ស្ថានីយ​ប្រេង​ច្រើន​កន្លែង​តាម​ផ្លូវ​ហែសពបណ្ឌិត កែម ឡី ​ត្រូវ​បិទ

ស្ថានីយ​ប្រេង​ច្រើន​កន្លែង​តាម​ផ្លូវ​ហែសពបណ្ឌិត កែម ឡី ​ត្រូវ​បិទ



ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី បាន​ទៅ​ដល់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​វេលា​ម៉ោង​១១​ព្រឹក ក្រោម​ការ​ការពារ​និង​រក្សា​សណ្ដាប់ធ្នាប់ ពី​កម្លាំង​មាន​សមត្ថកិច្ច ហើយ​បាន​ទៅ​ដល់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល ។

ការ​ចូលរួម​ពី​មហាជន​ហាក់​មានការ​កើនឡើង​នៅ​ចំណុច​នេះ ដោយសារ​តែ​មាន​ក្រុម​កម្មករ និង​ខ្លះមក​ពី​ខេត្ដ​នានា បាន​រង់ចាំ​នៅ​ចំណុច​នោះ បាន​ឈរ​អម​សងខាង​ផ្លូវជាតិ​លេខ​៣ ជា​ការ​ជូន​ដំណើរ​សព​យ៉ាងច្រើន​កុះករ រាប់​ម៉ឺន​នាក់ ។

ចាប់ពី​ត្រឹម​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាប់​ព្រំប្រទល់​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល គឺ​ពេញ​ដោយ​សមុទ្រ​មនុស្ស​ធ្វើ​ឱ្យ​ចរាចរណ៍​មានការ​កកស្ទះ យ៉ាងណែន ណាន់ តាន់តាប់ ។ នៅ​តាម​បណ្ដា​ផ្លូវ​មួយ​ចំនួន​ដែល​ប្រសព្វ​នឹង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ មាន​ដូច​ជា​ផ្លូវ​ចោម​ចៅ​ហៅ​ផ្លូវ​វេ​ង​ស្រង ផ្លូវជាតិ​លេខ​៤ រួម​ជាមួយ​ផ្លូវ​តូច​ៗ​មួយ​ចំនួន​ទៀត ក៏​ពេញ​ទៅ​ដោយ​សមុទ្រ​មនុស្ស​ដែរ ។ ក្រុម​អ្នក​ដែល​ឈរ​អម​តាម​ដងផ្លូវ បាន​ស្រែ​កថា «​ជយោ លោក​បណ្ឌិត កែម ឡី ! សូម​លោក​ទៅ​កាន់​សុគតិភព ! បាត់ កែម ឡី ម្នាក់​នៅ​មាន កែម​ឡី រាប់​លាន​នាក់​ទៀត ! ហើយ​ជ័យ​ឃោស​ដែល​គេ​ចង​ចាំ​គ្រប់​គ្នា នូវ​សម្តី​របស់​លោក​បណ្ឌិត កែម ឡី ក៏​គេ​នាំ​គ្នា​ស្រែក​ពាក្យ​នេះ​ដែរ គឺ «​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​» ។

អ្នក​រង់ចាំ​ក្បួន​នៅ​ចំណុច​ផ្លូវបំបែក​ចោម​ចៅ មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ចំណុច​រង្វង់​មូល​ចោម​ចៅ ទៅ​តាម​ក្រោយ​ក្បួន​ដង្ហែ​សព និង​មួយ​ចំនួន​ទៀត ក្រោយ​ពេល​ក្បួន​ទៅ​ផុត​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្បួន​ខាងលើ​នៅ​តែ​ធ្វើ​ដំណើរ​យឺត​ៗ ហើយ​ក្បាល​ក្បួន និង​រថយន្ត​ដឹក​សព​លោក​បណ្ឌិត កែម ឡី បាន​រំកិល​ខ្លួន​ចេញ​ផុត​ពី​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ចូល​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ ខេត្តកណ្ដាល ដោយ​សុវត្ថិភាព​នា​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​កន្ទុយ​ក្បួន​នៅ​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​នៅឡើយ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ ទោះជា​ក្រោយ​ពេល​ដែល​ក្បួន​ដង្ហែ​សព បាន​ចាកចេញ​ទៅ​ផុត​ក្ដី ប៉ុន្តែ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ បាន​បន្ត​មានការ​កកស្ទះ​ដដែល រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នោះ នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ រថយន្ត​តូច​ធំ​ជា​ច្រើន​គ្រឿង​បាន​ជាប់​គាំង​ផង​ដែរ ។

ជាមួយ​គ្នា​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ភោជនីយដ្ឋាន ពិសេស​ស្ថានីយប្រេងឥន្ធនៈ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​ជា​ច្រើន​កន្លែង នៅ​តាម​ដងផ្លូវ ត្រូវ​បាន​បិទ​ដោយសារ​តែ​មានការ​បារម្ភ ខ្លាច​មាន​បាតុភាព​ណាមួយ​កើតឡើង និង​បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ ដោយសារ​រក​ចាក់​សាំង​យានយន្ត​មិន​បាន ៕