ស្ដ្រី​២​នាក់ ត្រូវ​ខ្លាខាំ​ស៊ី​នៅក្នុង​សួនសត្វ​ទីក្រុង​ប៉េកាំង (​មាន​វីដេអូ​)


​បណ្ដាញ​ទូរទស្សន៍ CCTV របស់​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹងថា ស្ដ្រី​ចំនួន​២​នាក់​ត្រូវបាន​សត្វ​ខ្លា​នៅក្នុង​សួនសត្វ​ព្រៃ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ខាំ​សុ​ី​បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ស្ដ្រី​ទាំងពីរ​នាក់​នោះ​ចូលទៅ​ទស្សនា​សួនសត្វ និង​ចុះ​ចេញពី​រថយន្ដ​របស់​ខ្លួន ។​

Video Clip របស់​ទូរទស្សន៍ CCTV បានបង្ហាញ​អំពី​ហេតុការណ៍​នោះ​ដោយមាន​ស្ដ្រី​ម្នាក់​ចុះ​ចេញពី​រថយន្ដ​ហើយ​ឈរ​ក្បែរ​រថយន្ដ ស្រាប់តែ​លេច​វត្តមាន​សត្វ​ខ្លា​មួយ​ក្បាល​ហក់​មក​ខាំ​ទាញ​យ៉ាង​ច្រងាប់ច្រងិល ។​បុរស​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ដ​បាន​ចុះរ​ត់ទៅ​ជួយ​ដែរ ដំណាលគ្នា​នឹង​ស្ដ្រី​ម្នាក់ទៀត​ក៏​បើកទ្វារ​រថយន្ដ​ស្ទុះ​ទៅ​ជួយ​ស្ដ្រី​រងគ្រោះ​រួម​ដំណើរ ជា​អកុសល​ស្រាប់តែ​ត្រូវ​សត្វ​ខ្លា​មួយ​ក្បាល​ទៀត​ចាប់​ខាំ​សុ​ី​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ដ៏​គួរ​ឲ្យ​សង្វេគ ខណៈ​បុរស​ម្នាក់​នោះ​មិន​ទទួលរង​របួស​ទេ ។​ក្រោយមក ក្រុម​សន្តិសុខ​២​នាក់​ទៅ​៣​នាក់ ក៏បាន​ទៅ​ជួយ​ដែរ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ស្ដ្រី​រងគ្រោះ​ម្នាក់ ក្នុងចំណោម​ស្ដ្រី​ទាំង​២​នាក់​បានឡើយ រហូតដល់​នាង​ស្លាប់បាត់​បង់ជីវិត ។​

​គួរ​បញ្ជាក់ថា បទបញ្ជា​នៅក្នុង​សួនសត្វ​ព្រៃ​ទីក្រុង​ប៉េកាំង «Beijing Badaling Wildlife World» ត្រូវបាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បើកបរ​រថយន្ដ​ផ្ទាល់ខ្លួន​ចូល​ទស្សនា​ដោយ​សេរី ប៉ុន្តែ​ត្រូវ​ហាម​ចុះ​ចេញពី​ក្នុង​រថយន្ដ​ដាច់ខាត ៕

Related