គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​តាម​ប្រព័ន្ធ​មិនមែនជា​ការដឹកនាំ​តាម​អារម្មណ៍​បុគ្គល​ណា​ម្នាក់​ទេ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​គណបក្សនយោបាយ​ផ្សេង​នៅក្នុង​ប្រទេស​កម្ពុជា​អាចដឹកនាំ​គណបក្ស​របស់​ពួកគេ​តាម​អារម្មណ៍​របស់​បុគ្គល ហើយ​មានការ​ប្រមូល​អំណាច​ទៅលើ​បុគ្គល​នោះ តែ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​ដឹកនាំ​តាម​ប្រព័ន្ធ​មិនមែនជា​ការដឹកនាំ​តាម​អារម្មណ៍​បុគ្គល​ណា​ម្នាក់​ទេ ហើយ​គោលនយោបាយ​នេះ​ក៏​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ការដឹកនាំ​ល្អ គឺ​ការដឹកនាំ​តាម​ប្រព័ន្ធ​មិនមែនជា​ការដឹកនាំ​តាម​អារម្មណ៍​បុគ្គល​នោះទេ​។ ពីព្រោះ​ទាំង​ការនិយាយស្ដី ទាំង​ការអនុវត្ត និង​ការសម្រេចចិត្ត​ដោយ​ការដឹកនាំ​តាម​ប្រព័ន្ធ​គឺអាច​ចៀសវាង​នូវ​កំហុសឆ្គង​បាន​ច្រើនជាង​ការដឹកនាំ​ដោយ​អារម្មណ៍​បុគ្គល ហើយ​នេះ​ជា​គោលជំហរ​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ប្រកាន់ខ្ជាប់​ទាំង​ពេលបច្ចុប្បន្ន និង​ពេល​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​ខាងមុខ​។​

​ក្នុងនាម​ជា​គណបក្សជំទាស់​ធំជាងគេ និង​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​ប្រទេស​កម្ពុជា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ពន្យល់ថា ការដឹកនាំ​តាម​ប្រព័ន្ធ​អាច​ផ្ដល់ឱកាស​ឲ្យ​យុវជន​បន្ដវេន​និង​ក្លាយជា​អ្នកដឹកនាំ​ដោយ​មិនចាំបាច់​តាម​ខ្សែរយៈ បក្ខពួក​ឡើយ ។ ក៏ប៉ុន្ដែ​ទោះបីជា​ការដឹកនាំ​តាម​ប្រព័ន្ធ​ក៏ដោយ​ចាំបាច់​ត្រូវមាន​ការកែទម្រង់​ជាប្រចាំ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​យុវជន​ខ្មែរ​ត្រូវតែ​ជា​កម្លាំងចលករ​ឈានមុខ​គេ​ក្នុងការ​កែទម្រង់ ឬ ការផ្លាស់ប្ដូរ​ក្នុង​គណបក្សនយោបាយ ក្នុងសង្គម ក៏ដូចជា​ក្នុង​ប្រទេសជាតិ​ទាំងមូល​។​

​គួររំលឹកថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​បញ្ជាក់​ពី​គោលនយោបាយ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​គណបក្ស​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​រាល់​ការសម្រេចចិត្ត និង​ការដាក់ចេញ​គោលនយោបាយ​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​ឆ្លងកាត់​ការពិភាក្សា​ដេញដោល​ពី​សំណាក់​សមាជិក​គណៈកម្មកា​រ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​សាកសួរ​យោបល់​ពី​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ផង​ខ្មែរ​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខិតខំ​តស៊ូ​កន្លងមកនេះ គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​អនាគត​ប្រទេស​កម្ពុជា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្មាន​ការប្រមូលផ្តុំ​អំណាច​ទៅលើ​បុគ្គល​ណា​ម្នាក់​ដែរ​៕

13680656_1411669385517023_7427781030271246555_n 13781989_1411669668850328_8724528236360364108_n