន៍ ទើប​ប្រជាពលរដ្ឋ​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ហើយ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស​។ តំណាង​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ព្រួយបារម្ភ​ពីបទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​ភូមិ​អញ្ចាញ​រូង ព្រោះ​ជនខិលខូច​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​កូនឈើ​ប្រភេទ​ធ្នង់ បេង និង​គគីរ ដែល​ប្រជា​សហគមន៍​នាំគ្នា​ដាំ ក៏ត្រូវ​ប្រឈម​នឹង​ការ​ឈូសឆាយ​បំផ្លាញ​ផងដែរ​៕

១1លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង 84157e90-33b7-4183-897a-14e63e9890ba