យុវសិស្ស ៣​នាក់​បញ្ជាក់​​អត្ថន័យ​សរសេរ​លើ​អាវ​ពេល​ចប់​ការ​សិក្សា

ដើម្បី​ជា​អនុស្សាវរីយ៍ និង​ដើម្បី​មិត្តភាព​យូរ​អង្វែង សិស្សានុសិស្ស​មួយ​ចំនួន​បាន​ចំណាយ​អាវ​ដែល​ពួកគេ​ពាក់​រៀន​រាល់​ថ្ងៃ​ឲ្យ​​ទៅ​មិត្តភ័ក្ដិ​ខ្លួន​សរសេរ​នូវ​អ្វី​ដែល​គេ​ចង់​បន្សល់​ទុក បន្ទាប់​ពី​បញ្ចប់​ឆ្នាំ​សិក្សា។ ​​​​

 

បើ​តាម​កញ្ញា កង​ សុភា បាន​និយាយ​ថា​ រូប​គេ​ឱ្យ​មិត្តភ័ក្ដិ​សរសេរ​លើ​អាវ​បែប​នេះ​ដោយសារ​តែ​វា​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​រូប​គាត់​នៅ​សិក្សា​ ហើយ​ចង់​បន្សល់​ទុក​អាវ​ជា​នេះ​ការ​ចងចាំ​មួយ​ដ៏​ល្អ​ និង​សម្រាប់​មិត្តភាព​ដ៏​យូរ​អង្វែង​។ “វា​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ពួក​យើង​នៅ​សាលា​ជាមួយ​គ្នា​ ចឹង​ខ្ញុំ​ទុក​វា​ជា​ការ​ចងចាំ​មួយ​សម្រាប់​មិត្តភាព​របស់​ពូក​យើង​…វា​អាច​រក្សា​ការ​ទំនាក់​ទំនង​របស់​ពួក​យើង​បាន​”។ សម្ដី​កញ្ញា​ សុភា។

 

យុវសិស្ស ៣​នាក់​បញ្ជាក់​​អត្ថន័យ​សរសេរ​លើ​អាវ​ពេល​ចប់​ការ​សិក្សាកញ្ញា កង​ សុភា

 

កញ្ញា​ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​រូប​នេះ​​បាន​បន្ត​ទៀត​ថា អាវ​របស់​នាង​ នាង​បាន​រក្សា​ទុក​ក្នុង​ទូ​ខោ​អាវ ហើយ​ពេល​ដែល​នាង​យក​ចេញ​មក​ម្ដងៗ នាង​រំភើប​ដោយ​លាយ​នឹង​សើច​ផង។ កញ្ញា​សុភា​ប្រាប់​ថា៖ “បាន​យក​ចេញ​កាល​ពី​ម្សិល​…ពេល​ឃើញ​ខ្ញុំ​ញញឹម​ ហើយ​ពេល​ខ្លះ​សើច​ដោយសារ​អត្ថន័យ…”។

 

បើ​តាម​យុវ​សិស្ស​ លីម​ សុភត្រា​ ក៏​បាន​លើក​ឡើង​ថា​ ការ​ធ្វើ​បែប​នេះ​ដោយសារ​តែ​ចង់​ទុក​ជា​អនុស្សាវរីយ៍ ហើយ​គាត់​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​បែប​នេះ​សប្បាយ។ យុវ​សិស្ស​ សុភត្រា​ ប្រាប់​ថា ៖ “…ព្រោះ​គេ​ចង់​ទុក​ជា​អនុស្សាវរីយ​ …មាន​អារម្មណ៍​ថា​ សប្បាយ​លាយឡំ​នឹង​ការ​កើត​ទុក្ខ ព្រោះ​យើង​មិន​ប្រាកដ​ថា​ ពេល​បែក​គ្នា​ទៅ​យើង​នឹង​បាន​ជួប​គ្នា​ទៀត​ទេ​ ការ​ធ្វើ​បែប​នេះ​អាច​ឱ្យ​យើង​ចងចាំ​នូវ​ភាព​សប្បាយៗ​របស់​ពួក​យើង​បាន​”។

 

យុវសិស្ស ៣​នាក់​បញ្ជាក់​​អត្ថន័យ​សរសេរ​លើ​អាវ​ពេល​ចប់​ការ​សិក្សាយុវ​សិស្ស​ លីម​ សុភត្រា​ (កំពុង​សរសេរ​លើ​អាវ​មិត្តភក្រ្ត)

 

យុវ​សិស្ស​រៀន​ថ្នាក់​ទី​១២ នៅ​ឯ​វិទ្យាល័យ​ឥន្ទ្រទេវី​រូប​នេះ​ ក៏​បន្ត​ទៀត​ថា​ ការ​ធ្វើ​បែបនេះ​មិន​ត្រូវ​បាន​អ្នក​ណា​ស្ដី​បន្ទោស​នោះ​ទេ​ ហើយ​ពេល​ដែល​យក​ចេញ​មក​ម្ដងៗ​ រូប​គេ​បាន​នឹង​ឃើញ​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​មិត្ត​របស់​គេ។ “អត់​មាន​អ្នក​ស្ដី​ឱ្យ​ទេ​ ព្រោះ​យើង​មិន​បាន​ធ្វើ​វា​រាល់ថ្ងៃ​ អាវ​យើង​អាច​ទិញ​ថ្មី​បាន​ តែ​អនុស្សាវរីយ៍​ យើង​មិន​អាច​យក​លុយ​ 5$ 6$ ទៅ​ទិញ​មក​បាន​ទេ​ តែ​វា​ផុត​ហើយ​ គឺ​ផុត​ហើយ​…ដាក់​ព្យួរ​ទុក​ នៅ​ក្នុង​បន្ទប់​…មាន​អារម្មណ៍​ថា​ នឹក​ពួក​គេ​ទាំង​អស់​គ្នា​”។ សម្ដី​របស់​ យុវ​សិស្ស សុភត្រា។

 

មិន​ខុស​គ្នា​នេះ​ដែរ យុវតី​ ប៉ិល លក្ខិណា បាន​ប្រាប់​មក ​Sabay​ ថា រូប​គេ​ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​មាន​អនុស្សាវរីយ៍​ជាមួយ​មិត្ត​របស់​គេ​ ដែល​បាន​សិក្សា​ជាមួយ​គ្នា​អស់​១២​ឆ្នាំ​មក​ហើយ។ “ចាស! បើ​និយាយ​ពី​រឿង​ហ្នឹង​ដូចជា​មាន​ការ​កក្រើក ឥឡូវ​មាន​ទាំង​ការ​រិះ​គុណ​និង​សរសើរ​ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ការ​ធ្វើ​បែប​ហ្នឹង​គ្រាន់​តែ​ចង់​មាន​អនុស្សាវរីយ៍​ជាមួយ​មិត្តភ័ក្ដិ​ខ្ញុំ​រយៈពេល​១២​ឆ្នាំ​ រៀន​ជាមួយ​គ្នា​ហើយ​ពេល​បញ្ចប់​ High School​(វិទ្យាល័យ​) គ្រាន់​តែ​ធ្វើ​បែប​ហ្នឹង​មាន​អី​ខុស​ ខ្ញុំ​យល់​ថា​ល្អ​ហើយ​អាវ​ពាក់​១​ឆ្នាំ​ក៏​ចាស់​អស់​ ហើយ​ប្រសើរ​ជាង​ទុក​ចោល​… គាត់​គិត​ថា​ខ្ញុំ​ធំ​ហើយ​ធ្វើ​អី​មាន​មូលហេតុ​ ហើយ​គិត​រឿង​បរិច្ចាគ​ ខ្ញុំ​ថា​ក៏​បរិច្ចាគ​មិន​កើត​”។ សម្ដី​ យុវតី​ លក្ខិណា។

 

យុវសិស្ស ៣​នាក់​បញ្ជាក់​​អត្ថន័យ​សរសេរ​លើ​អាវ​ពេល​ចប់​ការ​សិក្សាយុវតី​ ប៉ិល លក្ខិណា (រូប​ខាងស្ដាំ)

 

យុវតី​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​សិលា​មាស រូប​នេះ​ក៏​បន្ត​ទៀត​ថា​ អាវ​របស់​គេ​បាន​រក្សា​ទុក​យ៉ាង​ស្អាត​ តែ​យ៉ាង​ណា​មិញ រាល់​ពេល​ដែល​នាង​យក​អាវ​ចេញ​ម្ដងៗ​ នាង​សប្បាយ​ហើយ​ចង់​ត្រឡប់​ទៅ​រក​ពេល​ហ្នឹង​វិញ។ យុវតី​ លក្ខិណា៖ “បោក​ហើយ​ព្យួរ​ត្រឹមត្រូវ​…ចាស! ពេល​នឹក​ពួក​គាត់​ ចង់​ត្រលប់​ទៅ​ពេល​ដ៏​សប្បាយ​ហ្នឹង​វិញ​”។

 

តើ​អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ណា​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​ការ​ធ្វើ​បែប​នេះ?

 

អត្ថបទ៖ នួន ចាន់លីហួត