សត្វ​ខ្លា​២​ក្បាល ហក់​មក​ខាំ​ស្ត្រី​២​នាក់​យ៉ាង​សាហាវ នៅ​សួន​សត្វ​ព្រៃ ក្នុង​ទីក្រុង​ប៉េកាំង

សត្វ​ខ្លា​២ក្បាល​នៅ​ឯ​សួន​សត្វ​ព្រៃ «Beijing Badaling Wildlife World» ស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ហក់​មក​ខាំ​ស្រ្តី២​នាក់ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួស បន្ទាប់​ពី​ជនរងគ្រោះ​ទាំង២​នាក់ បាន​ចេញ​ពី​រថយន្ត។

 

សត្វ​ខ្លា​២​ក្បាល ហក់​មក​ខាំ​ស្ត្រី​២​នាក់​យ៉ាង​សាហាវ នៅ​សួន​សត្វ​ព្រៃ ក្នុង​ទីក្រុង​ប៉េកាំង

 

បើ​តាម​ខ្សែ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​បាន​ទិដ្ឋភាព​នៅ​ពេល​កើតហេតុ​បង្ហាញ​ឲ្យ​ឃើញ ស្ត្រី​ម្នាក់​បាន​ចេញ និង​ឈរ​ក្បែរ​រថយន្ត មុន​ពេល​ដែល​ត្រូវ​សត្វ​ខ្លា​មួយ​ក្បាល​ហក់​មក​ខាំ និង​អូស​ទាញ​យក​ទៅ​បណ្ដាល​ឲ្យ​រង​របួស។ ឃើញ​ដូច្នេះ ស្ត្រី​ម្នាក់​ទៀត​បាន​ចេញ​ពី​រថយន្ត​ដើម្បី​ជួយ​ជន​រងគ្រោះ ប៉ុន្តែ​ត្រូវ​សត្វ​ខ្លា​មួយ​ក្បាល​ផ្សេង​ទៀត​ហក់​មក​ខាំ​ញក់ញី បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​តែម្ដង។

 

សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដំបូង​ចាកចេញ​ពី​រថយន្ត គឺ​ដោយសារ​តែ​ការ​ឈ្លោះ​ប្រកែក​គ្នា។ បុរស​ម្នាក់​ដែល​ជា​អ្នក​បើកបរ និង​ស្ថិត​នៅ​ក្នុង​រថយន្ត​ជាមួយ​ស្ត្រី​ទាំង២​នាក់​ខាងលើ​នៅ​ពេល​​កើត​ហេតុ ក៏​បាន​ចេញ​មក​ព្យាយាម​ជួយ​ផង​ដែរ ប៉ុន្តែ​មិន​មាន​រង​របួស​អ្វី​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ឯ​សួន​សត្វ​ព្រៃ​ខាងលើ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​រថយន្ត​ផ្ទាល់ខ្លួន​ជុំ​វិញ​សួន ប៉ុន្តែ​មាន​ការ​ព្រមាន​មិន​ឲ្យ​ចាកចេញ​ពី​រថយន្ត​ឡើយ៕

 

វីដេអូ :

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ bbc