ក្រពើ​រួច​ដោយ​សារ​ទឹក​ជំនន់​នៅ​ចិន ត្រូវ​អ្នក​ស្រុក​ចាប់​យក​មក​បំពង​លើ​ខ្ទះ

នា​ពេល​ថ្មីៗ​កន្លង​មក​នេះ ទឹក​ជំនន់​បាន​ជន់​លិច​យ៉ាង​ខ្លាំង ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​ចិន ជា​ពិសេស​គឺ​ខេត្ត Anhui តែម្ដង។ ​កម្រិត​ទឹក​បាន​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​វា​មិនមែន​ជា​អ្វី​ដែល​ប្រជាជន​ត្រូវ​ព្រួយបារម្ភ តែ​ម្យ៉ាង​នោះ​ទេ។ រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ព្រមាន​អ្នកស្រុក​ថា សត្វ​ក្រពើ​សរុប​ចំនួន ៩២ក្បាល បាន​រួច​ចេញ​ពី​កសិដ្ឋាន​មួយ​កន្លែង នា​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

 

ក្រពើ​រួច​ដោយ​សារ​ទឹក​ជំនន់​នៅ​ចិន ត្រូវ​អ្នក​ស្រុក​ចាប់​យក​មក​បំពង​លើ​ខ្ទះ

 

ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ធានា​ចំពោះ​សាធារណជន​ថា សត្វ​ក្រពើ​ជា​ច្រើន​ក្បាល​ត្រូវ​ចាប់​បាន​មក​វិញ​នោះ ពូជ​សត្វ​ក្រពើ​ចិន ឬ Yangtze ដែល​ជិត​ផុត​ពូជ​មួយ​ក្បាល បែរ​ត្រូវ​អ្នក​ស្រុក​ចាប់​បាន​យក​ទៅ​បំពង​ក្នុង​ខ្ទះ​ទៅវិញ។ វីដេអូ​មួយ​ខ្សែ​បង្ហាញ​ឲ្យ​ឃើញ​អ្នកស្រុក ខេត្ត Anhui ចំនួន៦នាក់ កំពុង​សម្លាប់ ពន្លាត់​ស្បែក និង​បំពង​សត្វ​ក្រពើ​នោះ ត្រូវ​បាន​ចែកចាយ និង​កំពុង​ល្បី​ខ្លាំង​លើ​បណ្ដាញ​សង្គម WeChat។

 

រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត ចំពោះ​ការ​សម្លាប់​សត្វ​ក្រពើ​ដែល​មាន​ប្រវែង ១ម៉ែត្រ និង​ជិត​ផុត​ពូជ​មួយ​ក្បាល​នោះ។ ក្រោយមក បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រុក​ទាំង៦​នាក់​ខាងលើ មាន​ឈ្មោះ​ថា Liang បាន​ចូល​ខ្លួន និង​សារភាព​ប្រាប់​ពី​ឈ្មោះ​បុរស​ចំនួន​៥នាក់​ផ្សេង​ទៀត​តែម្តង។

 

យោង​តាម​ច្បាប់​ថ្មី​ដែល​ការពារ​សត្វ​ជិត​ផុត​ពូជ​ពី​ការ​កាប់​សម្លាប់ និង​បរិភោគ បុរស​ទាំង​៦នាក់​ខាងលើ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់ ចំពោះ​ការ​ប្រមាញ់ និង​សម្លាប់​សត្វ​ក្រពើ​មួយ​ក្បាល​នោះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពូជ​សត្វ​ក្រពើ​ចិន ឬ Yangtze នេះ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ខ្លាំង ដោយ​បច្ចុប្បន្ន​នេះ​នៅ​សល់​ប្រមាណ​ជា ១២០ក្បាល​ប៉ុណ្ណោះ​ក្នុង​ពិភពលោក៕

 

ក្រពើ​រួច​ដោយ​សារ​ទឹក​ជំនន់​នៅ​ចិន ត្រូវ​អ្នក​ស្រុក​ចាប់​យក​មក​បំពង​លើ​ខ្ទះ

ក្រពើ​រួច​ដោយ​សារ​ទឹក​ជំនន់​នៅ​ចិន ត្រូវ​អ្នក​ស្រុក​ចាប់​យក​មក​បំពង​លើ​ខ្ទះ

ក្រពើ​រួច​ដោយ​សារ​ទឹក​ជំនន់​នៅ​ចិន ត្រូវ​អ្នក​ស្រុក​ចាប់​យក​មក​បំពង​លើ​ខ្ទះ

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist