ដាំ​កូន​ឈើ​៥៥០​ដើម​នៅ​វត្ត​ស្លា​ដើម្បី​បង្កើត​គំរប​បៃតង​និង​ម្លប់

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​នៅ​ក្នុង​បរិវេណ​វត្ត​ស្លា ក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ មិន​មាន​ដើមឈើ​ច្រើន ទើប​អាជ្ញាធរ​បាន​រៀបចំ​ដាំ​ដើមឈើ​ជា​ច្រើន​ប្រភេទ​មាន​ដូច​ជា នាងនួន ធ្នង់ គ្រញូង រាំងភ្នំ គគី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩​កក្កដា ដោយ​មានការ​ចូលរួម​ពី​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ព្រះសង្ឃ ជា​ច្រើន​កុះករ ។

លោក កែវ កុសល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់​ឲ្យ​ដឹង​ថា នៅ​ក្នុង​បរិវេណ​វត្ត​ស្លា​មាន​ដី​ទំនេរ​ច្រើន ហេតុ​ដូច្នេះ​ហើយ​ព្រ​ចៅអធិការ​វត្ត​បាន​ស្ន​មក​អាជ្ញាធរ​ស្រុក​សុំ​យក​កូន​ឈើ​មក​ដាំ ដែល​មាន​ចំនួន​៥៥០​ដើម សម្រាប់​ប្រយោជន៍​ក្នុង​ពេល​ខាង​មុខ ដើ​ម្បើ​បង្កើត​ម្លប់​ត្រឈឹងត្រឈៃ ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ក៏​ដូច​ជា​អ្នក​ចម្ងាយ​ជ្រក​ពេល​ដែល​មានបុណ្យ​ទាន​ម្តង​ៗ​នោះ ។

លោក កែវ កុសល បន្ត​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ សិស្សានុសិស្ស មាន​ក្តី​សប្បាយ​រីករាយ​នៅ​ពេល​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​បរិវេណ​វត្ត ក្នុង​ក្តី​រំពឹង​ថ្ងៃក្រោយ​ពេល​ដែល​សំបូរ​ដើមឈើ​ក្នុង​ទី​អារាម ព្រោះថា នៅ​ពេល​ថ្ងៃ​ដើមឈើ​បញ្ចេញ​នូវ​អុក​ស៊ី​សែន នៅ​ពេល​យប់​ដើមឈើ​បញ្ចេ​ញា​ជាតិ​ឧស្ម័ន​កាបូ​និក ។ 

លោក ចេ​ង ប៊ុ​ន​ណា​រ៉ា អភិបាលស្រុក​មេមត់ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ដើមឈើ​ដែល​ដាំ​នៅ​ក្នុង​បរិវេណ​វត្ត​ស្លា​នា​ឱកាស​នេះ នៅ​ថ្ងៃ​អនាគត​នឹង​ផ្តល់​អត្ត​ប្រយោជន៍​បង្កើត​ជា​ម្លប់ និង​គំរប​បៃតង​ស្រស់បំព្រង​នៅ​ក្នុង​វត្ត សូម​ឲ្យ​បងប្អូន​មេត្តា​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​ឡើង​នៅ​តាម​ភូមិឋាន និង​អង្គភាព​នានា​ឲ្យ​បាន​ច្រើន ហើយ​សុំ​កុំ​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់ ។ ម្យ៉ាងវិញទៀត គឺ​ថែម​ទាំង​ជួយ​ការពារ​ការ​កើន​កំ​ដៅ​នៃ​ភព​ផែនដី​បាន​មួយ​កំរិត​ថែម​ទៀត ហេតុ​ដូច្នេះ​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​ចេះ​ស្រលាញ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន ព្រៃឈើ​ក៏​ប្រភព​ទាក់ទាញ​ទឹកភ្លៀង​ផង​ដែរ ៕