ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ព្រមព្រៀង​គ្នា ផ្អាក​ការ​រុករក​យន្តហោះ MH៣៧០

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី បាន​ព្រមព្រៀង​គ្នា ដើម្បី​ផ្អាក​ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ ហើយ បន្ទាប់​ពី​គ្មាន​ដំណឹង​ថ្មី​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​នេះ។ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក Liow Tiong Lai បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បាន​សង្កត់​ធ្ងន់​ថា ការ​ផ្អាក​នេះ​មិនមែន​មាន​ន័យ​ថា​បញ្ចប់​ឡើយ ហើយ​ការ​រុករក​​អាច​នឹង​បន្ត​ធ្វើ​ឡើង​នា​ពេល​អនាគត។

 

ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ព្រមព្រៀង​គ្នា ផ្អាក​ការ​រុករក​យន្តហោះ MH៣៧០

 

«ដោយសារ​តែ​គ្មាន​ដំណឹង​ថ្មី ប្រទេស​ម៉ាឡេស៊ី អូស្ត្រាលី និង​ចិន បាន​យល់ព្រម​ផ្អាក​ការ​រុករក​នេះ ក្រោយ​បញ្ចប់​ការ​រុករក​លើ​ទំហំ​ផ្ទៃដី ១២០ ០០០​គីឡូម៉ែត្រ និង​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន ១៣៧​លាន​ដុល្លារ។ ខ្ញុំ​ត្រូវតែ​បញ្ជាក់​ថា នេះ​មិនមែន​មាន​ន័យ​ថា​យើង​បោះបង់​ការ​រុករក​យន្តហោះ MH៣៧០ ឡើយ»។ លោក Lai ថ្លែង​ឲ្យ​ដឹង។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សម្រេច​ចិត្ត​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ ទី២២ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំង៣ ខណៈ​ក្រុមហ៊ុន​ហូឡង់​ដែល​ដឹក​នាំ​ការ​រុករក​នេះ​បាន​ទទួល​ស្គាល់​ថា ពួក​គេ​ប្រហែល​ជា​រក​ខុស​កន្លែង​អស់​រយៈពេល​២ឆ្នាំ​មក​ហើយ។

 

គួរ​រំលឹក​​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ប្រភេទ Boeing ៧៧៧ ស្ថិត​ក្នុង​ជើង​ហោះហើរ MH៣៧០ ដែល​ហោះ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ទៅកាន់​ទីក្រុង​ប៉េកាំង បាន​បាត់ខ្លួន​សូន្យឈឹង ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ២០១៤ ជា​មួយ​នឹង​អ្នកដំណើរ​នៅ​លើ​យន្តហោះ ចំនួន ២៣៩នាក់៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent