លិច​នាវា​ពួក​អន្តោប្រវេសន៍​មួយ​នៅ​ម៉ា​ឡេ​ស៊ី​ស្លាប់​8​នាក់ បាត់​ខ្លួន​20​នាក់

កង​ឆ្មាំ​ឆ្នេរសមុទ្រ​ម៉ា​ឡេ​ស៊ី​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៥ កក្កដា ថា សាកសព​មនុស្ស​៨​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ម៉ា​ឡេ​ស៊ី​ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ នៅ​រដ្ឋ JOHOR ភាគ​ខាងត្បូង​ប្រទេស ហើយ​មនុស្ស​២០​នាក់​បាត់​ខ្លួន ។

ឆ្មាំ​ឆ្នេរសមុទ្រ​ម៉ា​ឡេ​ស៊ី​ម្នាក់​និយាយ​ថា នាវា​លិច​នេះ​ដឹក​មនុស្ស​៦២​នាក់ ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ដែល​ប្រហែល​សុទ្ធតែ​ជា​ពួក​អន្តោប្រវេសន៍​លួចលាក់ ។ នាវា​បាន​លិច​កាលពី​យប់​ថ្ងៃ​ទី​២៣ កក្កដា មក​ពីរ​លក​ធំ​ៗ​នៅ​ច្រក​សមុទ្រ​ម៉ា​ឡា​កា ។ អ្នកដំណើរ​៣៤​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ហើយ​គេ​កំពុង​តាម​រុករក​ពួក​អ្នក​បាត់​ខ្លួន ។

ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទី​៣ នៅ​អាស៊ី​អាគ្នេយ៍​ទាក់ទាញ​ពួក​ពលករ​អន្តោប្រវេសន៍​មក​ពី​បណ្តា​ប្រទេស​ជិតខាង ដែល​ក្រីក្រ​ជាង​ដូច​ជា​ឥណ្ឌូ​ណេ​ស៊ី បង់​ក្លា​ដែ​ស និង​ភូមា​ជាដើម ។ ជនអន្តោប្រវេសន៍​លួចលាក់​យ៉ាងតិច​២​លាន​នាក់ ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី ។ គ្រោះថ្នាក់​បែប​នេះ​តែង​កើត​មាន​ជា​រឿយ​ៗ ។ ជនអន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​ប៉ុនប៉ង​ទៅ​កាន់​ម៉ា​ឡេ​ស៊ី​តាម​នាវា​មិនសូវ​មាំ​នានា​ក្នុង​ក្តី​សង្ឃឹម​រក​ការងារ​ធ្វើ​ក្នុង​ផ្នែក​សំណង់ រោងចក្រ ឬ​ក្នុង​ចម្ការ​នានា ៕