កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន​ បាត់បង់​បេក្ខជន​ជា​លើក​ទី​២

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ជា​លើក​ទី​២ កាល​ពី​ថ្ងៃ​សុក្រ ទី​២២ កក្កដា ក្រោយ​ពី​ត្រូវ​បេក្ខជន​រួម​ក្រុម​បោះ​ឆ្នោត​ទម្លាក់។

 

បេក្ខជន យិន ឈឿន ត្រូវ​សមាជិក​ក្នុង​ក្រុម​នៃ​កម្មវិធី​មុខរបរ​ខ្ញុំ សម្រេច​បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​កម្មវិធី ដោយសារ​រូបគេ​អវត្តមាន​ច្រើន​លើក​ពី​កិច្ច​ពិភាក្សា​ជា​ក្រុម ជា​ហេតុ​នាំ​ឲ្យ​ក្រុម​របស់​គេ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​វគ្គ​នេះ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន​ បាត់បង់​បេក្ខជន​ជា​លើក​ទី​២

 

ជាមួយ​នឹង​ការ​សម្រេច​ទម្លាក់​ចេញពី​ក្រុម និស្សិត​វ័យ​២២​ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន ដោយ​បាន​និយាយ​ថា៖ “ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​មិន​បាន​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​នៅ​ក្នុង​កម្មវិធី​មុខរបរ​ខ្ញុំ​ឲ្យ​ដូច​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​នា​ពេល​កន្លង​មក។ ខ្ញុំ​ព្រម​ទទួល​លទ្ធផល​បោះ​ឆ្នោត​ទម្លាក់​នេះ ព្រោះ​សូម្បី​តែ​ខ្ញុំ​ក៏​បោះ​ទម្លាក់​ខ្លួន​ឯង​ដែរ។ ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំង​អស់​គ្នា​ជួប​តែ​សំណាងល្អ”។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន​ បាត់បង់​បេក្ខជន​ជា​លើក​ទី​២

 

«មុខរបរ​ខ្ញុំ» នៅ​រៀង​រាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​របស់​បេក្ខជន​ចូល​រួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩ ទើប​រក​ឃើញ​ជយលាភី។ សប្ដាហ៍​មុន បេក្ខជន​ទាំង​៩​រូប បាន​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​លើ​ប្រធានបទ​លក់​អាវ​យឺត​ដែល​រចនា​ផ្ដោត​សំខាន់​លើ​វប្បធម៌​ខ្មែរ។ បេក្ខជន​ទាំងអស់​ត្រូវ​បាន​បែងចែក​ចេញ​ជា​២​ក្រុម និង​លក់​អាវ​យឺត​ដែល​រចនា​ដោយ​គំនិត​ច្នៃប្រឌិត​របស់​ក្រុម​នីមួយៗ នៅ​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ។

 

សប្ដាហ៍​នេះ មាន​លក្ខណៈ​ប្លែក​ពី​សប្ដាហ៍​មុនៗ​។ បេក្ខជន​ដែល​នៅសល់​ទាំង​៨​រូប​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម ដើម្បី​ស្វែង​យល់​ពី​របៀប​ធ្វើ​កន្ទេលកក់​របស់​អ្នក​ស្រុក​ដែល​ប្រកប​របរ​ធ្វើ​កន្ទេល​នេះ​តាំង​ពី​ដូនតា​មក និង​ស្ដាប់​វាគ្មិន​ចែករំលែក​ពី​ការ​លក់​ផលិតផល​ឲ្យ​ទទួល​បាន​ជោគជ័យ។ បន្ទាប់​មក​ពួកគេ​នឹង​ត្រូវ​បែងចែក​ចេញ​ជា​២​ក្រុម​ដដែល និង​ដាក់​លក់​កន្ទេលកក់​នៅ​ផ្សារ​ទំនើប​សូរិយា។ ក្រុម​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នឹង​ឈ្នះ​លើ​វិញ្ញាសា​នេះ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន​ បាត់បង់​បេក្ខជន​ជា​លើក​ទី​២

 

«មុខរបរ​ខ្ញុំ» ចាប់​ផ្ដើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុស​ៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ២០ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​របស់​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ សូម​ចូល​ផេក www.facebook.com/PNNMyPlace ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម