ភ្នំ​បុរាណ​មួយ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល កំពុង​ឈានទៅ​រលាយបាត់​រូបរាង​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ភ្នំ​ខ្សាក ដែលជា​ភ្នំ​បុរាណ ហើយ​ត្រូវ​ពលរដ្ឋ​គោរពបូជា​ចាត់ទុកជា​កន្លែង​ស័ក្ដិ​សិទ្ធ​រាប់​ជំនាន់​មកហើយ​នោះ កំពុង​ប្រឈម​នឹង​ការជីក​កកាយ​រំលើង​យក​ថ្ម​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ភ្នំ​ខ្សាក ជា​តំបន់​ទេសចរណ៍​មាន​ទេសភាព​ស្រស់ត្រកាល ហើយ​នៅ​រដូវ​បុណ្យ​ភ្ជុំ​ពួកគាត់​តែង​ជិះទូក​ទៅ​កម្សាន្ត​ប្រណាំងទូក​លេខ​នៅក្បែរ​ភ្នំ​នោះ​។ ក៏ប៉ុន្តែ​មួយ​រយៈពេល​កន្លងទៅនេះ មន្ត្រី​អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ជីក​កកាយ​យក​ថ្ម​កម្ទេច​ភ្នំ​អស់​មួយផ្នែកធំ ហើយ​មន្ត្រី​អាជ្ញាធរ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ក្រុមហ៊ុន​ជីក​យក​ថ្ម​ទៅ​ស្ថាបនា​ផ្លូវជាតិ​លេខ​២១​បេ​ទៅវិញ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ស្រុក​ស្អាង បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យឡើងវិញ​អំពី​ករណី​ជីក​កកាយ​បំផ្លាញ​ថ្មភ្នំ​ខ្សាក ដែលជា​ភ្នំ​បុរាណ​ក្នុងស្រុក​ស្អាង​ជាបន្ទាន់​។ សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​ដែល​រស់នៅ​តំបន់​ក្បែរ​ភ្នំ​ខ្សាក បាន​ឲ្យ​ដឹងថា​សកម្មភាព​ជីក​កកាយ​ថ្មភ្នំ​ដំណើរការ​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​ក្រុមហ៊ុន​ដឹក​ថ្ម​មួយ​រថយន្ត​ណា​ទៅ​ស្ថាបនា​ផ្លូវជាតិ​លេខ​២១​បេ​ពី​ក្រុង​តាខ្មៅ ទៅ​ច្រកព្រំដែន​ជ្រៃ​ធំ​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​កាយ​ភ្នំ ហើយ​កិនបំបែក​ថ្ម​ស្តុក​ទុក​នៅ​ជើងភ្នំ មិនបាន​ដឹកជញ្ជូន​យកទៅ​ស្ថាបនា​ផ្លូវជាតិ​លេខ​២១​បេ​ឡើយ ក្នុងខណៈដែល​ក្រុមហ៊ុន​ម៉ៅ​ការធ្វើ​ផ្លូវជាតិ​២១​បេ​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ​បាន​៥០​ភាគរយ​រួចជាស្រេច​។ ជាងនេះទៅទៀត​មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​កំពុង​គាស់កកាយ​ថ្មភ្នំ​ខ្សាក​នោះ ជា​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ដូច្នេះ​មន្ត្រី​អាជ្ញាធរ​ខេត្តកណ្ដាល ព្រមទាំង​ក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​។

​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល បានលើកឡើង​ថាបើ​ក្រុមហ៊ុន​នោះ ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ថ្ម​សម្រាប់​ផ្គត់ផ្គង់​ការស្ថាបនា​ផ្លូវជាតិ​លេខ​២១​បេ គឺ​ក្រុមហ៊ុន​នេះ​គួរតែ​ដឹក​ថ្ម​មកប្រើប្រាស់​សម្រាប់​ការស្ថាបនា​តាម​ស្ថានភាព​ជាក់ស្ដែង​រួចទៅហើយ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ព្រមទាំង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មុនពេល​ភ្នំ​ខ្សាក​ដែលជា​ភ្នំ​បុរាណ និង​ជា​តំបន់​ទេសចរណ៍​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវ​រលាយបាត់​រូបរាង​។ ជាងនេះទៅទៀត​ប្រភពពី​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុមហ៊ុន​គាស់កកាយ​ថ្មភ្នំ​ខ្សាក​នោះ មិនទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ ហេតុនេះ​ក្រសួង​រ៉ែ​និង​ថាមពល ត្រូវ​ទប់ស្កាត់​ជាបន្ទាន់​៕

29-08-2013-2លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល  fe5d25bfe1311b252ddd801049696edd