ជា ស្រួច ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ មក​ភ្នំពេញ​សង្ឃឹម​មាន​អ្នក​ជួយ​រក​ការងារ​អាច​ចិញ្ចឹម​ក្រពះ

“ខ្ញុំ​គ្រុន​ចាញ់ ពេល​ទៅ​រកស៊ី​ឈើ​នៅ​ស្ទឹងត្រែង… ពេល​ឈឺ​អត់​លុយ មាន​តែ​ឡើង​មក​ភ្នំពេញ ​បាន​អេ ភូថង ​ជួយ។ អា​ឡូវ​បាន​ធូរ​ហើយ ចង់​រក​ការងារ​ធ្វើ​ខ្លះ​ក្រែង​បាន​លុយ​ចាយ​ខ្លួន​ឯង ​សង្ឃឹម​ថា​បងប្អូន​មាន​ការងារ​អី​ដែល​អតីត​អ្នក​ប្រដាល់​ដូច​ខ្ញុំ​ធ្វើ​បាន ជួយ​ប្រាប់​ខ្ញុំ​ផង”។ សម្ដី​របស់ ជា ស្រួច។

 

ជា ស្រួច ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ មក​ភ្នំពេញ​សង្ឃឹម​មាន​អ្នក​ជួយ​រក​ការងារ​អាច​ចិញ្ចឹម​ក្រពះ

 ជា ស្រួច ​រូបថត​ពេល​ថត​កុន​រឿង បេះដូងអ្នកប្រដាល់

 

បន្ទាប់​ពី​បាត់​មុខ​ពី​វិស័យ​ប្រដាល់​ដោយសារ​តែ​ខ្មាសគេ​រឿង​ប្រពន្ធ អតីត​កីឡាករ​ជើង​ខ្លាំង ជា ស្រួច ​បាន​ប្រើ​ជីវិត​រសាត់​អណ្ដែត​​នៅ​​ជាយ​ដែន រុញ​រទេះ ​ធ្វើ​សំណង់ ​និង​ធ្លាក់​ដល់​ទៅ​រកស៊ី​កាប់​ឈើ​នៅ​តាម​ដង​ភ្នំ​នា​ខេត្ត​ស្ទឹងត្រែង ដើម្បី​តែ​បាន​ប្រាក់​មក​ចិញ្ចឹម​ក្រពះ។ ដោយសារ​តែ​វ័យ​កាន់​តែ​ចាស់ ​ចាញ់​ទឹក​ចាញ់​ដី​ផង ​ជា ស្រួច ​បាន​ធ្លាក់​ខ្លួន​ឈឺ ដោយមាន​ជំងឺ​គ្រុន​ចាញ់ ហើយ​គ្មាន​ប្រាក់​មក​ព្យាបាល​គ្រប់គ្រាន់​ទេ ទើប​សម្រេច​មក​ពឹង​មិត្ត អេ ភូថង នៅ​ភ្នំពេញ​នេះ។

 

ដោយសារ​តែ​ជីវិត​វេទនា​ដូច​រៀបរាប់​ខាង​លើ​នេះ​ហើយ ទើប​បច្ចុប្បន្ន​នេះ រូប​លោក​ស្នាក់​នៅ​ផ្ទះ​ជួល​របស់ អេ ភូថង ​សិន ​ហើយ​រំពឹង​ថា​នឹង​រក​បាន​ការងារ​ធ្វើ​ខ្លះ ដែល​សមរម្យ​និង​ត្រូវ​សមត្ថភាព​របស់​ខ្លួន។ ” មនុស្ស​ដូច​ពូ មាន​តែ​ធ្វើ​អាជ្ញាកណ្ដាល​ប្រដាល់ គ្រូ​បង្វឹក ​និង​ស្អី​ៗ​ទាក់ទង​និង​វិស័យ​ប្រដាល់​និង​ហើយ ព្រោះ​យើង​មាន​ជំនាញ​នេះ​ស្រាប់… អរគុណ​ហើយ​អូន ដែល​ជួយ​សួរ​នាំ​ពូ ហើយ​ក៏​អរគុណ​អ្នក​ដែល​បាន​ជួយ​ពូ​ដែរ”។

 

អតីត​តារា​សម្ដែង​ក្នុង​រឿង បេះដូង​អ្នក​ប្រដាល់​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​តាំង​ពី​ឡើង​មក​ភ្នំពេញ​មក មាន​បងប្អូន​ជា​ច្រើន​បាន​ទិញ​របស់របរ​ផ្សេង​ៗ​មក​ជួយ​ដែរ ហើយ​ខ្លះ​ក៏​បាន​ផ្ដល់​ជា​លុយ​កាក​តិចតួច​។ ​ជា​ចុង​ក្រោយ ជា ស្រួច ​មាន​តែ​ពាក្យ​មួយ​មាត់​ទេ ដើម្បី​ផ្ញើ​ជូន​បងប្អូន​ទាំង​អស់​គឺ ​បើ​មាន​ការងារ​អ្វី​អាច​ឱ្យ​លោក​ធ្វើ​បាន សូម​ប្រាប់​លោក​ផង៕

 

អត្ថបទ៖ មុន្នី រម្យ