ផ្សារភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន​នៅ​តែ​ដើរទៅ​មុខ បើ​ទោះបី​ការ​ជួញដូរ​ធ្លាក់​ចុះ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​មន្ត្រី​ទីផ្សារ​ភាគហ៊ុន​មួយ​រូប​បានឱ្យ​ដឹង​ថា ការ​ជួញដូរ​ផ្សារភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន​ប្រហែលជា​អាច​ធ្លាក់​ចុះ ប៉ុន្តែ​ផ្សារ​ហ៊ុន​ថ្មី​ក្នុង​ប្រទេស​នេះ​នៅ​តែ​នាំមុខ​គេ​ដដែល ។

នៅ​ពេល First Myanmar Investment (FMI) បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន​មុនគេ​កាលពី​ខែមីនា វា​បាន​ធ្វើ​ឱ្យ​ការ​ជួញដូរ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង ដោយ​មាន​រាប់រយ​រាប់​ពាន់​នៃ​ការ​ផ្លាស់​ប្តូរ​ផ្សារភាគហ៊ុន​ក្នុង​មួយ​ថ្ងៃ ។ ចាប់តាំងពី​ពេល​នោះ​មក បរិមាណ​ជួញដូរ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​ការ​លេចឡើង​នៃ​ក្រុមហ៊ុន​ទី​២ Myanmar Thilawa SEZ Holding ក្នុង​ខែមីនា​នោះ​ដែរ ក៏​បាន​បរាជ័យ​ដូច​ក្រុមហ៊ុន FMI ដែរ ។

ចាប់ពី​ពេល​នោះ​មក តម្លៃ​នៃ​បរិមាណ​ជួញដូរ​ប្រចាំ​ថ្ងៃ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ ប៉ុន្តែ​ទីប្រឹក្សា​ផ្សារភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន លោក Kensuke បាន​និយាយ​ថា ផ្ទុយ​ទៅ​វិញ មី​យ៉ា​ន់​ម៉ា​គួរតែ​មាន​មោទនភាព​ទៅ​វិញ​ទេ ចំពោះ​ផ្សារភាគហ៊ុន​ថ្មី​របស់​ខ្លួន ។

លោក​បន្ថែម​ថា កាលពី​ខែមិថុនា បរិមាណ​ជួញដូរ​ប្រចាំ​ថ្ងៃ​ក្នុង​ផ្សារភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន ជា​មធ្យម​ប្រមាណ​២៥​ម៉ឺន​ដុល្លារ ដែល​មាន​ចំនួន​ច្រើន​ជាង​២០​ដង​នៃ​ផ្សារភាគហ៊ុន​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ជិតខាង​ដូច​ជា នៅ​ប្រទេស​ឡាវ និង​កម្ពុជា ។

យ៉ាងណាមិញ កម្រិត​ខ្ពស់​បំផុត​នៃ​ផ្សារភាគហ៊ុន​ប្រទេស​ឡាវ និង​កម្ពុជា ក្នុង​ខែមិថុនា នៅ​តែ​ខ្ពស់​ជាង​ផ្សារភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន ។

លោក Yazu បាន​លើក​ឡើង​ថា ៖ « បើ​ទោះជា​បរិមាណ​ជួញដូរ​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ប្រាក់​ទាប​ក្នុង​ចំណោម​សាធារណជន​ទូទៅ​ក្តី ក៏​យើង​អាច​និយាយ​បាន​ថា ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ » ។

លោក Yazu បន្ថែម​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទីផ្សារ​ភាគហ៊ុន គឺ​ចាំបាច់​ត្រូវការ​ពេលវេលា ហើយ​វា​ក៏​មិន​ចេញ​ជា​លទ្ធផល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ឬ​អាច​ជា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ក៏​ថា​បាន ។

ធនាគារ Myanmar Citizens Bank (MCB) រំពឹង​ថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​៣ នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន ។ មន្ត្រី​ធនាគារ​មួយ​រូប​បាន​និយាយ​ថា រូប​លោក​រំពឹង​ថា ការ​ចុះបញ្ជី​នឹង​ធ្វើ​ឡើង​មុន​ពេល​កិច្ចប្រជុំ​ទូទៅ​របស់​ធនាគារ​នៅ​ចុងខែ​នេះ ។ ប៉ុន្តែ​មន្ត្រី​រូប​នោះ​ទទួលស្គាល់​ថា ការ​ចុះបញ្ជី​អាច​នឹង​ត្រូវ​ពន្យារពេល​រហូត​ក្រោយ​កិច្ចប្រជុំ​ចប់ ។

លោក Yazu បាន​និយាយ​ថា ធនាគារ MCB នៅ​តែ​ស្ថិត​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​នៃ​ការ​ចុះបញ្ជី​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់ពេល​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ។

លោក​បន្ថែម​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្រុមហ៊ុន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺជា​ជំហាន​សំខាន់​មួយ​ដែល​អាច​ឱ្យ​វិនិយោគិន​បរទេស បោះទុន​មក​លើ​ទីផ្សារ​ភាគហ៊ុន​យ៉ាំ​ង​ហ្គោ​ន បើ​ទោះជា​វា​តម្រូវ​ឱ្យ​មានការ​តាមដាន​ចំនួន​ភាគរយ​នៃ​ភាគហ៊ុន​ដែល​កាន់កាប់​ដោយ​បរទេស​ក្តី ៕