​កាន់តែកាច កាន់​តែ​សាហាវ​ ! កើត​ក្នុង​ស្រុក​​បាកាន

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម និង​គោ​២​ក្បាល​ត្រូវ​ងាប់ ដោយសារ​ត្រូវ​រន្ទះបាញ់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​កក្កដា ២០១៦ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ស្ថិត​នៅ​ស្រុក​បាកាន ។

ប្រភព​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​កើតឡើង​នៅ​ស្រុក​បាកាន តែ​កន្លែង​ផ្សេង​គ្នា មួយ​កើត​ក្នុងភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​បុរស​នោះ​កំពុង​ដើរ​ដេញ​ក្របី កណ្ដាល​វាលស្រែ​។ ជន​រង​គ្រោះ​ឈ្មោះ​សុ​ន លី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​គោ​ចំនួន​២​ក្បាល​ដែល​ត្រូវ​រន្ទះបាញ់​ងាប់​ដែរ​នោះ កើតឡើង​នៅ​ភូមិ​ដើម​ជ្រេ​ស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ដែល​មាន​ម្ចាស់​ឈ្មោះ​ប៉ូ​យ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ។

នៅ​ថ្ងៃ​ទី​២៤ កក្កដា ចន្លោះ​ពី​ម៉ោង​ប្រមាណ​០៤ និង​៣០​នាទី ដល់​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច នៅ​ខេត្តពោធិ៍សាត់ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ដណ្ដប់​ស្ទើរតែ​គ្រប់​ស្រុក​ទាំងអស់ ។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា នៅ​ភូមិ​ថ្គោល​ធំ ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ មាន​ករណី​រន្ទះបាញ់​ស្លាប់​មនុស្ស​ប្រុស​ម្នាក់​និង​ងាប់​គោ​អស់​៣​ក្បាល​ផង​ដែរ ដោយ​បុរស​រូប​នោះ​កំពុង​ស្ទូងស្រូវ និង​គោ​កំពុង​ដើរ​ស៊ី​ស្មោះ​ក្បែរ​នោះ ។