យន្តហោះ​ឥណ្ឌា​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ប្រើ​នាវាមុជទឹក និង​យន្តហោះ​រក​៣​ថ្ងៃ​ហើយ​នៅ​តែ​មិន​ឃើញ

បន្ទាប់ពីការបាត់ខ្លួនយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសឥណ្ឌា AN-32 អស់រយៈពេល៣ថ្ងៃមកនេះ ការរុករកទ្រង់ទ្រាយត្រូវបានយោធាគ្រប់ផ្នែកធ្វើឡើង តែគ្មានលទ្ធផលវិជ្ជមានណាមួយគួរឲ្យកត់សម្គាល់ទេ ជាក់ស្ដែងគេរកមិនឃើញសូម្បីតែកម្ទេចយន្តហោះ (បើសិនជាវាធ្លាក់) ពោលគឺវាបាត់ខ្លួនយ៉ាងអាថ៌កំបាំង ។
យន្តហោះ AN-32 បានហោះចេញពីមូលដ្ឋានទ័ពអាកាស Tambaram នៃក្រុង Chennai ឆ្ពោះទៅកាន់តំបន់ Port Blair នៃកោះ Nicobar ក្នុងបេសកកម្មដឹកជញ្ជូនសម្ភារៈ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្ទាប់ពីយន្តហោះធ្វើការបត់ឆ្វេងយ៉ាងរហ័ស និងបាត់បង់រយៈកម្ពស់ជាង៧គីឡូម៉ែត្រ ក្នុងពេលមួយពព្រិចភ្នែក ហើយក៏បាត់ដានពីរ៉ាដាតែម្ដង ដោយលើយន្តហោះនោះមានមនុស្សចំនួន២៩នាក់ ។
ដានចុងក្រោយនៃយន្តហោះ AN-32 គឺស្ថិតនៅចម្ងាយ២៧៧គីឡូម៉ែត្រ ពីភាគខាងកើតក្រុង Chennai ហើយការរុករករបស់យោធាឥណ្ឌាក្នុងរយៈពេល៣ថ្ងៃនេះ បានរកក្នុងបរិវេណដីប្រមាណជាង៥០០០គីឡូម៉ែត្រការ៉េហើយ តែមិនឃើញមានតម្រុយអ្វីទាល់តែសោះ សូម្បីតែកម្ទេចបាក់បែកនៃយន្តហោះ ដោយគេគ្រោងនឹងពង្រីកដែនរុករកដល់ទៅ៩០០០គីឡូម៉ែត្រការ៉េ បើនៅតែរកមិនឃើញអ្វីសោះ ។
នាវា១៦គ្រឿង នាវាមុជទឹកមួយគ្រឿង យន្តហោះ P8i ដែលមានសមត្ថភាពរុករកក្នុងទីងងឹត២គ្រឿង ត្រូវយោធាឥណ្ឌាបញ្ចេញទៅរុករកយន្តហោះបាត់ខ្លួន ដោយវាមានការចូលរួមពីសំណាក់កងទ័ពអាកាស កងទ័ពជើងទឹក និងកងសន្តិសុខដែនសមុទ្រផងដែរ ។
ដោយឡែកយន្តហោះ Dornier មួយគ្រឿង យន្តហោះ AN-32 ២គ្រឿង និងយន្តហោះ C-130s ២គ្រឿងទៀត បំពាក់ជាមួយឧបករណ៍ចាប់រលកសញ្ញា កំពុងត្រៀមចេញហោះហើរ ក្នុងបេសកកម្មស្វែងរកយន្តហោះបាត់ខ្លួននោះ ។

សូមបញ្ជាក់ថា យន្តហោះ Antonov AN-32 ឬហៅកាត់ថា AN-32 នេះ ជាប្រភេទយន្តហោះដឹកជញ្ជូន ផលិតឡើងដោយរុស្ស៊ី ដើរដោយម៉ាស៊ីន turboprop ២ ហោះបានក្នុងចម្ងាយ២៤៩៤គីឡូម៉ែត្រ ហើយគិតមកទល់ពេលនេះ យន្តហោះ AN-32 របស់ឥណ្ឌាចំនួន៣គ្រឿង ធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរ ដោយនៅឆ្នាំ១៩៨៦ AN-32 មួយគ្រឿងបានបាត់ខ្លួនក្នុងសមុទ្រឥណ្ឌា និង២គ្រឿងទៀត ធ្លាក់នៅឆ្នាំ១៩៩០ និង២០០៩ ៕

យន្តហោះ​ឥណ្ឌា​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ប្រើ​នាវាមុជទឹក និង​យន្តហោះ​រក​៣​ថ្ងៃ​ហើយ​នៅ​តែ​មិន​ឃើញ យន្តហោះ​ឥណ្ឌា​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ប្រើ​នាវាមុជទឹក និង​យន្តហោះ​រក​៣​ថ្ងៃ​ហើយ​នៅ​តែ​មិន​ឃើញ

ប្រភព៖ kqube

  • យន្តហោះ​ឥណ្ឌា​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ប្រើ​នាវាមុជទឹក និង​យន្តហោះ​រក​៣​ថ្ងៃ​ហើយ​នៅ​តែ​មិន​ឃើញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: