ឈ្មួញ​ឈូសឆាយ​ដីព្រៃ​ក្នុង​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ តាម​អំពើ​ចិត្ត ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ

ដីព្រៃ​បម្រុង​មួយកន្លែង​ស្ថិតនៅ​ខាងក្រោយ​ភូមិ​នី​ពិ​ជ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណ​១០​ហិកតា​ត្រូវ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដើម្បី​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​នី​ពិ​ជ សង្ស័យថា​ការដែល​ឈ្មួញ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​អាង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន បើទោះបី​ព្រៃ​បម្រុង​ទុក​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ក៏ដោយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ព្រោះ​ការបំផ្លាញ​ព្រៃ​បម្រុង​ទុក​គឺជា​អំពើ​ខុសច្បាប់​មិនអាច​លើកលែង​បានឡើយ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​ឈូសឆាយ​ដីព្រៃ​បម្រុង​ទុក​នៅ​ខាងក្រោយ​ភូមិ​នី​ពិ​ជ មានឈ្មោះ ថា និង​ប្រពន្ធ​ឈ្មោះ យូ​រី មាន​ទីលំនៅ​ក្នុងភូមិ​សាន់​គរ ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​បម្រុង​ទុក​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​សង្ស័យថា មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទើប​ឈ្មួញ​ឈ្មោះ ថា និង​ប្រពន្ធ​ឈ្នោះ យូ​រី ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​បម្រុង​ទុក​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​។

​គួរ​ឲ្យ​រំ​ឡឹ​ក​ដែរ​ថា​នៅក្នុង​ស្រុក​កំពង់ស្វាយ ក៏ដូចជា​ស្រុក​ស្ទោង ខេត្តកំពង់ធំ កើតមាន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ដែល​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​នោះ ប្រហែល​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកប្រព្រឹត្ត ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាពិសេស​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក និង​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​៕

fn-2016-07-22-22-16-31-1លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ thom-2-copy