ញាក់សាច់ ! រថភ្លើង​បុក​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត CRV មួយ​គ្រឿង​បាន​បើក​ឆ្លងកាត់​ផ្លូវ​ដែក​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថភ្លើង​បុក​បណ្ដាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវដែក​ចូល​រោងចក្រ​ទឹកកក ស្ថិត​ក្នុងភូមិ​រំដួល​ជើងភ្នំ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-1560 បាន​បើក​ឆ្លងកាត់​ផ្លូវដែក ខណ​ពេល​នេះ​ស្រាប់តែ​រថភ្លើង​មក​ដល់​ក៏​បាន​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទាត​ប៉ើង​និង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្ដាល​មនុស្ស​២​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​រថភ្លើង​មិន​បាន​ឈប់​ទេ​គឺ​បាន​បន្តដំណើរ​ទៅ​មុខ​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​តេ​សេ​ក្នុង​ក្រុងព្រះសីហនុ​ភ្លាម​ៗ​ផង​ដែរ ៕