ព្រឹក​ឡើង​ផ្អើល​ឈុ​ល នាំ​គ្នា​រោម​មើល​គ្រប់​គ្នា

ខេត្តកណ្ដាល ៖ មនុស្ស​ម្នា​នាំ​គ្នា​ចោមរោម​មើល​រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណៈ​ប្រទះ​ឃើញ​បុរស​២​នាក់​បងប្អូន​បង្កើត​ស្លាប់​នៅ​ក្នុង​រណ្ដៅ​គ្រឹះ​សាងសង់​ស្ពាន​លេខ​៩ និង​ម៉ូតូ​១​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​កន្លែង​នៅ​ក្នុងភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា សាកសព​ជន​រង​ត្រូវ​បាន​គេ​ស្គាល់​ថា​ម្នាក់​ឈ្មោះ តួ ស៊ី​នឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។ ម្នាក់​ទៀត​ឈ្មោះ តួ មិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​អោន ឃុំ​គគី ស្រុក​កៀនស្វាយ ។ អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​ករណី​ស្លាប់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដែល​ទៅ​ពិនិត្យ​សាកសព​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​ម៉ូតូ​ធ្លាក់​ក្នុង​រណ្ដៅ​គ្រឹះ​ស្ពាន ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ មុន​ពេល​ប្រទះ​ឃើញ​សាកសព ជន​រង​គ្រោះ​ឈ្មោះ តួ មិត បាន​មក​លេង​ផ្ទះ​បងប្រុស​ឈ្មោះ តួ ស៊ី​នឿ​ន លុះដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូត​ម៉ាក​គុប​មូល​ចេញពីផ្ទះ​ទៅ​លេង​ផ្ទះ​បងប្រុស​ឈ្មោះ ណាត នៅ​ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ។ លុះដល់​ពេល​យប់​ម៉ោង​ប្រហែល​១១​ទើប​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​យប់​ងងឹត មេឃ​មាន​ភ្លៀង​ខ្យល់​ខ្លាំង បាន​បើក​មក​ដល់​ចំណុច​ស្ពាន​លេខ​៩ ហៅ​ស្ពាន​ព្រែក​មេស្រុក ដែល​មាន​ការដ្ឋាន​ធ្វើ​ស្ពាន​កំពុង​ដំណើរការ​សាងសង់ ធ្វើ​ឲ្យ​មើលផ្លូវ​មិនឃើញ មិន​បើក​ម៉ូតូ​តាម​ផ្លូវ​វាង​បែរជា​បើក​ទៅ​ត្រង់​ក៏​បើក​ធ្លាក់​ទៅ​ក្នុង​ព្រែក​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ចាក់​គ្រឹះ​ស្ពាន​មាន​ដក់​ទឹកភ្លៀង​ជ្រៅ​ផង​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​គ្រឹះ​គល់​ស្ពាន​សន្លប់​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់​ទាំង​២​នាក់​បងប្អូន​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​មិន​មាន​អ្នក​ណា​ដឹង​ឡើយ ។ លុះដល់​ម៉ោងជាង​៧​ព្រឹក ទើបត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​នៅ​ក្នុង​រណ្ដៅ​គ្រឹះ​ស្ពាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

បន្ទាប់​ពី​នគរបាល​ពិនិត្យ​សាកសព​ឃើញ​ថា សាក​មាន​របួស​ត្រង់​ប្រអប់មាត់​ម្នាក់ និង​ម្នាក់​ទៀត​របួស​ត្រង់​គុម្ពត្រចៀក អ្នក​ទាំង​២​អាច​បាន​ផឹក​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ ចំណែក​ការដ្ឋាន​សាងសង់​ស្ពាន​ពុំ​បាន​ដាក់​ស្លាក​សញ្ញា ឬ​រនាំង​ការពារ​ការដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ។ ក្រោយមក សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​និង​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕