នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ប្រកាស​សុំ​លាលែង​ចេញពី​តំណែង

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ លោក SHARMA OLI ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៤ កក្កដា ក្នុង​ឱកាស​នៃ​សម័យប្រជុំ​សភា​ពី​ការ​សុំ​លាលែង​របស់​លោក​ហើយ ។

ការ​សុំ​លាលែង​នេះ​ធ្វើ​ឡើង​មុន​ញត្តិ​សម្តែង​ការ​មិន​ជឿ​ទុកចិត្ត​មួយ​ប្រឆាំង​លោក OLI អាយុ​៦៤​ឆ្នាំ តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​សភា​នេ​ប៉ា​ល់ និង​គណបក្ស​កុំ​មុ​យ​នី​ស្ត​នេ​ប៉ា​ល់​ម៉ៅ​និយម ហើយ​ញត្តិ​នេះ​ត្រូវ​អនុម័ត​ក្នុង​សភា​ដែល​មាន​៦០១​កៅអី ។

លោក OLI អះអាង​ក្នុង​សភា​ថា លោក​បាន​ដាក់​ពាក្យសុំ​លាលែង​ជូន​ចំពោះ​ប្រធានាធិបតី​លោក BIDYA  DEVI BHANDARI នា​ថ្ងៃ​ជាមួយ​គ្នា​នេះ មុន​សម័យប្រជុំ​សភា ។ ថ្លែង​ទៅ​កាន់​សភា លោក OLI មាន​ប្រសាសន៍​ថា លោក​បាន​ថែរក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ចិន និង​ឥណ្ឌា ដោយ​ការពារ​ផលប្រយោជន៍​ជាតិ​កុំឱ្យ​មានការ​ប៉ះពាល់​ក្នុង​អាណត្តិ​របស់​លោក ។

ដោយ​គូសបញ្ជាក់​ពី​សមិទ្ធផល​ធំ​ៗ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​លោក​សម្រេច​បាន​រយៈពេល​៩​ខែ​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​នេ​ប៉ា​ល់អះ​អាង​ថា រដ្ឋាភិបាល​លោក​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្មោះ ដើម្បី​កសាង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី ផ្តល់​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​នៃ​តំបន់​រង​គ្រោះ ហើយ​ខិតខំ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ គណបក្ស​កុំ​មុ​យ​នី​ស្ត​នេ​ប៉ា​ល់​ម៉ៅ​និយម​បាន​សម្រេច​ដក​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាលចម្រុះ ដោយ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី​ថា ពុំ​គោរព​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ដំណើរការ​សន្តិភាព និង​ការ​កសាង​ប្រទេស​ឡើង​វិញ ក្រោយ​ការ​រញ្ជួយ​ដី​យ៉ាង​បំផ្លិចបំផ្លាញ​កាលពី​ខែមេសា ឆ្នាំ​២០១៥ ៕