សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

សារព័ត៌មានធំៗ នៅអ៊ឺរ៉ុបខាងលិច ជាពិសេសនៅក្នុងប្រទេសអង់គ្លេស បារាំង ស្វីស ប៊ែលហ្សិក អាល្លឺម៉ង់... សុទ្ធ​តែ​បាន​ចំណាយ​ទំព័រ​ព័ត៌មាន​របស់​ពួកគេ ពីម្សិលម៉ិញ និងថ្ងៃនេះ ដើម្បី​រាយ​ការណ៍​​ពី​ព្រឹត្តិការណ៍​មួយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា៖ នោះគឺការដង្ហែសព លោក កែម ឡី ដែលមានលក្ខណៈ​​ដ៏​ធំ​សម្បើម មិនធ្លាប់ដែលមាន បន្ទាប់ពីរាជ​ពិធី​ដង្ហែ​សព នៃអតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្ដម សីហនុ។
សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

បណ្ដាជនកម្ពុជារាប់ម៉ឺនសែននាក៉ ដែលបានប្រមូលគ្នា មកជូនដំណើរចុងក្រោយ ដល់សពលោក កែម ឡី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ (រូបថតពី ហ្វេសប៊ុក)

សារព័ត៌មានយ៉ាងច្រើននៅអ៊ឺរ៉ុប បានចុះផ្សាយ នូវដំណកស្រង់ផ្នែកខ្លះ ឬ​ចុះផ្សាយទាំងស្រុងតែម្ដង នៃ​សេចក្ដី​រាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានធំៗ ដូចយ៉ាង «AFP» «Reuters» «AP» និង«ATS (របស់​ប្រទេស​ស្វីស)»ជាដើម ដែលសុទ្ធតែបានរាយការណ៍ដោយផ្ទាល់ ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ដែលទីភ្នាក់ងារព័ត៌មានទាំងនេះ អះអាងថា មានទំហំដ៏សម្បើម បន្ទាប់ពីការដង្ហែសព នៃអតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្ដម សីហនុ។

សេចក្ដីរាយការណ៍ទាំងនោះ បានសរសេរថា បណ្ដាជនកម្ពុជា​រាប់ម៉ឺនសែននាក់ បានប្រមូលគ្នា​រៀបជាក្បួន​ដ៏​វែង​អន្លាយ ដើម្បីដង្ហែ និងដើម្បីសម្ដែងក្ដីអាឡោះអាល័យ ចំពោះសពអ្នកជំនាញ ផ្នែកនយោបាយមួយរូប ដែល​ទើប​នឹងត្រូវបានធ្វើឃាត កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ ឃាតកម្មលើលោក កែម ឡី អាយុ៤៦ឆ្នាំ ដែល​តំណាង​ឲ្យ​សម្លេងប្រជាធិបតេយ្យ​មួយ ប្រឆាំងនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​«ចាស់វស្សា»​នៅ​កម្ពុជា​នោះ បានកើតឡើងនៅចំពេល ​ដែលកំពុងមានភាពតានតឹងដ៏ខ្លាំង រវាងលោកនាយករដ្ឋមន្ត្រី និង​ក្រុម​ប្រឆាំង។

វិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសាបារាំង ដែលមានអ្នកឆ្លើយឆ្លង​ព័ត៌មានផ្ទាល់​​ពីប្រទេសកម្ពុជា បាន​បញ្ជាក់​ថា លោក កែម ឡី ត្រូវបានចាត់ទុក ជា«វីរជនរបស់ជាតិ» ព្រោះបានបូជាជីវិត​​ដើម្បីលិទ្ធិ​ប្រជាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​របស់បារាំងមួយនេះ បានស្រង់ការអះអាង របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលបាន​ផ្សាយ​ផ្ទាល់​​ពី​សកម្មភាព​​នៃការដង្ហែសពនោះ ថាមនុស្សចូលរួម​មានប្រមាណជា ២លាននាក់។

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

រីឯបណ្ដាញទីភ្នាក់ងារព័ត៌មាន «ATS» របស់ប្រទេសស្វីស បានរំលឹកថា ជនសង្ស័យម្នាក់ឈ្មោះ អឿត អាង (រហស្ស​នាម ជួប សម្លាប់) ដែលមានអតីតភាពរបស់ខ្លួន ជាទាហាន និងជាព្រះសង្ឃនោះ ត្រូវបានចាប់ឃុំ និង​ចោទពីបទធ្វើមនុស្សឃាត ដោយ​គិតទុកជាមុន​ទៅលើលោក កែម ឡី ជាមួយការសារភាពមួយ ដែល​ពោរ​ពេញ​ដោយ​​មន្ទិល៖ នោះ គឺដោយសារលោក កែម ឡី ជំពាក់លុយខ្លួនមិនសង។ សេចក្ដីរាយការណ៍បានបន្ត​ទៀត​ថា ប្រទេស​​កម្ពុជា​មាន​ទម្លាប់ ក្នុងរឿងឃាតកម្ម​ទៅលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និងក្រុម​មេដឹកនាំសហជីព។ ផ្ទុយ​​ទៅ​​វិញ​ជនដៃ​ដល់​ពិត​ប្រាកដ កម្រត្រូវបានអាជ្ញាធរចាប់ យកមកផ្ដន្ទាទោស​នោះណាស់។

«លោក ហ៊ុន សែន ដែលល្បីល្បាញខាងចរិតផ្ដាច់ការនោះ បាននៅកាន់អំណាច តាំងពីជាង៣០ឆ្នាំមកហើយ។ (...) របបដឹកនាំរបស់លោក បានរងការចោទប្រកាន់ ពីអំពើពុករលួយ-បក្ខពួក-គ្រួសារនិយម ការបន្លំ​ការ​បោះ​ឆ្នោត និងពីការរំលោភសិទ្ធិមនុស្ស។ ក្នុងប៉ុន្មានខែចុងក្រោយនេះ បណ្ដាជននយោបាយប្រឆាំង និង​សកម្ម​ជន​ការពារ​សិទ្ធិមនុស្ស ជាច្រើនសិបនាក់ ត្រូវបានចាប់ឃុំខ្លួន។» នេះបើតាមសេចក្ដីរាយការណ៍ របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP)។

ទីភ្នាក់ងារព័ត៌មានបារាំងដដែល បានរាយការណ៍បន្តថា នៅក្នុងឃាតកម្មលើលោក កែម ឡី នេះ «នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បានបញ្ជាឲ្យមានការស៊ើបអង្កេត ដើម្បីរកឃើញការពិត និងបានអំពាវនាវទៅកាន់បណ្ដាជន​កម្ពុជា កុំ​ឲ្យប្រែក្លាយករណីឃាតកម្មនេះ ទៅជារឿងនយោបាយ»។

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប​និយាយ​ពី​ការ​ដង្ហែ​សព កែម ឡី ដ៏​ធំ​សម្បើម

តែសម្រាប់បណ្ដាជនកម្ពុជា ឃាតកម្មលើលោក កែម ឡី គឺជារឿងនយោបាយ។ រីឯការប្រមែប្រមូលគ្នា នៃ​បណ្ដា​ជន​កម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់នោះទៀតសោធ បានបង្ហាញកាន់តែច្បាស់ថា ធាតុផ្សំដែលធ្លាប់បង្ក​ការរង្គោះ​រង្គើ ដល់របបដឹកនាំរបស់លោក ហ៊ុន សែន កាលពីពេលបោះឆ្នោត ឆ្នាំ២០១៣ កន្លងមកនោះ នៅ​តែ​បន្ត​កើតមាននៅឡើយ។ នេះបើតាមការអះអាង របស់អ្នកឆ្លើយឆ្លងព័ត៌មាន ​របស់វិទ្យុបារាំងអន្តរជាតិ អ្នកស្រី «Anne-Laure Porée»។

អ្នកស្រី «Anne-Laure Porée» បានបន្តសេចក្ដីរាយការណ៍ទៀតថា បណ្ដាជនកម្ពុជាជាច្រើន បានអះអាង​ពី​​ភាព​«ឈប់​ភ័យ​ខ្លាច»​​របស់ពួកគេ​តទៅទៀត និងប្ដេជ្ញាបន្តវីរភាពរបស់លោក កែម ឡី។ ជាពិសេស ពួកគេបាន​បន្ត​ចែក​ចាយ នូវ​ពាក្យ​មួយ​ឃ្លារបស់លោក កែម ឡី ដែលមានសេចក្ដីថា៖ «ជូតទឹកភ្នែករបស់អ្នក រួចបន្ត​ដំណើរ​ទៅ​មុខ​ទៀត»៕