ឈ្មួញ​នៅ​ខេត្តរតនគិរី ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកឈើ​ប្រណី​តទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​មន្ត្រីរាជការ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ទំនើបៗ រថយន្ត​ធុន​តូច និង​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ ក្នុងចំណោម​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន គឺ​ឈ្មួញ​ឈ្មោះ កាំ​ង ធ្វើ​អាជីវកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។

សកម្មជន​ព្រៃឈើ និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កាំ​ង បាន​ប្រើ​រថយន្ត​ទួរីស និង​រថយន្ត​ធុន​ដ្រា ដឹកឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ចូល​ក្រុង​បាន​លុង ក្នុង​មួយ​យប់ៗ​ពី​៥​ទៅ​៨​រថយន្ត ហើយ​រថយន្ត​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​។ ឈ្មួញ​ឈ្មោះ កាំ​ង ត្រូវគេ​ចាត់ទុកថា​ជា​បងធំ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន បន្ទាប់មក​គឺ​ឈ្មួញ​ឈ្មោះ ណាក់ ឈ្មួញ​ឈ្មោះ ភាព ឈ្មួញ​ឈ្មោះ ធា​ម ដែលជា​មុខសញ្ញា​ដឹកជញ្ជូន​ឈើ​ប្រណីត​ច្រើន​ឆ្នាំ​មកហើយ​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ កើតឡើង​យ៉ាង​រាលដាល​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កាំ​ង បាន​ឲ្យ​ដឹងថា​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត រហូតដល់​ចេញ​លុយ​ប៉ាវ​មន្ត្រី​ពុករលួយ​ទាំងនោះ​យ៉ាង​សប្បាយ​ទៀតផង​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ កាំ​ង អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ចូល​ក្រុង​បាន​លុង ក្នុង​មួយថ្ងៃៗ​ជាច្រើន​រថយន្ត ហើយ​អាច​ដឹក​បន្តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​ទេ ព្រោះ​ខ្លាច​ខាតបង់​ប្រាក់ចំណូល​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តរតនគិរី ជាបន្ទាន់​។ ដោយហេតុថា​ឈ្មួញ​ឈ្មោះ កាំ​ង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក​ដោយ​គ្រាន់តែ​ប្រើ​សញ្ញា​សម្គាល់​ដើម្បី​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ពុករលួយ​ប៉ុណ្ណោះ​៕

image-546 image-547