​លោក​សម រង្ស៊ី បញ្ជាក់ថា មាន​គេ​ព្យាយាម​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មិន​សម្រេច​ឡើយ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​គូបដិបក្ខ​របស់ខ្លួន គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន ព្យាយាម​បំបែកបំបាក់​តាមច្រើន​រូ​ប​ភាព​ច្រើនលើកច្រើនសា​មកហើយ តែ​មិនបាន​សម្រេច​ឡើយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សាមគ្គីភាព និង​គោលនយោបាយ​ច្បាស់លាស់​។​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចុះបញ្ចូល​លោក និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​។ លោក សម រង្ស៊ី បាន​រំលឹកថា កាលពី​ឆ្នាំ ២០១៥ លោក ហ៊ុន សែន បានមក​និយាយ​ជាមួយ​លោក​ដោយ​និយាយថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ទាំងពីរ​នាក់​អាច​ធ្វើការ​ជាមួយគ្នា​បាន ប៉ុន្តែ​លោក ហ៊ុន សែន មិន​ចង់​ធ្វើការ​ជាមួយ​លោក កឹម សុខា ទេ​។ តែ​ការបញ្ចុះ​បញ្ចូល​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចែកផ្លូវ​គ្នា​ត្រូវ​លោក សម រង្ស៊ី បដិសេធ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា រូបលោក និង​លោក កឹម សុខា ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ដៃគូ​ស្លា​ប់រស់ ដូចនេះ​រូបលោក និង​លោក កឹម សុខា មិនអាច​បែក​គ្នា​បានទេ ផ្ទុយទៅវិញ​មានតែ​ពង្រឹង​សាមគ្គីភាព​គ្នា​ឲ្យ​បាន​រឹងមាំ​ដើម្បី​សម្រេចបាន​បេសកកម្ម​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់​ជា​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​អាច​សង្គ្រោះ​ជាតិ​បាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់​កាលពីពេល​កន្លងមក​ដែរ​ថា​ចាប់តាំងពី​លោក​បាន​ចូលរួម​នយោបាយ​ក្នុង​ឆ្នាំ ១៩៩២ លោក​តែងតែ​ទទួលរង​ការប្រព្រឹត្ត​អាក្រក់​ធ្វើទុក្ខបុកម្នេញ​មកលើ​រូបលោក​រហូតមកដល់​ឥឡូវនេះ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ទោះយ៉ាងណា​ក្តី​លោក​នៅតែ​សង្ឃឹមថា​ខ្មែរ​ទាំងអស់​គឺ​នៅតែ​ជា​ខ្មែរ​ដដែល​ហើយ​ខ្មែរ​នៅ​ថ្ងៃ​ណាមួយ​នឹង​គិត​អំពី​ខ្មែរ​ទាំងអស់គ្នា​ហើយ​ខ្មែរ​ត្រូវតែ​ធ្វើ​អ្វីមួយ​សម្រាប់​ខ្មែរ​ដោយ​មិនត្រូវ​ផ្តល់ឱកាស​ដល់​បរទេស​កេងចំណេញ​ពី​ខ្មែរ​ទៀតឡើយ​៕

cnrp-855 SRtoday_